វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បានសម្រេចចិត្តមិនចូលរួមការប្រកួតក្នុងវិញ្ញាសាជីជីតស៊ូ Ne-Waza នៃព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមលើកទី១៩ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៣ នៅទីក្រុងហាងចូវ ប្រទេសចិន ដោយសារ មូលហេតុផ្ទាល់ខ្លួន។

សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា មិនមានការពាក់ព័ន្ធលើសេចក្តីសម្រេចចិត្តនេះទេ។ សហព័ន្ធគោរពតាមការ សម្រេចចិត្តរបស់កីឡាការិនី ខាន់ ចេសា ហើយបញ្ហានេះក៏មិនមានផលប៉ះពាល់ណាមួយដល់កិច្ចខិតខំប្រឹងប្រែងរបស់ សហព័ន្ធក្នុងព្រឹត្តិការណ៍ប្រកួតនេះទេ។ ខណ:សហព័ន្ធកីឡាជីជីតស៊ូកម្ពុជា នៅតែរក្សាទំនាក់ទំនងយ៉ាងជិតស្និតជាមួយកីឡាការិនី ខាន់ ចេសា ប្រកបដោយវិជ្ជាជីវៈ។

ក្នុងព្រឹត្តិការណ៍នេះ សហព័ន្ធគ្រោងបញ្ចូនអត្តពលិកចំនួន ២រូបគឺ៖ កីឡាការិនី ខាន់ ចេសា ប្រកួតវិញ្ញាសា Ne-Waza នារីទម្ងន់ក្រោម៥២គីឡូក្រាម និងកីឡាករ មឿនលីម សុបញ្ញា ប្រកួតវិញ្ញាសា Ne-Waza បុរសទម្ងន់ក្រោម៦៩គីឡូក្រាម។

ជាមួយគ្នានេះ សហព័ន្ធនៅតែបន្តផ្តោតការយកចិត្តទុកដាក់ និងប្តេជ្ញាចិត្តគាំទ្រកីឡាករ មឿនលីម សុបញ្ញ ដើម្បីឆ្ពោះទៅវគ្គផ្ដាច់ព្រ័ត្រដណ្តើមមេដាយជូនជាតិពីព្រឹត្តិការណ៍កីឡាអាស៊ីហ្គេមនេះ។

យ៉ាងណាមិញវីរកីឡាការិនី ខាន់ ចេសា (Khan Jessa) នឹងត្រូវឡើងសង្វៀន One Championship ជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ជាមួយកីឡាការិនី Danielle Kelly ក្នុងកម្មវិធី ONE Fight Night 14 នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣​ ប្រទេសសិង្ហបុរី ខាងមុខនេះ។

មុនឡើងសង្វៀន One Championship កីឡាការិនី ខាន់ ចេសា ក៏ទើបតែឈ្នះមេដាយមាសជើងឯកពិភពលោក នៃការព្រឹត្តិការណ៍ IBJJF World Champion 2023 ក្រោយយកឈ្នះកីឡាការិនី Thamires Aquino សញ្ជាតិប្រេស៊ីល នៅវគ្គផ្តាច់ព្រ័ត។

ព្រឹត្តិការណ៍ IBJJF World Champion 2023 គឺជាការប្រកួត​កម្រិតពិភពលោក Light Feather Weight Black Belt World Champion ដែលរៀបចំដោយ International Brazilian Jiu-Jitsu Federation (IBJFF) ធ្វើឡើងនៅលើទឹកដីសហរ​ដ្ឋអាមេរិក។

គួរដឹងថា ខាន់ ចេសា មានឪពុកជាជនជាតិខ្មែរ និងម្ដាយឈ្មោះ April Marie Khan ជនជាតិម៉ិកស៊ិក-អាមេរិក នៅក្នុងរយៈពេលជាង ១០ឆ្នាំ នៃការចាប់អាជីពកីឡាជឺជិតស៊ូ នាងធ្លាប់ឈ្នះមេដាយ និងពានរង្វាន់ស្ទើររាប់ភ្លេច ទាំងការប្រកួតតំបន់ អាមេរិក អឺរ៉ុប និងពិភពលោក។

កីឡាការិនីខ្មែរ-អាមេរិក ខាន់ ចេសា (Jessa Khan) គឺជាម្ចាស់មេដាយមាសនៅ Asian Games 2018 នៅទីក្រុង Jakarta ប្រទេស​ឥណ្ឌូនេស៊ី និង SEA Games 2019 នៅទីក្រុង Manila ប្រទេសហ្វីលីពីន។

ជាពិសេសក្នុងព្រឹត្តិការណ៍កីឡាករស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ទទួលរៀបចំធ្វើជាម្ចាស់ផ្ទះ វីរកីឡាការិនី ខាន់ ចេសា ឈ្នះមេដាយលើប្រភេទកីឡាជឺជិតស៊ូ វិញ្ញាសានារីប្រយុទ្ធ Women’s Ne-Waza No-OGI -52Kg ទម្ងន់ក្រោម ៥២គីឡូក្រាម ក្រោយផ្ដួលកីឡាការិនីហ្វីលីពីន ឱ្យបោះបង់ការប្រកួតនៅវគ្គផ្ដាច់ព្រ័ត្រ៕

Share.