សិល្បៈអន្តរជាតិ៖ កំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយវីដេអូ Tiktok របស់ Miss Grand Ghana កញ្ញា Jimmy Kitavayvettalana ដែលមានឈ្មោះគណនីថា jmm.real_jimmy បានជួបឆ្លើយឆ្លងជាមួយនឹងតារាចម្រៀងថៃ Patcha ដោយអ្នកទាំងពីរបានប្រើភាសាខ្មែរជជែកគ្នាឡើងរអិល។
យោងតាមវីដេអូទាំងស្រុង តារាចម្រៀងថៃម្ចាស់បទ «ទេពភ្នែក៣» បានរៀបរាប់ថាជំរាបសួរ នាងខ្ញុំ Patcha ថ្ងៃនេះបានជួបជាមួយនឹងប្អូនស្រី Miss Grand តើជា Miss Grand អ្វីដែរ? ដោយកញ្ញា Jimmy បានឆ្លើយថា Ghana បន្តទៀតតារាចម្រៀងថៃរូបនេះបានលើកឡើងថា ប៉ុន្តែ Miss Grand Ghana អាចនិយាយភាសាពួកយើងបាន រួចអ្នកទាំងពីរក៏បានសន្ទនាជាភាសាខ្មែរដូចមាននៅក្នុងវីដេអូមុននេះស្រាប់។

តាមរយៈការស្រាវជ្រាវរបស់សារព័ត៌មានត្រយង ពីបណ្ដាញសារព័ត៌មានថៃ និងការរៀបរាប់ពីម្ចាស់ខ្លួន កញ្ញា Kitava- Yvettlana Fosuwaa- Amankwaa គឺជាកូនកាត់៣សាសន៍ ថៃ ហ្គាណា និងកម្ពុជា គឺជា Miss Grand ខេត្តក្រាក់ប៊ី ឆ្នាំ2023 ដែលត្រូវបានតែងតាំងជា Miss Grand Ghana 2023 ជាផ្លូវការ។ កូនកាត់បីសាសន៍រូបនេះបានឆ្លងកាត់ឧបសគ្គច្រើនដើម្បីដេញចាប់ក្ដីស្រមៃរបស់ខ្លួនលើវិថីប្រកួតសម្រស់ រហូតទីបំផុតកញ្ញាទទួលបានឱកាសពាក់មកុដជា Miss Grand Ghana 2023 បានក្លាយជាបវរកញ្ញាថៃមួយរូបទៀតបានពាក់ឈៀងតំណាងបវរកញ្ញាបរទេសលើវេទិកាប្រកួតលំដាប់អន្តរជាតិ Miss Grand International។
កញ្ញា Jimmy កើតនៅទីក្រុងបាងកក ប៉ុន្តែបានធំធាត់នៅខេត្តស្រះកែវ កញ្ញាកើតនៅក្នុងគ្រួសារជនជាតិថៃដែលមានខ្សែស្រឡាយខ្មែរ។ កញ្ញាគឺជាយុវតីម្នាក់ដែលមិនមានឱកាសបានសិក្សា ដែលធ្វើឱ្យកញ្ញាតែងតែចេញមកគាំទ្រនិងលើកកម្ពស់ការសិក្សាចំពោះយុវជនជំនាន់ក្រោយ។ កន្លងមកកញ្ញាតែងតែចេញមកជំរុញការសិក្សាឱ្យមានភាពស្មើគ្នារវាងអ្នមាននិងអ្នកក្រ។ សិក្សាជំនាញច្នៃម៉ូដបែប Fashion និងមានអាជីពជាអ្នកច្នៃម៉ូដ ជាបវរកញ្ញា ជាអ្នកម៉ូដែល ជាគ្រូបង្វឹកម៉ូដែល និងជាវាគ្មិន កញ្ញារូបនេះមានក្ដីប្រាថ្នាចង់ឱ្យខ្លួនក្លាយជាកម្លាំងចលករនិងគំរូឱ្យអ្នកតាមដានកញ្ញា ហ៊ានស្រមៃ និងជឿជាក់លើខ្លួនឯង។ ចំណែកតារាចម្រៀងថៃ Patcha វិញ នាពេលបច្ចុប្បន្ននេះគ្មានអ្នកណាមិនស្គាល់លោកនោះឡើយ ដោយលោកបានចេញចម្រៀងមួយបទ «អូមភាំង!សូមឱ្យមាន» កាលពីថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ កន្លងមកនៅលើ Youtube និងបណ្ដាញផ្សព្វផ្សាយនានា។

តារារូបនេះធ្លាប់ជាតារាចម្រៀងក្នុងក្រុមចម្រៀង Chanudom ដែលជាឈ្មោះកំណើតរបស់ខ្លួន ថ្វីត្បិតទទួលបានការពេញនិយមច្រើន ប៉ុន្តែប្រជាប្រិយភាពដែលទទួលបានមិនសូវជាគាប់ប្រសើរនោះឡើយ រហូតចុងក្រោយលោកបានចេញមកច្រៀងទោល ហើយបានចេញចម្រៀងជាបន្តបន្ទាប់ ទម្រាំតែឆក់បានដួងចិត្តអ្នកស្ដាប់និងគាំទ្រ តាមរយៈបទខាងលើ ជាបទចម្រៀងដែលល្បីល្បាញបំផុតនៅលើ TikTok និងមានអ្នកធ្វើត្រាប់តាមច្រើនសន្ធឹកសន្ធាប់។
ទស្សនាវីដេអូព័ត៌មានខាងក្រោម៖
