សមត្ថកិច្ចបានចាប់ខ្លួនស្ត្រីជាម្តាយម្នាក់ដែលបានជ្រមុជទឹកកូនខ្លួនឯងដែលទើបមានវ័យ៣ខែ ដោយសារតែខឹងនឹងប្តីរបស់ខ្លួន។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៧:៣០នាទី ចំណុច៖ ផ្ទះរបស់ជនសង្ស័យឈ្មោះ នៅ ស្រីណៃ ស្ថិតនៅ ភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។

ក្មេងរងគ្រោះឈ្មោះ រតនា វីសាល ភេទប្រុស អាយុ៣ខែ ២០ថ្ងៃ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មានទីលំនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ឪពុកឈ្មោះ នៅ រតនា អាយុ២០ឆ្នាំ មុខរបរ កម្មករលើកស្រាបៀរ និងម្តាយឈ្មោះ នៅ ស្រីណៃ អាយុ២៤ឆ្នាំ មុខរបរកសិករ។

ប្រភពពីសមត្ថកិច្ចបានឱ្យដឹង ស្ត្រីជាជនសង្ស័យឈ្មោះ នៅ ស្រីណៃ ភេទស្រី អាយុ២៤ឆ្នាំ សញ្ជាតិខ្មែរ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិ ឃុំកើតហេតុ ត្រូវជាម្ដាយបង្កើត របស់ក្មេងរងគ្រោះ។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា កន្លងមកជនរងគ្រោះ និងប្ដី ឪស្សាហ៍ឈ្លោះប្រកែកគ្នា ដោយខឹងប្ដីមានស្រីច្រើន។   នៅថ្ងៃទី០៨.០៩.២០២៣ ម៉ោង ០៧:០០នាទី ជនសង្ស័យ ដាក់កូនក្នុងអង្រឹងឲ្យដេក ហើយអង្គុយយោល រហូតដល់ប្ដីចេញទៅធ្វើការ និងម្ដាយក្មេកចេញទៅផ្សារបាត់អស់ ឃើញសភាពស្ងាត់ ជនសង្ស័យបានលើកបីទារកជាជនរងគ្រោះចេញពីអង្រឹងឫស្សី ដើរចូលទៅក្នុងបន្ទប់ទឹកក្នុងផ្ទះ ហើយយកក្បាលទារកជ្រមុជទឹកក្នុងធុងទឹកនោះ ទុកចោល រួចដើរទៅក្រៅផ្ទះធ្វើជាបោកខោអាវ រហូតដល់ម៉ោង ០៨:០០នាទី ម្ដាយក្មេកជនសង្ស័យមកដល់ឃើញទារកជនរងគ្រោះ នៅក្នុងធុងទឹកក៏ស្រែកឆោឡោ និងរាយការណ៍ជូនសមត្ថកិច្ច បន្ទាប់មកសមត្ថកិច្ចជំនាញមាន ជំនាញបច្ចេកទេសវិទ្យាសាស្ត្រនាយកដ្ឋាន និងកម្លាំងជំនាញ (CPU) កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកណ្ដាល កម្លាំងការិយាល័យនគរបាលបច្ចេកទេសវិទ្យាសាស្ត្រខេត្តកណ្ដាល កម្លាំងផ្នែកនគរបាលយុត្តិធម៌ស្រុកខ្សាច់កណ្ដាល និងប៉ុស្តិ៍រដ្ឋបាល បានចុះធ្វើកោសល្យវិច័យ ពិនិត្យកន្លែងកើតហេតុ ស្រាវជ្រាវរយៈពេល ០៥ម៉ោង រកឃើញជនសង្ស័យគឺជាម្ដាយបង្កើតទារកនេះ។

តាមការឆ្លើយសារភាពរបស់ជនសង្ស័យ ប្រាប់សមត្ថកិច្ចថា មូលហេតុដែលខ្លួនឈានដល់សម្លាប់កូនខ្លួនឯងនេះ ព្រោះខឹងនិងប្ដីខ្លួនមានស្រីច្រើន ។

ក្រោយឃាត់ខ្លួន សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្ដាល បន្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.