អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន៥ទំព័រ ដោយដាក់ចំណងជើងធំៗ បេសកកម្មរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជាដើម្បីចូលរួមមហាសន្និបាតលើកទី៧៨ របស់អង្គការសហប្រជាជាតិ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក បាននាំមកនូវជោគជ័យធំធេងជូនជាតិមាតុភូមិជាលើកទី៣ ក្នុងរយៈពេល១ខែ។

សេចក្ដីប្រកាសព័ត៌មាននេះ បានធ្វើឡើងនាប៉ុន្មានម៉ោង បន្ទាប់ពីសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលអញ្ជើញមាតុភូមិនិវត្តន៍មកដល់រាជធានីភ្នំពេញវិញហើយនាព្រឹកថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៣នេះ បន្ទាប់ពីអញ្ជើញចូលរួម មហាសន្និបាតអង្គការសហប្រជាជាតិលើកទី៧៨ នៅទីក្រុងញ៉ូវយ៉ក សហរដ្ឋអាមេរិក។

បេសកម្មក្រៅប្រទេសលើកទី៣ របស់សម្ដេចធិបតីរយៈពេល៥ថ្ងៃនេះ សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិទាំងក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ និងក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយកដ្ឋមន្រ្តីនៃកម្ពុជា បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ក្រៅពីមានជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ និងថ្លែងសុន្ទរកថាក្នុងមហាសន្និបាតអង្គការសហប្រជាជាតិ សម្ដេចធិបតី ក៏បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនបរទេសសំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមានអនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋមន្រ្តីការបរទេសឥណ្ឌា រដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុន Pfizer ជាដើម។

ជាការកត់សម្គាល់ វត្តមានសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅទីក្រុងញ៉ូវយ៉ក បានទទួលការស្វាគមន៍ប្រកបដោយមនោសញ្ចេតនាមហាគ្រួសារខ្មែរ យ៉ាងរីករាយកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។

សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង៣លើក ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បីសម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ រួមមាន៖

១-ការងារការទូត  គឺដើម្បីបង្ហាញថា កម្ពុជាជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។

២-ការងារនយោបាយ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។

៣-ការងារសេដ្ឋកិច្ច  គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញភ្ញៀវទេសចរណ៍។

សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញបានដាក់ចេញ និងចាប់ផ្ដើមអនុវត្តប្រកបដោយភាពស្វាហាប់នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។

ខ្លឹមសារពិស្តាសូមចូលទៅអានសេចក្តីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល…៕

Share.