សហព័ន្ធ​កីឡា​បាល់បោះ​អន្តរជាតិ (FIBA) បាន​ជូនដំណឹង​ពី​កាល​វិភាគ​ប្រែប្រួល​ថ្មី​នៃ​​ការ​ប្រកួត​​​ជើង​ឯក​បាល់បោះ​ប្រចាំ​ទ្វីប​អាស៊ី ជា​ពិសេស​គឺ​​ព្រឹត្តិការណ៍​ដណ្តើម​ជើង​ឯក​បាល់​បោះ​បុរស​​​ប្រចាំ​ទ្វីប​អាស៊ី 2021 FIBA Asia Cup ដោយ​លើក​ពេល​ទៅ​ធ្វើ​នៅ​ឆ្នាំ​២០២២ វិញ ព្រោះ​តែ​ស្ថានភាព​កូវីដ-១៩ នៅ​ប្រទេស​ឥណ្ឌូណេស៊ី ដែល​ជា​ម្ចាស់​ផ្ទះ​កំពុង​តែ​រីករាលដាល​ខ្លាំង។

បើតាម​លិខិត​ដែល​ចេញ​ផ្លូវការ​នៅ​ថ្ងៃ​សុក្រ នេះ​របស់ FIBA បញ្ជាក់​ថា​ការ​លើក​ពេល​ទៅ​ខែ​កក្កដា ឆ្នាំ​២០២២ នេះ​គឺ​ក្រោយ​ពេល​ទីផ្សារ​ចុះ​បញ្ជី​កីឡាករ​ប្រកួត FIBA Basketball World Cup Asia Qualifiers ដែល​ត្រៀម​ប្រកួត​ជម្រុះ​ប្រចាំ​ទ្វីប​រួចរាល់​ផង​ដែរ។

គិត​ត្រឹម​ពេល​នេះ​ពានរង្វាន់​បាល់បោះ​បុរស​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup រក​ឃើញ​ក្រុម​១៣​មុន​គេ ឡើង​ទៅ​រង់ចាំ​ ខណៈ​ក្រុម​ចំនួន​៦ ចែក​ជា​២ពូល​ផ្សេង​ទៀត ត្រូវ​ប្រកួត​ជម្រុះ​គ្នា​យក​៣ក្រុម​ឡើង​ទៅ​តាម​ក្រោយ ដោយ​ការ​ប្រកួត​ធ្វើ​ឡើង​នៅ សីហា ឆ្នាំ​២០២១។

ក្រុម​ដែល​មាន​ឈ្មោះ​ឡើង​ដូចជា៖
*ម្ចាស់​ផ្ទះ៖ឥណ្ឌូណេស៊ី
*ពូល A៖ ហ្វីលីពីន និង​កូរ៉េខាងត្បូង
*ពូល B៖ ចិន និង​ជប៉ុន
*ពូល C៖ អូស្ត្រាលី និង​នូវែលហ្សេឡង់
*ពូល D៖ លីបង់ និង​បារ៉ែន
*ពូល E៖ ស៊ីរី និង​អ៊ីរ៉ង់
*ពូល F៖ កាហ្សាក់ស្ថាន និង​​ហ្សកដានី

ដូច្នេះ​ក្រុម​ដែល​មាន​ចំណាត់​ថ្នាក់​លេខ៣ នៅ​តាម​ពូល​នីមួយៗ​ចំនួន​៦ក្រុម​ត្រូវ​បែងចែក​ជា​២ពូល ដោយ​​ស្វែង​រក​ក្រុម​ខ្លាំង​ចំនួន៣​​ក្រុម​មាន​ឈ្មោះ​ឡើង​ទៅ​បំពេញ​១៦ក្រុម ជាមួយ​ក្រុម​ទាំង​១៣​ដែល​កំពុង​រង់ចាំ។ វគ្គ​ជម្រុះ​នេះ​​គ្រោង​ធ្វើ​នៅ​ខែ​សីហា មាន​ដូចជា៖
ពូល A៖ ឥណ្ឌូណេស៊ី,តៃវ៉ាន់,ហ្គាម
ពូល B៖ ឥណ្ឌា,​អារ៉ាប៊ីសាអ៊ូឌីត,​ប៉ាឡេស្ទីន

ពានរង្វាន់​ជើង​ឯក​ប្រចាំ​ទ្វីប 2021 FIBA Asia Cup នឹង​ប្រកួត​នៅ​ចន្លោះ​ថ្ងៃ​ទី​១៦ ដល់​២៨​ខែ​សីហា ឆ្នាំ​២០២១​ខាង​មុខ ខណៈ​ពាន​នេះ​រៀបចំ​ឡើង​​រាល់២ឆ្នាំ​ម្តង គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៦០ មក​ម៉្លេះ ស្រប​ពេល​ក្រុម​​ចិន ឈ្នះ​ជើង​ឯក​បាន​១៦លើក ច្រើន​ជាង​គេ​ ហើយ​ហ្វីលីពីន ឈ្នះ​៥លើក អ៊ីរ៉ង់ ឈ្នះ​៣លើក កូរ៉េខាងត្បូង​និង​ជប៉ុន ឈ្នះ​ម្នាក់​២លើក និង​អូស្រ្ដាលី ឈ្នះ​១លើក ផង​ដែរ។

ការ​ផ្លាស់ប្តូរ​កាលវិភាគ​ប្រកួត​នេះ​ក៏​បូក​ជាមួយ​​ការ​ប្រកួត​៖
-បាល់បោះ​នារី​ជើង​ឯក​ប្រចាំ​ទ្វីប The FIBA Woman’s Asia Cup 2021 ឈុត A ធ្វើ​ឡើង​នៅ​ហ្សកដានី ពី​ថ្ងៃ​ទី​២៧ កញ្ញា ដល់​៣ តុលា ឆ្នាំ​២០២១
-បាល់បោះ​នារី​ជើង​ឯក​ប្រចាំ​ទ្វីប The FIBA Woman’s Asia Cup 2021 ឈុត B ធ្វើ​ឡើង​នៅ​ហ្សកដានី ពី​ថ្ងៃ​ទី​៧​ដល់​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២១

Telegram-Troryorng
Share.