ភ្នំពេញ ៖ បុរស២នាក់បងប្អូន ម្នាក់រងរបួសធ្ងន់បាក់ជើងឆ្វេងខ្ទេច ចំណែកប្អូនរងរបួសស្រាល បន្ទាប់ពីជិះម៉ូតូឌុបគ្នាបើកល្បឿនលឿន វ៉ាជែងរថយន្តពីខាងស្តាំ ជ្រុលទៅបុកម៉ូតូកង់បី នៅចិញ្ចើមផ្លូវ ដែលបម្រុងរៀបនឹងឆ្លងផ្លូវ កាលពីវេលាម៉ោង៥ និង៤៥នាទីល្ងាច ថ្ងៃទី២៣ ខែកក្កដា ម្សិលមិញនេះ នៅតាម្លូវជាតិលេខ៣ ភូមិព្រៃកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌកំបូល រាជធានីភ្នំពេញ ។ 

ជនរងគ្រោះទាំង២នាក់បងប្អូន ឈ្មោះ ម៉ើយ រ៉ាមុល ភេទប្រុស អាយុ៣៨ឆ្នាំ រងរបួសធ្ងន់ បាក់ជើងឆ្វេងខ្ទេច ត្រូវជាបង ចំណែកជនរងគ្រោះជាប្អូនបង្កើត ឈ្មោះ ម៉ើយ រ៉ាមន ភេទប្រុស អាយុ៣៥ឆ្នាំ រងរបួសជើងឆ្វេងស្រាល ជាអ្នកបើកបរម៉ូតូ  ។ ជនរងគ្រោះទាំង២នាក់បងប្អូន មានទីលំនៅភូមិកំពង់ទួល ឃុំអន្លង់រមៀត ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ។  ចំណែកភាគីខាងម៉ូតូកង់បី បើកដោយឈ្មោះ សៀក សាំង ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅផ្ទះជួល ផ្លូវបេតុង បន្ទប់C02 ភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ មានស្រុកកំណើត ភូមិធម្មតា ឃុំរនាម ស្រុកទ្រាំង ខេត្តតាកែវ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ២នាក់បងប្អូន ជិះម៉ូតូម៉ាកហុងដាឌ្រីម សេរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DH-3441 បើកពីជើងទៅត្បូង ល្បឿនលឿន ដល់ចំណុចកើតហេតុវ៉ាជែងរថយន្តពីខាងស្តាំដៃ ជ្រុលទៅបុកម៉ូតូកង់បី ពណ៌ស ពាក់ស្លាកលេខ តាកែវ 1S-3469 ដែលកំពុងឈប់លើចិញ្ចើមរៀបនឹងឆ្លងផ្លូវ ពីលិចទៅកើត បណ្តាលឲ្យម៉ូតូបោកផ្ទប់នឹងម៉ូតូកង់បី រងរបួសធ្ងន់ស្រាលទាំង២នាក់បងប្អូន ។

ក្រោយកើតហេតុ ជនរងគ្រោះត្រូវបានរថយន្តគ្លីនិកឯកជនដឹកយកទៅ ចំណែកមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចមូលដ្ឋានចុះទៅពិនិត្យ ឃើញថាជនរងគរោះក្នុងសភាពរបួសធ្ងន់ធ្ងរ រួចប្រគល់ឲ្យការិយាល័យចរាចរជើងគោក ស្នងការក្រុងភ្នំពេញ វាស់វែងយកទៅរក្សាទុក រងចាំដោះស្រាយនៅពេលក្រោយ ៕

អត្ថបទ៖ តាតុងពោធិ៍សែនជ័យ

Share.