ភ្នំពេញ ៖ យុវជនម្នាក់បានស្លាប់ និង២នាក់ផ្សេងទៀតរងរបួស ក្នុងហេតុគ្រោះធម្មជាតិ ភ្លៀងផ្គរ រន្ទះបាញ់ ខណៈដែលកំពុងឃ្វាលក្របី កាលពីវេលាម៉ោង២និង៣០នាទីរសៀល ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅវាលស្រែចំណុចត្នោតដេក ក្នុងភូមិមេលំ ឃុំមេលំ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះស្លាប់ក្នុងឧប្បត្តិហេតុខាងលើ មានឈ្មោះ យ៉ាន កញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរសិស្ស មានឳពុកឈ្មោះ តូច ជា ម្តាយឈ្មោះ វ៉ាន មុំ រស់នៅក្នុងភូមិ ឃុំកើតហេតុ។

តាមអាជ្ញាធរបានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះ និងអ្នករស់នៅក្នុងភូមិ២នាក់ទៀត ចេញទៅឃ្វាលក្របីនៅវាលស្រែ ហើយនៅវេលាម៉ោងខាងលើ មានភ្លៀងធ្លាក់ ផ្គររន្ទះ បាញ់ចំយុវជនរងគ្រោះ បណ្តាលឲ្យស្លាប់ភ្លាមៗនៅកណ្តាលវាលស្រែ ចំណែក២នាក់ទៀតរងរបួស ត្រូវបានក្រុមគ្រួសារដឹកបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុក ។

យុវជនរងគ្រោះដែលបានស្លាប់ ត្រូវបានក្រុមគ្រួសារដឹកយកទៅផ្ទះ ត្រូវបានសមត្ថកិច្ចពិនិត្យកោសល្យវិច័យរួច ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

អត្ថបទ៖ តាតុងសែនជ័យ

Share.