បុរសម្នាក់ត្រូវសមត្ថកិច្ចចាប់ខ្លួនក្រោយពីកាប់ទៅលើស្ត្រីម្នាក់បណ្តាលឲ្យរងរបួសដោយសារខឹងរឿងចាក់ភ្លេងឮខ្លាំងរំខាន។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី នៅចំណុច សាលាឆទានស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល។

យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឌិក ស្រីណែត ភេទស្រី អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរមេផ្ទះ មានទីលំនៅភូមិចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ចំណែកជនសង្ស័យមានឈ្មោះពេជ្រ ចំរើន ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិចេក សង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅថ្ងៃទី០៣ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង ១៨:៣០នាទី ពេល ជនរងគ្រោះកំពុងជិះម៉ូតូចេញពីផ្ទះ សំដៅទៅផ្សារដើម្បីទិញម្ហូប លុះពេលជិះដល់ចំណុចសាលាឆទានស្ថិតនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្ដាល ក៏ឃើញឈ្មោះ ពេជ្រ ចំរើន ជិះម៉ូតូតាមពីក្រោយ។ បន្ទាប់មកក៏ឃើញជនសង្ស័យដួលម៉ូតូបម្រុងថាឈប់ជួយមើល ប៉ុន្តែមិនទាន់បានឈប់មើលផងស្រាប់តែឈ្មោះ ពេជ្រ ចិន្តា នោះកាន់កាំបិតប៉័ងតោ ស្ទុះមកដេញកាប់ជនរងគ្រោះតែម្ដង ដោយបានកាប់ត្រូវដៃមួយកាំបិត និងកាប់ខ្នងមួយកាំបិតប៉ុន្តែមានស្នាមរបួសស្រាល។ក្រោយមកជនរងគ្រោះក៏ជិះម៉ូតូមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលដើមមៀនដើម្បីសមត្ថកិច្ចចាត់ការតាមនីតិវិធី។

លុះមកដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ សមត្ថកិច្ចប៉ុស្តិ៍ដើមមៀនឃាត់ខ្លួនបានជនសង្ស័យយកមកសួរនាំ។

តាមការសាកសួរជនសង្ស័យបានឆ្លើយថា គាត់ពិតជាបានយកកាំបិតប៉័ងតោដេញកាប់ជនរងគ្រោះពិតប្រាកដមែន តែមិនត្រូវ។ មូលហេតុដោយសារជនសង្ស័យខឹងជនរងគ្រោះចាក់ភ្លេងរំខានដល់ខ្លួនរហូតដល់យប់អធ្រាត្រ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ជាបណ្តោះអាសន្នដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.