ក្រុមបាល់ទះជម្រើសជាតិនារីថៃ គ្រងជើងឯកព្រឹត្តិការណ៍​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship ជាលើកទី៣ នៅលើកដីខ្លួន បន្ទាប់​ពី​យក​ឈ្នះ​ម្ចាស់​ជើង​ឯក​១៣ សម័យ​កាល ក្រុម​​​ជម្រើសជាតិ​នារីចិន នៅ​វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់​និង២ (២៥–២១, ២៥–២៧, ២៥–១៩, ២០–២៥, ១៦–១៤)។

មុន​ឡើង​ដល់​វគ្គ​ផ្ដាច់​ព្រ័ត្រ ប្រកួត​ក្នុង​ពូល​​ក្រុម​នារី​ថៃ យក​ឈ្នះកូរ៉េខាងត្បូង ៣សិតទល់និង០ និងឈ្នះវៀតណាម ៣សិតទល់និង១ ឡើង​វគ្គ​ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ជួន​ជប៉ុន ឈ្នះ ៣សិតទល់និង២ មុន​ឡើង​វគ្គ​ផ្ដាច់​ព្រ័ត្រ​ឈ្នះ​ក្រុម​នារី​ចិន។

រំលឹក​ដែរថា រំលង់​បាន​៤ខែ កាល​ព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣២ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ កាល​ពី​ខែឧសភា កន្លង​ទៅ ក្រុម​បាល់ទះ​នារី បាន​ឈ្នះ​មេដាយ​មាស បន្ទាប់​ពី​យក​ឈ្នះ ក្រុម​នារី​វៀតណាម វគ្គ​ផ្ដាច់​ព្រ័ត្រ ក្នុង​លទ្ធផល ៣សិតទល់​និង១។

ព្រឹត្តិការណ៍​​បាល់ទះ​ជើង​ឯកផ្នែកនារី​ប្រចាំ​ទ្វីប​អាស៊ី 2023 Asian Women’s Volleyball Championship ដែល​ថៃ​ធ្វើ​ជា​ម្ចាស់​ផ្ទះ មាន​១៤ប្រទេស​ចូល​រួម មាន៖ ថៃ, អូស្ត្រាលី, ម៉ូហ្គោលី, ជប៉ុន, អ៊ីរ៉ង់, ឥណ្ឌា, កូរ៉េខាងត្បូង, ចិនតៃប៉ិ, វៀតណាម, អ៊ូសបេគីស្ថាន, ចិន, កាហ្សាក់ស្ថាន, ហុងកុង និងហ្វីលីពីន។ ការប្រកួត​បាន​ចាប់​ផ្ដើម​ពី​ថ្ងៃទី៣០ ខែសីហា រហូត​ដល់​ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣។

ចំណាត់​ថ្នាក់ក្រុម​ទាំង១៤ ​មាន​ដូច​ខាង​ក្រោម៖

ក្រុមជើងឯក៖ ថៃ
ជើងឯករង៖ ចិន
លេខ៣៖ ជប៉ុន
លេខ៤៖ វៀតណាម
លេខ៥៖ កាហ្សាក់ស្ថាន
លេខ៦៖ កូរ៉េខាងត្បូង
លេខ៧៖ ឥណ្ឌា
លេខ៨៖ អូស្ត្រាលី
លេខ៩៖ ចិនតៃប៉ិ
លេខ១០៖ អ៊ីរ៉ង់
លេខ១១៖ ហុងកុង
លេខ១២៖ ម៉ូហ្គោលី
លេខ១៣៖ ហ្វីលីពីន
លេខ១៤៖ អ៊ូសបេគីស្ថាន

ខាងក្រោម​នេះ​ជាបញ្ជីឈ្មោះកីឡាការិនីដែល​ឈ្នះពាន​រួម​មាន៖

កីឡាការិនី Chatchu-on Moksri (THA) ឈ្នះពាន Most valuable player


កីឡាការិនី Pornpun Guedpard (THA) ឈ្នះពាន Best setter


កីឡាការិនី Yuki Nishikawa (JPN) និងកីឡាការិនី Wu Mengjie (CHN) ឈ្នះពាន Best outside spikers


កីឡាការិនី Thatdao Nuekjang (THA) និងកីឡាការិនី Yang Hanyu (CHN) ឈ្នះពាន Best middle blockers


កីឡាការិនី Zhou Yetong (CHN) ឈ្នះពាន Best opposite spiker


កីឡាការិនី Manami Kojima (JPN) ឈ្នះពាន Best libero

សម្រាប់​ការ​ប្រកួត​​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​អាស៊ីនេះ​ដែរ ២​ក្រុម​ដែល​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ពានរង្វាន់​នេះ និងលេខ៣ នឹង​មាន​ឈ្មោះ​​ទៅ​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​បាល់ទះផ្នែក​​នារីពានរង្វាន់​ជើង​ឯក​ពិភពលោក 2025 FIVB Volleyball Women’s World Championship ។

គួរ​បញ្ជាក់ថា ពានរង្វាន់​បាល់ទះ​ជើង​ឯក​ប្រចាំ​ទ្វីប​សម្រាប់​នារី នេះ​​រៀបចំ​រាល់​៤ឆ្នាំ​ម្តង ដោយ​ធ្វើ​ឡើង​ចាប់​ពី​ឆ្នាំ​១៩៧៥ ដល់​ឆ្នាំ១៩៨៧ ទើប​ចាប់​ផ្ដើម​រៀបចំ ២ឆ្នាំម្ដង ដោយ​ក្រុម​មាន​ក្រុម​ចូលរួម​ទាំង​តំបន់​អាស៊ី​​និង​ដែន​កោះ​មួយ​ចំនួន​ក្នុង​មហាសមុទ្រ​ប៉ាស៊ីហ្វិក ហើយ​ចិន ឈ្នះ​​ជើង​ឯក​បាន​ច្រើន​ជាង​គេ​គឺ​រហូត​ដល់​១៣​លើក (១៩៧៩, ១៩៨៧, ១៩៨៩, ១៩៩១, ១៩៩៣, ១៩៩៥, ១៩៩៧, ១៩៩៩, ២០០១, ២០០៣, ២០០៥, ២០១១, ២០១៥) ជប៉ុន ចំនួន ៥លើក (១៩៧៥, ១៩៨៣, ២០០៧, ២០១៧, ២០១៩) និងថៃ ចំនួន ២លើក (២០០៩, ២០១៣)៕

Share.