ស្វាយរៀង ៖ បុរសម្នាក់ផឹកស្រាស្រវឹង ដើរទៅដោះមងរកត្រីដាក់នៅស្រះទឹក ជាអកុសលក្រឡាប់ទូកត្នោត លង់លិចបាត់អស់មួយយប់ ក្រុមគ្រួសារស្វែងរកមិនឃើញ រហូតដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣នេះ អ្នកភូមិចុះរាវរកទើបប្រទះឃើញសាកសពលិចក្នុងទឹកស្រះ ស្ថិតនៅក្នុងភូមិស្វាយតឿ សង្កាត់ស្វាយតឿ ក្រុងស្វាយរៀង ខេត្តស្វាយរៀង។

សពជនរងគ្រោះមានឈ្មោះ ចាន់ រ៉ន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ។

បើតាមប្រជាពលរដ្ឋបានឱ្យដឹងថា មុនកើតហេតុ នាវេលាម៉ោង៥ល្ងាចថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីផឹកស្រាស្រវឹង ជនរងគ្រោះជិះទូកត្នោតទៅមើលមង ជាអកុសល ក្រឡាប់ទូក បណ្តាលឱ្យលង់លិចស្លាប់បាត់។

ក្រោយពីបាត់ខ្លួនជនរងគ្រោះ ក្រុមគ្រួសារ ព្យាយាមស្វែងរកតែមិនឃើញ លុះដល់ព្រឹកថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣ បងប្អូនប្រជាពលរដ្ឋ ក្រុមគ្រួសារបន្តស្វែងរក ដល់វេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃដដែល ទើបប្រទះឃើញសាកសព ហើយនាំគ្នាស្រង់ឡើងគោក ។

សពជនរងគ្រោះ ក្រោយពីសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ឃើញថាស្លាប់ដោយសារលង់ទឹក រួចប្រគល់ជូនក្រុមគ្រួសារចាត់ចែងយកទៅធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.