ខេត្តកំពង់ស្ពឺ ៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលស្រុកឱរ៉ាល់ស្រាវជ្រាវចាប់ខ្លួន បន្ទាប់ពីធ្វើសកម្មភាពលួចគោអ្នកភូមិ រស់នៅជាមួយគ្នាយកទៅលក់ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ នៅក្នុងភូមិថ្មី ឃុំតាសាល ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនសង្ស័យឈ្មោះ ងិន សុខ ភេទប្រុស អាយុ៤០ឆ្នាំរស់នៅភូមិកើតហេតុខាងលើ ។ ចំណែកម្ចាស់គោ ឈ្មោះ ហែល ហ៊ុយ ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា ។

តាមនគរបាលបានឲ្យដឹងថា ក្រោយពីទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះ កាលពីល្ងាចថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១ ចោទប្រកាន់ជនសង្ស័យឈ្មោះ ងិន សុខ ជាអ្នកភូមិជាមួយគ្នាបានលួចដឹកគោញី។ ភ្លាមៗត្រូវបានកម្លាំងស្រាវជ្រាវ រកឃើញគោ ដែលជនសង្ស័យដឹកយកទៅលក់ឲ្យឈ្មោះ ប៉ោង ហ៊ាប ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរកាប់គោ មានទីលំនៅ ភូមិជាំ ឃុំតាសាល ស្រុកឱរ៉ាល់ ក្នុងតម្លៃ២លាន៥សែនរៀល ក៏ប៉ុន្តែអំឡុងពេលចុះស្រាវជ្រាវ យប់កាន់តែជ្រៅទៅហើយ ទើបសមត្ថកិច្ចផ្ញើគោដែលរកឃើញនោះ នៅផ្ទះឈ្មោះ ប៉ោង ហ៊ាប ជាបណ្តោះអាសន្នសិន លុះដល់ព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២១ កម្លាំងជំនាញបន្តនីតិវិធី សាកសួរ រហូតដល់ឃាត់ខ្លួនជនសង្ស័យបាន រួមជាមួយរថយន្តមួយគ្រឿង ។

ផ្អែកលើចម្លើយសារភាព ជនសង្ស័យពិតជាលួចគោមួយក្បាល របស់អ្នកភូមិជាមួយគ្នាយកទៅលក់ បានលុយចំនួន ២លាន៥សែនរៀលពិតប្រាកដមែន ។ បច្ចុប្បន្នជនសង្ស័យត្រូវបាននគរបាលឃាត់ខ្លួនសាកសួរនៅផ្នែកជំនាញ កសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.