កីឡាករ វឿន វាសនា បាន​ផ្តល់​បទសម្ភាសន៍​ជា​មួយ​សាព័ត៌មានមុន​​​ចេញ​ទៅ​បោះ​ជំ​រំហ្វឹក​ហាត់​នៅ​ចិនកាល​ពី​ពេល​ថ្មីៗ​នេះ ដើម្បីត្រៀមការប្រកួតកីឡាអាស៊ី(Asian Games) លើកទី១៩ នៅទីក្រុង Hangzhou នាខែក្រោយ ថា៖ «ខ្ញុំរំពឹង ក្រៅពីការខំប្រឹងហ្វឹកហាត់កន្លងមក គួបផ្សំការចេញទៅហាត់ ១ខែមុនការប្រកួតនៅចិននេះ យើងនឹងហ្វឹកហាត់ដិតដល់ក្នុងក្រុម ដើម្បី​ទទួល​បាន​លទ្ធផល​ល្អ​ក្នុង​ការ​ប្រកួត​កីឡាអាស៊ី» ។

កីឡាករវ័យ២២ឆ្នាំរូបនេះ បាន​បន្តថា៖«សម្រាប់ខ្ញុំ គឺមានការប្ដេជ្ញាចិត្តខ្ពស់ខ្លាំងមែនទែន សម្រាប់​កីឡា​អាស៊ី លើកទី១៩ នេះ ព្រោះខ្ញុំសង្ឃឹមថា ពួកយើងនឹងអាចកសាងប្រវត្តិសាស្ដ្រមួយទៀត សម្រាប់​ការ​ប្រកួតអន្ដរជាតិ ដែលមានការចូលរួមពីច្រើនប្រទេស។ ជាការពិត យើងត្រូវការជ័យជម្នះ ពិសេសការប្រកួតក្នុងពូល ដើម្បីឡើងទៅវគ្គបន្ដ ។ ប៉ុន្ដែប្រសិនបើពួកយើងពុំទទួលបានលទ្ធផលល្អ វាក៏ជាឱកាសល្អមួយ ដែលយើងបានចូលរួមព្រឹត្តិការណ៍ដ៏ធំលើកដំបូងនេះដែរ»។

ជុំវិញការ​ប្រកួត​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ប្រទេស​ចិន លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​បាល់ទះ​កម្ពុជា​ បាន​លើក​ឡើង​ថា៖ «នេះ​គឺជា​ព្រឹត្តិការណ៍​ថ្មី និង​ជា​ប្រវត្តិ​សាស្រ្ត​របស់​កម្ពុជា ក្នុង​វិញ្ញាសារបាល់ទះ អស់​រយ:ពេល ៥០ឆ្នាំ ដែល​មិន​ដែល​បង្ហាញ​ខ្លួន​នៅ​ក្នុង​ពាន​មួយ​នេះ ទន្ទឹម​នឹង​ការ​ចូល​រួម​ប្រកួតនៅ Asian Games លើកនេះ មិនមែនទៅដកស្រង់ បទ​ពិសោធន៍ទៀតទេ គឺ​ដើម្បី​បង្ហាញ​ពី​កេត្យានុភាព​ជាតិ រួម​ជា​មួយ​ស្នាដៃ​របស់​អត្តពលិក​បាល់ទះ​កម្ពុជា»។​

​ក្រុម​បាល់ទះ​ក្នុង​សាល​បុរស​កម្ពុជា ស្ថិត​ក្នុង​ពូល​ Cជាមួយ​យក្ស​ឥណ្ឌា និង​កូរ៉េខាងត្បូង ខណៈ​ការ​ប្រកួត​នឹង​ចាប់​ដំណើរការ​នៅ​ខែ​ក្រោម​នេះ ​នៃ​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ប្រទេស​ចិន (2022 Asian Games)។

សម្រាប់​កម្មវិធី​ប្រកួតក្នុង​ពូល C ដែលមាន​កម្ពុជា ឥណ្ឌា និង​កូរ៉េខាងត្បូង មាន៖

  • ថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣៖ ឥណ្ឌា ប៉ះ កម្ពុជា ទីលាន China Textile City Sports Centre Gymnasium ម៉ោង៦ល្ងាច
  • ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣៖ កូរ៉េខាងត្បូង ប៉ះ ឥណ្ឌា ទីលាន Linping Sports Centre Gymnasium ម៉ោង​៦ល្ងាច
  • ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣៖ កម្ពុជា ប៉ះ កូរ៉េខាងត្បូង ទីលាន Linping Sports Centre Gymnasium ម៉ោង​២:៣០​នាទី

*ម៉ោងនៅខេត្ត Zhejiang លើស​ម៉ោង​នៅ​កម្ពុជា ១ម៉ោង

ព្រឹត្តិការណ៍ Asian Games រៀបចំ​ឡើង​ដំបូង​នៅ​ឆ្នាំ​១៩៥១ ស្រប​ពេល​ដែល​វិញ្ញាសា​បាល់ទះ​បាន​ដាក់​ឱ្យ​ប្រកួត​ប្រជែង​ពី​ឆ្នាំ​​១៩៥៨។ សម្រាប់​កម្ពុជា នេះ​ជា​លើក​ទី៣​ហើយ​ដែល​បញ្ជូន​ក្រុម​បាល់ទះ​បុរស​ទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ Asian Games ដោយ​លើក​ទី១ នៅ​ឆ្នាំ​​១៩៦២ ដែល​ប្រទេស​ឥណ្ឌូណេស៊ី ធ្វើ​ជា​ម្ចាស់​ផ្ទះ ដោយ​ឈរ​លេខ​៧។ ​លើក​ទី២ ក្នុង​ឆ្នាំ​១៩៧០ ដែល​ប្រទេស​ថៃ ទទួល​ធ្វើ​ម្ចាស់​ផ្ទះ​កម្ពុជា ទទួល​បាន​ចំណាត់​ថ្នាក់​លេខ៤ ស្រប​ពេល​ដែល​មេដាយ​មាស​បាន​ទៅ​​ជប៉ុន មេដាយ​ប្រាក់​បាន​ទៅ​កូរ៉េខាងត្បូង និង​មេដាយ​សំរឹទ្ធិ​បាន​ទៅ​ចិន៕

Share.