បុរសសង្ហាលោកនីកូ តារាចម្រៀងប្រចាំផលិតកម្មហង្សមាសដែលទើបតែចេញបទចម្រៀងបែបយុវវ័យថ្មីចង្វាក់សប្បាយៗប៉ុន្តែបានច្នៃបង្កាប់នូវព្រលឹងសិល្បៈនិងវប្បធម៌ជាតិខ្មែរទៅក្នុងនោះគួរឱ្យសរសើរ។ ក្រោយពីមើលឃើញពីសន្ទុះនៃការគាំទ្រនិងកោតសរសើរបទតាក់ទូងរបស់លោកនីកូពីសំណាក់មជ្ឈដ្ឋានមហាជនក៏ដូចជាអ្នកគាំទ្រហើយនោះក្រុមការងារសិល្បៈកម្សាន្តត្រយងបានធ្វើការទំនាក់ទំនងទៅកាន់លោកដើម្បីធ្វើការសម្ភាសន៍ពីចំណាប់អារម្មណ៍របស់តារាចម្រៀងរូបនេះ។

លោកនីកូបានឱ្យដឹងថាបទតាក់ទូងនេះលោកបាននិពន្ធតាំងពី៥ខែមុនមកម្ល៉េះដើម្បីត្រៀមចូលឆ្នាំខ្មែរ។ ចំណែកការរៀបចំថតវិញលោកបានថតនេះចប់រួចរាល់ជាង២ខែមកហើយដោយសារតែបទនេះប្រើប្រាស់ប្លង់ច្រើន Prop ច្រើន ចំណែកឈុតវិញរហូតដល់២០ឈុត ដើម្បីសម្រិតសម្រាំងឲ្យបានស្នាដៃល្អមួយ លោកបានចំណាយពេលរហូតដល់ទៅ៣ថ្ងៃទម្រាំថតចប់ចម្រៀងមួយនេះ។

អ្នកកំលោះវ័យក្មេងមានសមត្ថភាពពហុជំនាញរូបនេះបានឱ្យដឹងដែរថាបទចម្រៀងថ្មីរបស់លោកក្រៅក្នុងនោះក៏មានបញ្ចូលនៅរូបភាពជាច្រើនដូចជាស្គរខ្មែរជាច្រើនប្រភេទ ដូចជា ស្គរជ័យ ស្គរធំ ស្គរសម្ភោរ ស្គរដៃ ស្គរឆៃយ៉ាំ និងស្គរយីកេ ក្នុងនោះក៏មាននាគខ្មែរ តំណាងស្ថាបត្យកម្មនិងសំណង់ដែលជាជំនឿរបស់ដូនតាខ្មែរ ស្លឹកត្នោត និងមួកត្នោត គោមខ្មែរ fontអក្សរខ្មែរ លំនាំពី ស្លឹករឹត ឈុតក្រមា ឈុតហូល ការបញ្ចុះសន្លឹកមាស ត្បូងកណ្តៀង ជាដើម។

នៅពេលអ្នកសារព័ត៌មានសាកសួរពាក់ព័ន្ធនឹងមតិរិះគន់មួយចំនួនដែលអាចនឹងកើតមានឡើងដោយសារតែលោក Mix បញ្ចូលបទចម្រៀងញាក់ជាមួយនឹងសិល្បៈវប្បធម៌បុរាណ ម្ចាស់បទតាក់ទូងក៏បានបញ្ជាក់ដែរថាលោកបទចម្រៀងរបស់លោកទាំងអស់ មិនថាបទញាក់ បទស្លូលោកតែងតែបញ្ចូលនៅរូបភាពជាប្រយោជន៍ មិនតិចក៏ច្រើនដែរ សំខាន់ត្រង់ការគោរពអោយតម្លៃនិងមិនធ្វើអ្វីមួយអោយលើសលួស។មួយវិញទៀតគ្រួសារលោកសុទ្ធសឹងជាអ្នកសិល្បៈផ្នែកវប្បធម៌ អញ្ចឹងហើយមុនពេលសំរេចបញ្ចូលអ្វីមួយ តែងមានការពិភាក្សាពីក្រុមគ្រួសារ សាស្រ្តាចារ្យ និងអ្នកជំនាញជានិច្ច។
ក្នុងនាមជាសិល្បកររៀមច្បងដែលមានបទពិសោធច្រើនឆ្នាំក្នុងរង្វង់សិល្បៈលោក នីកូក៏បានចែករំលែកនូវគំនិតដល់ប្អូនៗជំនាន់ក្រោយដែលមានក្ដីស្រមៃចង់ក្លាយជាតារាចម្រៀងដូចលោកថា « មុនចង់ក្លាយជា អ្នកសិល្បះត្រូវស្គាល់ខ្លួនឯងអោយច្បាស់ វិន័យការគោរពជារឿងសំខាន់ »
ជាចុងក្រោយលោក នីកូ ក៏បានបួងសួងឱ្យបងប្អូនប្រជាពលរដ្ឋកម្ពុជាមានក្ដីសុខសុវត្ថិភាពប្រុងប្រយ័ត្នខ្ពស់ព្រោះថាជំងឺនេះ ងាយនឹងឆ្លង សូមបងប្អូនចូលរួមទាំងអស់គ្នាដើម្បីប្រទេសនិងពិភពលោកត្រលប់ទៅរកភាពស្រស់ស្អាតឡើងវិញ។
