សមត្ថកិច្ចបង្ក្រាបអ្នកជួញដូរគ្រឿងញៀនចំនួនពីរនាក់ និងរូបអូសបានគ្រឿងញៀន ជាង៥០គីឡូក្រាម កាលពីថ្ងៃទី២០ ខែកក្កដា ២០២១។

ប្រភពពីសមត្ថកិច្ចបានឲ្យុដឹងថា កម្លាំងចម្រុះ រួមមានព្រះរាជាជ្ញារង នៃយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះស្រាវជ្រាវ និងឈានទៅចុះប្រតិបត្តិការបង្ក្រាប ក្រុមជួញដូរគ្រឿងញៀនដោយខុសច្បាប់ នៅចំណុចផ្សេងគ្នាជាបន្ដបន្ទាប់ និងចាប់បានជនសង្ស័យចំនួន២នាក់ផងដែរ។ 

ចំពោះទីតាំងទាំង៤កន្លែង ដែលសមត្ថកិច្ចបង្ក្រាបបានរួមមាន៖

  • ទី១ នៅចំណុច ផ្លូវលំ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ
  • ទី២ នៅចំណុច អតីតរោងចក្រទឹកដោះគោ លើផ្លូវជាតិលេខ៥ សង្កាត់ទួលសង្កែរ១ ខណ្ឌឬស្សីកែវ 
  • ទី៣ នៅចំណុចផ្ទះជួលលេខ១៣២៩ ផ្លូវ១០៣ ភូមិទួលថ្លាន់ សង្កាត់ទួលសង្កែ២ ខណ្ឌឬស្សីកែវ 
  • ទី៤ ផ្ទះដេ២ ផ្លូវបេតុង ភូមិក្រាំងធ្នង់ សង្កាត់ក្រាំងធ្នង់ ខណ្ឌសសែនសុខ រាជធានីភ្នំពេញ

យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងទៀតថា ជនសង្ស័យចំនួន ២នាក់ ដែលចាប់បាននោះ មានដូចជា៖

  • ១-ឈ្មោះ សាន ពិសិដ្ឋ ភេទប្រុស អាយុ ៣៧ ឆ្នាំ  ជនជាតិខ្មែរ
  • ២-ឈ្មោះ សុខ ពន្លក ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច បានបញ្ជាក់ថា វត្ថុតាងដែលរឹបអូសបានរួមមាន សារធាតុញៀនសរុប ៥០គីឡូក្រាម ២៨៦,៦៦ក្រាម-មេតំហ្វេតាមីន (ICE) ៣០កញ្ចប់ធំ ៤កញ្ចប់តូច ស្មើទម្ងន់ ៣០គីឡូក្រាម ៣៤០ក្រាម-កេតាមីន (Ketamine) ២០កញ្ចប់ធំ ស្មើទម្ងន់ ១៩គីឡូក្រាម ៩៤៦,៦៦ក្រាម-ទូរស័ព្ទ ៣គ្រឿង និង ម៉ូតូ ១គ្រឿង ព្រមទាំង រថយន្ត ១គ្រឿង។ រហូតមកទល់នឹងពេលនេះ សមត្ថកិច្ចបានកសាងសំណុំរឿង បញ្ជូនជនសង្ស័យ និងវត្ថុតាង ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការនីតិវិធីបន្ដ។

គួរបញ្ជាក់ថា ប្រតិបត្តិការនេះខាងលើនេះ គឺទទួលបានបទបញ្ជាពីនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និង នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន ដោយដឹកនាំផ្ទាល់ពី ឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន៕

Share.