សិល្បៈ​អន្តរជាតិ៖ ក្រោយ​ប្រឡូក​ក្នុង​រង្វង់​សិល្បៈ​​ជិត​ ២០​ឆ្នាំ​ តារា​សម្ដែង​ស្រី​ Mai Davika ធ្លាក់​ឆ្លង​កាត់​ព្យុះ​ភ្លៀង​​​នៅ​ក្នុង​ជីវិត​តាំង​ពី​ថ្ងៃ​ដំបូង​រហូត​មាន​ឈ្មោះ​បោះ​សំឡេង​ និង​មាន​ការ​ទទួល​ស្គាល់​ពី​សំណាក់​អ្នក​គាំទ្រ​។ ក្រៅ​ពី​មាន​ជោគជ័យ​ក្នុង​ជីវិត​ការងារ​ហើយ​នោះ​ ជីវិត​ឯក​ជន​ពិសេស​ស្នេហា​ជាមួយ​នឹង​កំលោះ​ Ter Chantavit ក៏​កំពុង​រីកស្រស់​បំព្រង​ដូច​ផ្កា​ត្រូវ​ទឹក​សន្សើម​ រហូត​ស្រីស្អាត​រូប​នេះ​ព្រម​ទទួល​ស្គាល់​ថា​ខ្លួន​ចង់​មាន​គ្រួសារ​ ហើយ​កំពុង​តែ​រៀបចំ​គម្រោង​រឿង​រៀបការ​ហើយ​។ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​ពី​សមី​ខ្លួន​​នៅ​ក្នុង​កម្មវិធី​ WOODY FM។

ចូលរួម​ជជែក​និង​ឆ្លើយ​សំនួរ​ក្នុង​កម្មវិធី​របស់​​ពិធីករ​សំបូរ​វោហារ​ Woody តារា​សម្ដែង​និយម​លេង​ឆ្អឹង​កញ្ញា​ Mai Davika បាន​បើក​ទ្រូង​និយាយ​​ពី​រឿង​រ៉ាវ​ជីវិតនិង​ឧបសគ្គ​​ដែល​បាន​ជួប​ប្រទះ​ នា​ពេល​កន្លង​​ថា​មាន​ច្រើន​​ តែ​ក៏​ជួយ​ឱ្យ​បាន​ស្គាល់​ខ្លួន​ឯង​ ​ហើយ​ក៏​ចេះ​ប្រើ​​ពេល​វេលា​​មក​​គិត​ថា​ត្រូវ​និយាយ​អ្វី​ និយាយ​ទៅ​ត្រូវ​ឬអត់​ ព្រោះ​នៅ​ក្នុង​ការ​គិត​មហាជន​ រូប​កញ្ញា​​មាន​រូប​ភាព​ជា​តួឯក​ស្រី​ជាប់​ខ្លួន​ ដូច្នេះ​គ្រប់​យ៉ាង​ត្រូវ​គិត​ហើយ​គិត​ទៀត​។ ប៉ុន្តែ​ត្រូវ​អរគុណ​ដល់​សម័យ​បច្ចុប្បន្ន​ដែល​ធ្វើ​ឱ្យ​គ្រប់​យ៉ាង​មាន​ការ​ផ្លាស់ប្ដូរ​ គ្រប់​គ្នា​អាច​​ប្រើប្រាស់​ជីវិត​បែប​បើក​ចំហរ​បាន​ មិនចាំ​បាច់​ត្រូវ​លាក់​បាំង​ ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​រស់​នៅ​ជា​របៀបសំពត់​ក្នុង​ផ្នត់​ដូច​ពីមុន​។

ចំពោះ​ព័ត៌មាន​អាស្រូវ​មួយ​ចំនួន​​ដែល​ធ្លាប់​ជួប​ ​តារា​រូប​នេះ​បាន​ចែក​រំលែក​ឱ្យ​ដឹង​ថា​ខ្លួន​អាច​ឆ្លងកាត់​ទៅ​បាន​អាស្រ័យ​ដោយ​ការ​លើក​ទឹក​ចិត្ត​ និង​ផ្ដល់​កម្លាំង​ចិត្ត​ពី​មិត្តភក្ដិ និង​មនុស្ស​ជុំវិញ​ខ្លួន​។ ដូច្នេះ​នៅពេល​ឃើញ​ព័ត៌មាន​ មិន​ថា​រឿង​នោះ​យ៉ាង​ណា​នោះ​ទេ មិន​ថា​ជា​រឿងខុស​ឬត្រូវ​ សម្រាប់​កញ្ញា​គឺ​តែង​តែ​លើក​ទឹកចិត្ត​អ្នក​សិល្បៈ​ដូចគ្នា​ ជួនកាល​ថែម​ទាំង​ផ្ញើ​សារ​ទៅ​ដោយ​ផ្ទាល់​ថែម​ទៀត​។ កញ្ញា​ក៏​បាន​ប្រាប់​ដែរ​ថា​ កម្លាំង​ចិត្ត​ជា​កត្តា​សំខាន់​បំផុត​ គ្រប់​យ៉ាង​លើលោក​នេះ​គ្មាន​អ្វី​ដែល​ស្រួល​នោះ​ទេ មិន​ថា​ធ្លាប់​ជួប​ប៉ុន្មាន​ដង​ ១០ដង-៣០​ដង​។ សម្រាប់​កញ្ញា ​ទោះ​ជា​ធ្លាប់​ជួប​​បញ្ហា​ប៉ុន្មាន​ដង​ក៏​នៅ​តែ​មិន​អាច​ទម្លាប់​បាន​ដដែល​ ។ ជួប​ភ្លាម​ៗ​ជួប​ដំបូងៗ ​អ្នក​ណា​ៗ​ ក៏​វិលវល់​គិត​មិន​ចេញ​ដែរ​​»

សម្រាប់​ Mai រឿង Challenge បំផុត​ក្នុង​ជីវិត​គឺ​ការងារ​ ដោយ​​សារ​តែ​ឪពុក​ម្ដាយ​ចែក​ផ្លូវ​គ្នា​តាំង​ពី​អាយុ១០​ឆ្នាំ​ ហេតុ​នេះ​​កញ្ញា​ធំធាត់​ឡើង​ជាមួយ​នឹង​ការ​គិត​ថា​ការងារ​សំខាន់​បំផុត​ព្រោះវា​​ជួយ​ចិញ្ចឹម​កញ្ញា ចិញ្ចឹម​គ្រួសារ​ ដរាប​ណា​មាន​​ការងារ​ធ្វើ​ឱ្យ ​កញ្ញា​មាន​លុយ ​ដូច្នេះ​កញ្ញា​ចង់​មាន​ការងារ​មួយ​ដែល​មាន​លំនឹង​ ប៉ុន្តែ​ដោយ​សារ​កញ្ញា​មាន​អាជីព​ជា​តារា​ ដូច្នេះ​រឿង​​អាស្រូវ​ ​គឺជា​រឿង​មួយ​ដែល​ធ្វើ​ឱ្យ​​កង្វល់​ព្រោះ​បារម្ភ​ខ្លាច​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ការងារ ហើយ​ធ្វើ​ឱ្យ​បាត់​បង់​លុយ​ ព្រោះ​កញ្ញា​មិន​ត្រឹម​ចិញ្ចឹម​ខ្លួន​​​ឯង​តែ​ម្នាក់ប៉ុណ្ណោះ​ទេ​​ តែ​មាន​គ្រួសារ​ទាំង​មូល​ត្រូវ​មើល​ថែ​។

​បច្ចុប្បន្ន​ក្នុង​វ័យ ​៣២​ឆ្នាំ​ Mai Davika ទទួល​ស្គាល់​ថា​កញ្ញា​តែងតែ​គិត​ពីរឿង​​អនាគត​រហូត​មក​ គិត​ថា​តើ​គួរ​រៀបការ​នៅ​កន្លែង​ណា​ ស្លៀក​ឈុត​បែប​ណា​ តែ​​កញ្ញា​ក៏​ទទួល​ស្គាល់​ដែរថា​អនាគត​កញ្ញា​ផ្លាស់​ប្ដូរ​ជាប់​ជានិច្ច​ ឧទាហរណ៍​ដូច​ជា​ មាន​កូន​ក៏​បាន​ អត់​កូន​ក៏​បាន​ កញ្ញា​គិត​អស់​ហើយ​ កញ្ញា​ចង់​មាន​គ្រួសារ​ខ្លាំង​ណាស់។

សម្រាប់​គូស្នេហ៍​របស់​ខ្លួនអ្នក​កំលោះ​ពូកែ​កំប្លែង​ Ter Chantavit កញ្ញា​ទទួល​ស្គាល់​ថា​ពេល​នៅ​​ក្បែរមាន​អារម្មណ៍​ថា​ស្រណុក​ចិត្ត មាន​អារម្មណ៍​ថា​ចុះ​សម្រុង​គ្នា​ ជា​គូស្នេហ៍​ដ៏​សំបូរ​បែប​ ប៉ុន្តែ​រឿង​មួយ​ដែល​សង្សារកញ្ញា​មាន​តែ​​កញ្ញា​​មិន​មាន​នោះ​គឺ​ រឿង​យឺត​ ចំណែក​កញ្ញា​​លឿន​ ដូច្នេះ​ធ្វើ​ឱ្យ​ពេល​​នៅ​ជាមួយ​គ្នា​ក្លាយ​ជា​មាន​លំនឹង ព្រម​ទាំង​ទទួល​​អារម្មណ៍​ថា​មាន​​មនុស្ស​ម្នាក់​នេះ​ក្នុង​ជីវិត​ គឺ​ដូច​ជា​ជួយ​ជីវិត​​ ហើយ​ក៏​ជា​មនុស្ស​ម្នាក់​ដែល​ជួយ​ឱ្យ​ថ្ងៃ​ណា​មួយ​ដែល​មាន​អារម្មណ៍​ថាគ្រប់​យ៉ាង​ក្នុង​ជីវិត​ញាប់​​ពេក​រហូត​ដល់​វង្វេង​វង្វាន់​ គ្មាន​អ្នក​ជួយ​គិត​ ជួយ​ប្រឹក្សា​យោបល់​ ជួយ​ស្ដាប់​ ប៉ុន្តែ​មាន​មនុស្ស​ម្នាក់​នេះ​​ចូល​មក​ក្នុង​ជីវិត​ ចូល​មក​ស្ដាប់​គ្រប់​យ៉ាង​ កញ្ញា​ចាត់​ទុក​ថា​គូស្នេហ៍​ខ្លួន​ ​គឺជា​អ្នក​ស្ដាប់​ដ៏​ល្អ​ម្នាក់​។

ក្រោយ​ចូលរួម​ជា​ភ្ញៀវកិត្តិយស​ក្នុង​កម្មវិធី​នេះ​រួច​ ធ្វើ​ឱ្យ​គាំទ្រ​ Mai-Ter មាន​សង្ឃឹម​ក្នុង​ចិត្ត​ថា​តារា​ទាំង​ពីរ​ដួង​នេះ​អាច​នឹង​មាន​ដំណឹង​ល្អ​ឆាប់​ៗ​ ពិសេស​រូប​ភាព​ Ter លត់​ជង្គង់​សុំ​ Mai រៀបការ​ ដូច​ជា​គូស្នេហ៍​ប្រចាំ​ Channel 3 ដូច​ជា​គូ MK និង NY ដែល​បាន​លត់​ជង្គង់​សុំ​ខាង​ស្រី​រៀបការ​នា​ពេល​កន្លង​មក​៕

ប្រភព៖ mcot.net

Share.