ផលិតកម្មផលិតភាពយន្តភាគ «River Where The Moon Rises» បានប្រកាសហើយថាក្រុមហ៊ុនខ្លួននឹងដាក់ពាក្យបណ្ដឹងតារាសម្ដែង Jisoo ព្រមទាំងផលិតកម្ម KeyEast ចំពោះផលប៉ះពាល់ដែលកើតមានចំពោះក្រុមផលិតបណ្ដាលមកពីរឿងអាស្រូវរបស់ Jisoo។
យោងតាមសេចក្ដីប្រកាសព័ត៌មានពីភាគីខាងក្រុមហ៊ុន Victory Contents បានឱ្យដឹងថាក្រុមហ៊ុនបានដាក់ពាក្យប្ដឹង Jisoo និង ផលិតកម្មដែលគ្របគ្រងលើតារានេះនូវទំហំទឹកប្រាក់៣ពាន់លានវ៉ុនប្រមាណជា២លាន៦សែនដុល្លារចំពោះថ្លៃខូចខាតដែលបង្កឱ្យមានផលប៉ះពាល់ដល់ផលិតកម្មភាពយន្តរបស់ខ្លួនទៅកាន់តុលាការរួចរាល់ហើយ ក្រោយពីការពិភាក្សាក្រៅប្រព័ន្ធជាមួយនឹងក្រុមហ៊ុន KeyEast បរាជ័យ។

ដោយសារតែរឿងអាស្រូវនិងការចោទប្ដឹងពីជនរងគ្រោះពាក់ព័ន្ធនឹងរឿងអាស្រូវផ្លូវភេទការវាយដំគំរាមកំហែងដែលបង្ករដោយ Jisoo បានធ្វើឱ្យផលិតកម្មផលិតភាពយន្តភាគនេះទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរដូចគ្នាដូចជាត្រូវចាយបន្ថែមកម្លាំងពលកម្មបុគ្គលិកថ្លៃឧបករណ៍ថ្លៃទីតាំងថតថ្លៃតុបតែងដេគ័រឆាកនិងថ្លៃប្រើប្រាស់ផ្សេងៗជាច្រើនទៀត។ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់ផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនហើយនោះរឿងអាស្រូវរបស់ Jisoo ក៏បានធ្វើឱ្យអ្នកទស្សនាធ្លាក់ចុះចំណែកការលក់ស្ពន់សឺក៏មានការធ្លាក់ចុះដូចគ្នា។
គួរដឹងដែរថាផលិតកម្ម KeyEast គឺជាទ្រនំរបស់តារាប្រុសស្រីល្បីរបស់កូរ៉េខាងត្បូងជាច្រើននាក់ក្នុងនោះមានដូចជា Bae Youg Jun, Park So jun , និង Kim Seo hyun (បុរសភពផ្កាយ) ជាដើម៕