ថ្មី​ៗ​នេះ​ Wu Yifan (Kris Wu) ​មាន​ពាក់​ព័ន្ធ​ច្រើន​ទៅ​នឹង​រឿង​អាស្រូវ​តាម​រយៈ​ការ​ចោទ​ប្រកាន់​ជា​សាធារណៈ​ពី​អតីត​មិត្ត​ស្រី​របស់​លោក​គឺ​ Du Meizu នៅ​លើ​បណ្ដាញ​សង្គម។​ បន្ថែម​លើ​នោះ​ថែម​ទាំង​បាន​បោក​ប្រាស់​ទៅ​លើ​មនុស្ស​ស្រី​ជា​ច្រើន​នាក់​ និង​ត្រូវ​បាន​ចោទ​ប្រកាន់​ថា​រំលោភ​​ក្មេង​ស្រី​មិន​ទាន់​គ្រប់​អាយុ​ថែម​ទៀត​ផង​។

ជា​ពិសេស​ទៀត​​នោះ​ក្រោយ​ពី​ Du Meidu បាន​ធ្វើ​ការ​ចោទ​ប្រកាន់​លើ​តារា​ចម្រៀង​រូប​សង្ហា​នេះ​ថា​មាន​សម្ព័ន្ធ​ភាព​​ផ្លូវ​ភេទ​ជាមួយ​នឹង​នាង​ ព្រម​ទាំង​​ចែក​រំលែក​រឿង​រ៉ាវ​ស្រដៀង​គ្នា​នេះ​ពី​ជន​រង​គ្រោះ​ចំនួន​៧​នាក់​ផ្សេង​ទៀត​។ ដោយ​មាន​​ការ​អះអាង​តាម​រយៈ​ Weibo ថា​ «Wu Yifan បាន​ស្នើ​សុំ​ជួប​ជាមួយ​នារី​រង​គ្រោះ​តាម​រយៈ​ការ​ផ្ដល់​​ការ​សម្ភាសន៍​ការងារ​ឬ​តាម​រយៈ​ការ​ជួប​ជាមួយ​នឹង​អ្នក​គាំទ្រ​ បន្ទាប់​មក​តារា​រូប​នោះ​បាន​ប្រើ​កម្លាំង​ចាប់​បង្ខំ​ទៅ​លើ​ជនរងគ្រោះ​ទាំង​អស់​នោះ​»

ស្ត្រី​ម្នាក់​ដែល​បាន​ហៅ​ខ្លួន​ឯង​ថា​ (A) បាន​អះអាង​ថា​ Kris បាន​​រំលោភ​លើ​ក្មេង​ស្រី​អនីតិជន​ បន្ទាប់​ពី​ឱ្យ​ពួក​គេ​ផឹក​គ្រឿង​ស្រវឹង​ រួច​ហើយ​គេ​បាន​ចាយ​ប្រាក់​ចំនួន​ ​៥​សែន​យន់ ​(៥០០០០០យន់​)​ ឱ្យ​ទៅ​ជន​រងគ្រោះ​។​ បន្ថែម​លើ​នោះ​ A បាន​ផ្ដល់​សម្ភាសន៍​ជាមួយ​នឹង​កាសែត​បរទេ​ស​ដោយ​និយាយ​​ទៀត​ថា​ «ជន​រងគ្រោះ​ម្នាក់​បាន​រលូត​កូន​ព្រោះ​តែ​​ឆ្លង​រង​ពី​ Wu Yifan ក្នុង​ពេល​រួម​ភេទ​ ព្រោះ​តែ​Wu Yifan មិន​បាន​ប្រើ​ប្រាស់​ឧបករណ៍​ការពារ​ពេល​រួម​ភេទ​»

ក្រោយ​ពី​រង​ការ​ចោទ​ប្រកាន់​និង​រឿង​អាស្រូវ​ផ្លូវ​ភេទ​ Kris Wu បាន​ប្រកាស​ប្ដឹង​និង​បង្ហាញ​ពី​ចំណាប់​អារម្មណ៍​របស់​ខ្លួន​ត្រង់​ៗ​ចំពោះ​រឿង​នេះ​​ថា​ «ចំពោះ​នារី​ A ខ្ញុំ​បាន​ជួប​នាង​ម្ដង​គត់​នៅ​ក្នុង​​ពេល​ជួប​ជាមួយ​នឹង​​មិត្ត​ភក្ដិ​ខ្ញុំ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​ធ្នូ​ឆ្នាំ​មុន​ ហើយ​ក្នុង​ពេល​ជួប​គ្នា​នោះ​ ពួក​ខ្ញុំ​អត់​មាន​បានផឹក​ស្រា​ជាមួយ​គ្នា​នោះ​ ម្យ៉ាង​ទៀត​លោក​ក៏​មិន​មាន​លេខ​ទូរស័ព្ទ​របស់​នាង​ដូច​គ្នា​ដែរ​»

ខណៈ​ដែល​រឿង​អាស្រូវ​កា​ន់​តែ​រីក​សាយ​ធំ​ឡើង​នោះ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​កក្កដា Kris Wu បាន​ចេញ​មក​ផុស​ពី​គណនី​ Weibo របស់​លោក​ពាក់ព័ន្ធ​នឹង​រឿង​នេះ​ថា​ «ខ្ញុំ​មិន​បាន​តបត​អ្វី​ទាំង​អស់​ព្រោះ​ខ្ញុំ​មិន​ចង់​ជ្រៀតជ្រែក​ការ​ធ្វើ​ការ​ងារ​របស់​តុលាការ​។ ខ្ញុំ​មិន​ដឹង​សោះ​ថា​ការ​នៅ​​ស្ងៀមស្ងាត់​របស់​ខ្ញុំ​បែរ​ជា​ធ្វើ​ឱ្យ​ពាក្យ​ចចាមអារ៉ាម​កាន់​តែ​រីក​ធំ​។ ខ្ញុំ​មិន​​អាច​ទ្រាំ​បាន​ទៀត​ទេ​»។

មនុស្ស​​ជា​ច្រើន​ជឿជាក់​ថា​ប្រសិន​បើ​​ការ​ចោទ​ប្រកាន់​ទាំង​អស់​គឺ​ជា​ការ​ពិត​មែន​នោះ​ Kris Wu នឹង​ត្រូវ​ប្រឈម​មុខ​នឹង​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​ចំពោះ​អំពើ​បាប​របស់​គេ​។ មិន​តែ​ប៉ុណ្ណោះ​ក៏​មាន​អ្នក​លើក​ឡើង​ដែរ​ថា​ ​​តារា​រូប​នេះ​អាច​នឹង​​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត​ចំពោះ​បទ​ល្មើស​រំលោភ​ក្មេង​ស្រី​អនីតិជន​​ដោយ​តុលាការ​កំពូល​។ ចំពោះ​ករណី​នេះ​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​កាន់​តែ​ចាប់​អារម្មណ៍​លើ​រឿង​ក្ដី​របស់​ Kris Wu កាន់​តែ​ខ្លាំង​។

គួរ​ដឹង​ដែរ​ថា​តារា​ចម្រៀង​រូប​សង្ហា​អតីត​សមាជិក​ក្រុម​ចម្រៀង​ល្បី​កូរ៉េ​ EXO រូប​នេះ​ក៏​ធ្លាប់​ចេញ​មក​ប្រកាស​ដែរ​ថា​ប្រសិន​បើ​លោក​ពិត​ជា​ប្រព្រឹត្តិ​អំពើ​ដូច​ការ​ចោទ​ប្រកាន់​មែន​នោះ​ លោក​សុខ​ចិត្ត​ដើរ​ចូល​គុក​ដោយ​ខ្លួនឯង​។ រឿង​រ៉ាវ​នឹង​ទៅ​ជា​យ៉ាង​ណា​ទៀត​ អ្នក​ណា​ខុស​អ្នក​ត្រូវ​នៅ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ Kris Wu ស្អាត​ស្អំ​ ឬ​ខុស​ដូច​ការ​ចោទ​ប្រកាន់​មាន​តែ​រង់ចាំ​តាមដាន​ជា​បន្ត​ទៀត​៕​

Telegram-Troryorng
Share.