សិល្បៈ​អន្តរជាតិន៖ កាល​ដើម​ខែកក្កដា ឆ្នាំ​២០២៣​ កន្លង​មក​មាន​សេចក្ដី​រាយការណ៍​ថា​ភាពយន្ត​កូរ៉េ​ខាង​ត្បូង​ជាង​១០០​រឿង​ មិន​ចាក់​បញ្ចាំង​ដោយ​សារ​តែ​បញ្ហា​ដើម​ទុន​និង​ការ​ផលិត​ភាពយន្ត​ច្រៀន​ហូរហៀរ​ទីផ្សារ​ ទោះ​ជា​មាន​តារា​សម្ដែង​ល្បីៗ​​មាន​កេរ្តិ៍​ឈ្មោះ​បោះ​សំឡេង​មក​សម្ដែង​ក៏​មិន​អាច​ជួយ​បាន​ដែរ​។ ក្រុម​អ្នក​ផលិតបាន​ប៉ាន់​ប្រមាណ​ថា​​ឆ្នាំ​ក្រោយ​ឬ​ឆ្នាំ​២០២៤​ ការ​ផលិត​ភាពយន្ត​កូរ៉េ​នឹង​មាន​ការ​ថយ​ចុះ​មក​ត្រឹម​១ភាគ​៣​ ធៀប​នឹង​ការ​ផលិត​បច្ចុប្បន្ន​ អាស្រ័យ​ដោយ​សារ​កត្តា​ផលិត​ភាពយន្ត​មាន​ច្រើន​ហូរហៀរ​កាល​ពី​ពេល​កន្លង​មក​។

បញ្ហា​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ជា​ពិសេស​អ្នក​និយម​ចូលចិត្ត​ទស្សនា​ភាពយន្ត​កូរ៉េ​ចាប់​ផ្ដើម​ព្រួយ​បារម្ភ​ថា​រឿង​ភាគ​ថ្មីៗ​ដែល​មាន​គម្រោង​ថត​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​នេះ​ អាច​នឹង​ជួប​វិបត្តិ​នេះដែរ​​ឬ​អត់? ឧទាហរណ៍​ដូច​ជា​រឿង​ភាគ​បែប​ Fantasy លាយ​ឡំ​នឹង​មនោសញ្ចេតនា​ស្នេហា​ A Good Day To Be a Dog សម្ដែង​ដោយ​តារា​ប្រុស​រូប​សង្ហា​ Cha Eun Woo និង​តារា​សម្ដែង​ស្រី​ Park Gyu-Young ដែល​បាន​ថត​ចប់​តាំង​ពី​ដើម​ខែ​មេសា តើ​អាច​នឹង​ជួប​នឹង​វិបត្តិ​ដែរ​ទេ?

ថ្មីៗ​នេះ​អ្នក​គាំទ្រ​ហាក់​ធូរ​ទ្រូង​ដោយ​សារ​តែ​ទទួល​បាន​ដំណឹង​ថា​រឿង​ភាគ​ខាង​លើ​បាន​កំណត់​កាល​បរិច្ឆេទ​បញ្ចាំង​នៅ​ដើម​ខែ​តុលា​ខាង​មុខ​នេះ​នៅ​លើ​កញ្ចក់​ទូរទស្សន៍ MBC ដោយ​ការ​ចាក់​ផ្សាយ​នឹង​ធ្វើ​រឿង​នៅ​រៀងរាល់​ថ្ងៃ​ពុធ។

គួរ​ដឹង​ថា​ភាពយន្ត​ A Good Day To Be A Dog ​គឺជា​ភាពយន្ត​ភាគ​ជាស៊េរី​ប្រភេទ​រ៉ូមែនទិក​ បែប Fantasy ដែល​ដក​ស្រង់​ចេញ​ពី​ Webtoon ល្បី​ ដោយ​សាច់​រឿង​បរិយាយ​ពី​តួអង្គ​ស្រី​ឈ្មោះ​ Han Hae Na សម្ដែង​ដោយ​ Park Gyu-Young គឺជា​គ្រូ​បង្រៀន​ភាសា​កូរ៉េ​នៅវិទ្យាល័យ​ដែល​ប្រែក្លាយ​ជា​សត្វ​សុនខ​នៅ​ពេល​ដែល​នាង​ថើប​គ្នា​ ចំណែក​តួ​ឯក​ប្រុស Jin Seo Won សម្ដែង​ដោយ​ Cha Eun Woo គឺជា​គ្រូ​បង្រៀន​គណិត​វិទ្យា​នៅ​វិទ្យាល័យ​ដែល​​មាន​ជំងឺខ្លាច​សត្វសុនខ ដោយ​សារ​តែ​មាន​ស្រមោល​ខ្មៅ​​តាំង​ពី​តូច។

Share.