សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានចេញសេចក្ដីសម្រេចលេខ៩៩ សសរ បង្កើតគណៈក្មការចំពោះកិច្ច ដើម្បីត្រួតពិនិត្យ និងដោះស្រាយបញ្ហាដំណើរចេញ ចូលរបស់ពលករខ្មែរតាមព្រំដែន នៃប្រទេសកម្ពុជា។ សេចក្ដីសម្រេចនេះ បានធ្វើឡើងនៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣នេះ។

យោងតាមសេចក្ដីសម្រេច គណៈកម្មការនេះ ដឹកនាំដោយផ្ទាល់ដោយឯកឧត្តមឧបនាយករដ្ឋមន្រ្តី នេត សាវឿន អមដោយអនុប្រធាន៣រូប មកពីក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ ព្រមទាំងសមាជិកមួយចំនួនទៀតមកពីក្រសួង ស្ថាប័នពាក់ព័ន្ធ ក្នុងនោះក៏មានទីស្ដីការគណរដ្ឋមន្រ្តី និងក្រសួងអធិការកិច្ចផងដែរ។

សូមបញ្ជាក់ថាកន្លងមក បាតុភាពនៅតាមព្រំដែនដែលពាក់ព័ន្ធនិងការចេញចូលរបស់ពលករខ្មែរ មានជាអាទិ៍ ការចេញចូលតាមច្រករបៀងតូចៗដោយខុសច្បាប់ ការរិះគន់មន្រ្តីយកកម្រៃក្រៅផ្លូវការច្រើន ការរិះគន់ចំពោះឥរិយាបទមន្រ្តីចកទ្វារ និងចេញចូលដោយមានមេខ្យល់បោកបញ្ឆោទជាដើម៕

Share.