ចូលកាន់មុខតំណែងជានាយករដ្ឋមន្រ្តី នៃព្រះរាណាចក្រកម្ពុជា នាថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៣ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំរាជរដ្ឋាភិបាលរយៈពេល១ខែ ៤ថ្ងៃហើយ គិតត្រឹមថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ។ ក្នុងរយៈពេលនេះ សម្ដេចធិបតី បានបំពេញទស្សនកិច្ចក្រៅប្រទេសចំនួន៣លើក រួមមានលើកទី១ អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅសាធារណរដ្ឋឥណ្ឌូនេស៊ី លើកទី២ ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន និងលើកទី៣ អញ្ជើញចូលរួមមហាសន្និបាតអង្គការសហប្រជាតិ នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។

កិច្ចប្រជុំកំពូលនៅអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ានពាក់ព័ន្ធ នៅសាធារណរដ្ឋឥណ្ឌូនេស៊ី

គឺជាទស្សនកិច្ចលើកដំបូងរបស់សម្ដេចធិបតី បន្ទាប់ពីការឡើងកាច់ចង្កូតដឹកនាំប្រទេស។ ពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេចធិបតី បានចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ១៣កិច្ចប្រជុំ ថ្លែងសុន្ទរកថា១២លើក និងជួបពិភាក្សាទ្វេភាគី ត្រីភាគី និងជំនួបក្រៅផ្លូវការជាមួយប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំកំពូល នៃស្ថាប័​ន​តំបន់ និងអន្តរជាតិមិនតិចជាង២០រូបឡើយ។ នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល។

បេសកកម្មរយៈពេល៤ថ្ងៃនោះ សម្ដេចធិបតី បានជួបពិភាក្សាទ្វេភាគីជាមួយ អគ្គលេខាធិការអាស៊ាន ប្រធានាធិបតីឥណ្ឌូនេស៊ី នាយករដ្ឋមន្រ្តីវៀតណាម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី នាយករដ្ឋមន្រ្តីសិង្ហបុរី ស្ថាបនិកនិងជាប្រធានប្រតិបត្តិ នៃវេទិកាសេដ្ឋកិច្ចពិភពលោក ព្រះចៅស៊ុលតង់ ប្រទេសព្រុយណេដារូស្សាឡាម នាយករដ្ឋមន្ត្រីចិន ប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីកោះឃុក នាយករដ្ឋមន្រ្តីជប៉ុន និងបានជំនួបពិភាក្សាត្រីភាគី ជាមួយនាយករដ្ឋមន្រ្តីវៀតណាម និងនាយករដ្ឋមន្រ្តីឡាវ។

សម្ដេចមហាបវរ​ធិបតី ក៏ឆ្លៀតជួបសំណេះសំណាលក្រៅផ្លូវការជាមួយអនុប្រធានាធិបតីអាមេរិក នាយករដ្ឋមន្ត្រីអូស្ត្រាលី នាយករដ្ឋមន្ត្រីឥណ្ឌា បណ្ដាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំស្ថាប័នតំបន់ និងអន្តរជាតិផ្សេងទៀត។ ក្នុងដំណើរបំពេញបេសកកម្មក្រៅប្រទេសជាលើកដំបូងនេះ សម្តេចមហាបវរធិបតី និងគណៈប្រតិភូជាន់ខ្ពស់កម្ពុជា សម្រេចបានជោគជ័យយ៉ាងធំធេងសម្រាប់ប្រទេសជាតិ និងប្រជាពលរដ្ឋ។

ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នតំបន់ និងអន្តរជាតិ បានចូលរួមអបអរសាទរប្រកបដោយមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅ និងគាំទ្រ សម្ដេចធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្រ្តី នៃកម្ពុជា។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏បានអញ្ជើញមេដឹកនាំជាច្រើន មកបំពេញទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងពេលវេលាសមស្របណាមួយខាងមុខ។

ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានពិព័ណ៌នាថា សម្ដេចធិបតី ជាតួអង្គមេដឹកនាំដ៏លេចធ្លោនៅគ្រប់វេទិកា និងគ្រប់កិច្ចប្រជុំកំពូលអាស៊ាន ពីព្រោះ សម្ដេច ជានាយករដ្ឋមន្រ្តីវ័យក្មេងជាងគេ ប៉ុន្តែបានបង្ហាញនូវទេពកោសល្យការទូតដ៏ប៉ិនប្រសប់ និងលេចធ្លោ ជាពិសេសក្នុងកិច្ចសន្ទនាជាអន្តរជាតិកម្រិតខ្ពស់ជាមួយមេដឹកនាំក្នុងតំបន់ និងមហាអំណាចលើពិភពលោក ដូច​ដែលកម្ពុជាធ្លាប់បានធ្វើ ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី។

សម្ដេចធិបតី បានអញ្ជើញជាសាក្សី ជាមួយ ឯកឧត្តមប្រធានាធិបតី ហ្វីលីពីន ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាសម្រាប់ភាពជាដៃគូ ក្នុងការអភិវឌ្ឍកសិកម្ម និងសហគ្រាសមីក្រូ-ធុនតូចនិងមធ្យម កម្ពុជា-ហ្វីលីពីន និងបានទទួលការឯកភាពគាំទ្រពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសក្នុងតំបន់មួយចំនួន ក្នុងការបង្កើនការនាំចូលទំនិញមួយចំនួនពីកម្ពុជា  ទៅកាន់ទីផ្សារប្រទេសទាំងនោះ ដូចជាប្រទេសឥណ្ឌូនេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី រួមទាំងផលិតផលអង្ករជាដើម។

បំពេញទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន៖

៨ថ្ងៃក្រោយបញ្ចប់បេសកកម្មអាស៊ាននៅប្រទេសឥណ្ឌូនេស៊ី សម្ដេចធិបតី រួមដំណើរដោយលោកជំទាវបណ្ឌិត បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលបំពេញទស្សនកិច្ចនៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ តបតាមការអញ្ជើញរបស់ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ ទស្សនកិច្ច​ផ្លូវការរយៈពេល៤ថ្ងៃនេះ សម្រេចបានលទ្ធផលយ៉ាងធំធេងទាំងផ្នែកទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការទ្វេភាគី ទាំងផលប្រយោជន៍សេដ្ឋកិច្ច ​និងការវិនិយោគ ក៏ដូចជាការជំរុញវិស័យទេសចរណ៍។

សម្ដេចធិបតី បានជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ចាវ ឡឺជី ប្រធានសភាតំណាងប្រជាជនទូទាំងប្រទេស ឯកឧត្ត​ម​ ស៊ី ជីនពីង ប្រធានាធិបតី និង ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន។ ឯកឧត្តម ប្រធា​នា​​ធិបតីចិន មានប្រសាសន៍ថា សម្ដេចតេជោ បានរួមចំណែកជាប្រវត្តិសាស្ត្រ ក្នុងបុព្វហេតុមិត្ត​ភាពចិន-កម្ពុជា ជាពិសេសបានបើកសករាជថ្មី នៃការកសាងសហគមន៍វាសនារួមកម្ពុជា​​-ចិន ក្នុងយុគសម័យថ្មីប្រកប​ដោយគុណភាពខ្ពស់ កម្រិតខ្ពស់ និងស្តង់ដារខ្ពស់ និងគូសបញ្ជាក់ទៀតថា ចំណងមិត្តភាពប្រទេសទាំងពីរ ប្រៀប​បី​ដូចជាដើមឈើមួយដើមដ៏ធំដែលបានចាក់ឬសយ៉ាងជ្រៅ និងយ៉ាងរឹងមាំ ហើយប្រជាជាតិទាំងពីរបានទទួលផ្លែផ្កានិងផលប្រយោជន៍ជារៀងរហូតមិនអាចកាត់ថ្លៃបាន។

សម្ដេចធិបតី ក៏បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម លី ឈាង នាយករដ្ឋមន្រ្តីចិន និងបានពិភាក្សាអំពីគម្រោងពាក់ព័ន្ធនឹងសន្តិសុខថាមពល ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធ ការជំរុញ និងលើកទឹកចិត្តផ្នែកវិនិយោគ ការអនុវត្តគម្រោងកិច្ចសហប្រតិបត្តិការត្បូងពេជ្រ ក៏ដូចជាការស្ដារ​ និងជំរុញវិស័យទេសចរណ៍​។ នាយករដ្ឋមន្រ្តីទាំងពីរ ក៏បានបន្តអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារសហប្រតិ​បត្តិ​ការចំនួន ១៥ ក្នុងនោះក៏មានឯកសារស្ដីពីផែនការសកម្មភាព នៃការកសាងសហគមន៍វាសនារួមកម្ពុជា-ចិន ក្នុងយុគសម័យថ្មី ឆ្នាំ២០២៤-២០២៨ និងកិច្ចព្រមព្រៀងឥណទានសម្បទានសម្រាប់គម្រោង​សាងសង់ស្ពានទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) ជាដើម។

នៅប្រទេសចិននោះដែរ សម្ដេចធិបតី បានទទួលជួបប្រធានក្រុមហ៊ុនចិនធំៗកម្រិតអន្តរជាតិ រួមមានក្រុមហ៊ុន SINOMACH Heavy Equipment Group ក្រុមហ៊ុន China Road and Bridge Corporation (CRBC) ក្រុមហ៊ុន China Huaneng Group និងក្រុមហ៊ុន Huawei Technology Co., Ltd។ ក្រៅពីនេះ សម្ដេចធិបតី ​បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយ សហគ្រាសឧស្សា​ហ​កម្ម និងពាណិជ្ជកម្មកម្ពុជា-ចិន។ ប្រធានក្រុមហ៊ុនចិនកម្រិតអន្តរជាតិ បានបង្ហាញការគាំទ្រចំពោះការដឹកនាំរបស់ សម្ដេចធិបតី  និងបានបញ្ជាក់អំពីការត្រៀមខ្លួនពង្រីកនូវគម្រោងវិនិយោគថ្មីៗបន្ថែមទៀត នៅកម្ពុជា។

សម្ដេចធិបតី ក៏បានបន្តដឹកនាំគណៈប្រតិភូ អញ្ជើញចូលរួមក្នុងពិធីបើកពិព័រណ៍អាស៊ាន-ចិន និងកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) នៅទីក្រុងណាននីង ខេត្តក្វាងស៊ី ដោយបានជួបជាមួយថ្នាក់ដឹកនាំក្រុង និងខេត្តនេះផងដែរ។ នាពិធីបើកពិព័រណ៍អាស៊ាន-ចិន  សម្ដេចនាយករដ្ឋមន្រ្តី បញ្ជាក់ថាកិច្ចសហប្រតិបត្តិការអាស៊ាន-ចិន គឺជាតួអង្គដ៏សំខាន់ក្នុងការបង្ហាញឧទាហរណ៍ដល់ពិភពលោកអំពីផលប្រយោជន៍កើតចេញពីការពង្រឹងកិច្ចសហប្រតិបត្តិការពហុភាគី ដោយមិនទោរទន់ទៅរកនិន្នាការគាំពារនិយម ឯកតោភាគីនិយម ឬគំនិតជាតិនិយមសេដ្ឋកិច្ច។ សម្ដេចធិបតី ក៏បានអញ្ជើញកាត់ខ្សែបូសម្ពោធពន្លាជាតិ និងស្តង់ពិព័រណ៍កម្ពុជា រៀបចំដោយក្រសួង-ស្ថាប័ន នៃរាជរដ្ឋា​ភិបាលកម្ពុជា ព្រមទាំងសហគ្រាសធុនតូច និងមធ្យម ពីប្រទេសកម្ពុជា ជាច្រើនទៀត។

បន្តមកទៀត គឺការចូលរួមកិច្ចប្រជុំកំពូលធុរកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងពាណិជ្ជកម្ម ក្នុងក្របខ័ណ្ឌ កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់លើកទី៣ (RCEP) ដោយក្នុងឱកាសនោះសម្ដេចធិបតី បានចាត់ទុកក្របខ័ណ្ឌតំបន់ RCEP ថានៅតែជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីធំជាងគេបំផុតលើពិភពលោក ដែលមានលក្ខណៈទំនើប រស់រវើក គ្រប់ជ្រុងជ្រោយ និងមានគុណភាពខ្ពស់។ សម្ដេចធិបតី បានសង្កត់ធ្ងន់ពីសារៈសំខាន់របស់ RCEP ក្នុងការពង្រឹងទំនុកចិត្តលើប្រព័ន្ធពាណិជ្ជ​​កម្មពហុភាគី ការស្តារ​សេដ្ឋកិច្ចឡើងវិញក្រោយ​​វិបត្តិ និងការជំរុញសមាហរណកម្មសេដ្ឋកិច្ចតំបន់ និងពិភពលោក ដោយឈរលើគោលការណ៍ឈ្នះ-ឈ្នះ និងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក។

ដោយឡែក ក្នុងអំឡុងពេលបំពេញទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិននោះដែរ សម្ដេចមហាបវរធិបតី និង លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានទទួលព្រះបរមរាជានុញ្ញាតចូលបង្គំគាល់ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅព្រះរាជដំណាក់ក្រុងប៉េកាំង ក្នុងឱកាសព្រះអង្គទាំងទ្វេយាងទទួលការថ្វាយនូវការពិនិត្យព្រះរាជសុខភាព ដោយក្រុមវេជ្ជបណ្ឌិតចំណាន​ៗ នៃសាធារណរដ្ឋប្រជាមានិតចិន​។ ក្នុងឱកាសរួមដំណើរជាមួយ សម្ដេចធិបតី បំពេញទស្សនិច្ចផ្លូវការនោះដែរ លោកជំទាវបណ្ឌិត ក៏បានអញ្ជើញទស្សនាមហាកំផែង និងធ្វើទស្សនកិច្ចនៅមហាវិមានប្រជាជនផងដែរ។

បេសកកម្មចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិ

បេសកម្មក្រៅប្រទេសលើកទី របស់សម្ដេចធិបតី រយៈពេល ថ្ងៃនេះនៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក សម្រេចបាននូវលទ្ធផលថ្មីៗយ៉ាងធំធេងបន្ថែមទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ក៏ដូចជាការលើកស្ទួយកិត្យានុភាពជាតិខ្មែរលើឆាកអន្តរជាតិ។

សម្ដេចធិបតី នាយករដ្ឋមន្រ្តី នៃកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តមអង់តូនីញ៉ូ ហ្គូទែរ៉េស អគ្គលេខាធិការអង្គការសហប្រជាជាតិ។ ឯកឧត្តមអគ្គលេខាធិការ ​បានសរសើរចំៗដល់យុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្ស៊ីគ្នាជាមួយគោលដៅអភិវឌ្ឍន៍ប្រកប​ដោយចីរភាពរបស់អង្គការ​សហប្រជាជាតិ និងបានថ្លែងអំណរគុណកម្ពុជា សម្រាប់ការបញ្ជូនមន្រ្តីចូលរួមបំពេញបេសកកម្មដើម្បីសន្តិភាពតាមបណ្ដា​ប្រទេសនានា។ ឯកឧត្តមអង់តូនីញ៉ូ ហ្គូទែរ៉េស​គូសបញ្ជាក់ថាអង្គការសហប្រជាជាតិ នឹងបន្តគាំទ្រ និងសហការជាមួយកម្ពុជា ដើម្បីសម្រេចជោគជ័យ ក្នុងមាគ៌ានៃការរៀបចំគោលដៅអភិវឌ្ឍន៍ប្រក​បដោ​យចីរភាព សម្រាប់ជាឧត្តមប្រយោជន៍ដល់ប្រជាជនកម្ពុជា។

សម្ដេចធិបតី បានអញ្ជើញថ្លែងសុន្ទរកថាក្នុងកិច្ច​ពិភាក្សាទូទៅនៃមហាសន្និបាតអង្គការសហប្រជាជាតិ ក្រោមមូលបទ «កសាងទំនុកចិត្តឡើងវិញ និងបំផុសសាមគ្គីភាពក្នុងពិភពលោក៖ ជំរុញសកម្មភាពលើរបៀបវារៈឆ្នាំ២០៣០ និងគោលដៅអភិវឌ្ឍន៍ដោយចីរភាព ដើម្បីសន្តិភាព វិបុលភាព វឌ្ឍនភាព និងចីរភាពសម្រាប់ទាំងអស់គ្នា» ដោយ សម្ដេចធិបតី ផ្តោតលើបរិបទពិភពលោក វឌ្ឍនភាពសង្គម-សេដ្ឋកិច្ចកម្ពុជា និងការប្តេជ្ញាចិត្តរបស់កម្ពុជាចំពោះសកម្មភាពបរិវត្តន៍កម្ម នៃគោលដៅអភិវឌ្ឍន៍ដោយចីរភាព។

ក្នុងកិច្ចពិភាក្សាទូទៅនៃមហាសន្និបាតនោះដែរ សម្ដេចធិបតី បានបញ្ជាក់អំពីគោលជំហរកម្ពុជា ក្នុងការបន្តដើរលើមាគ៌ានយោបាយឯករាជ្យ អព្យាក្រឹត្យ ផ្អែកលើវិធានការច្បាប់ គោរពគ្នាទៅវិញទៅមកដោយស្មើភាព និងប្រកាន់ខ្ជាប់គោលការណ៍ធម្មនុញ្ញអង្គការសហប្រជាជាតិ។ សម្ដេចធិបតី បានសង្កត់ធ្ងន់​ថា កម្ពុជាប្រឆាំងដាច់ខាតចំពោះការគំរាមប្រើប្រាស់ ឬក៏ការប្រើប្រាស់កម្លាំងក្នុងទំនាក់​​ទំនងអន្តរជាតិ ការជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង និងការឈ្លានពានរដ្ឋឯករាជ្យណាមួយ ហើយកម្ពុជាមិនអនុញ្ញាតឱ្យមានមូលដ្ឋានយោធាបរទេសនៅលើទឹកដីរបស់ខ្លួន ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងក៏មិនអនុញ្ញាតឱ្យប្រទេសណា ឬក្រុមណាមួយ ប្រើប្រាស់ទឺកដីកម្ពុជា ប្រឆាំងនឹងប្រទេសផ្សេងទៀតនោះដែរ។

ក្នុងក្របខ័ណ្ឌទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រៅពីជំនួបជាមួយអគ្គលេខាធិការអង្គការសហប្រជាតិ សម្ដេចធិបតី បានជួបពិភាក្សាទ្វេភាគីជាមួយថ្នាក់ដឹកនាំ និងឥស្សរជនបរទេសសំខាន់ៗចំនួន ៥ ផ្សេងទៀត រួមមាន អនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក ប្រធានាធិបតីទីម័រឡេស្តេ រដ្ឋមន្រ្តីការបរទេសឥណ្ឌារដ្ឋមន្ត្រីការបរទេសអូស្ត្រាលី និងតំណាងក្រុមហ៊ុន Pfizer។

ជាកត់សម្គាល់ក្នុងជំនួបទ្វេភាគីរវាងកម្ពុជា និងអាមេរិក លោកជំទាវ វ៉ិចតូរីយ៉ា នូលែន អនុរដ្ឋមន្ត្រីការបរទេសស្តីទីសហរដ្ឋអាមេរិក បានជម្រាប សម្ដេចធិបតី ថាសហរដ្ឋអាមេរិក ស្វាគមន៍ឱកាសពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការធ្វើការជិតស្និទ្ធជាមួយ សម្ដេចធិបតី និងចង់ឃើញ សម្ដេចធិបតី ក៏ដូចជាកម្ពុជាទាំងមូលទទួលបានជោគជ័យ​។ ភាគីអាមេរិក ក៏បានបញ្ជាក់ពីការសម្រេចផ្ដល់ជូនឡើងវិញនូវជំនួយទឹកប្រាក់ប្រមាណ ១៨លានដុល្លារ តាមរយៈ USAID ដែលខ្លួន​បានផ្អាកក្រោយការបោះឆ្នោតឆ្នាំ២០២៣។

ដោយឡែកលោកជំទាវ​ ផេននី វ័ង រដ្ឋមន្រ្តីការបរទេសអូស្រ្តាលី ភាគីអូស្រ្តាលីបានពោលសរសើរយុទ្ធសាស្រ្តបញ្ចកោណ របស់រាជរដ្ឋាភិបាលកម្ពុជា  ភ្ជាប់នឹងការសម្លឹងឃើញច្បាស់ថាអូស្ត្រាលីនឹងអាចបន្តចូលរួមផ្ដល់ការគាំទ្រក្នុងវិស័យអប់រំនិងបណ្ដុះបណ្ដាលធនធានមនុស្ស វិស័យពាណិជ្ជកម្មនិងវិនិយោគជាដើម។

រដ្ឋមន្រ្តីក្រសួងការបរទេសឥណ្ឌាវិញ បានយល់ស្របដូចគ្នាថាភាគីទាំងពីរត្រូវពង្រឹងសហប្រតិបត្តិការវិស័យសន្តិសុខ និងយោធា តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលកងទ័ព ទស្សនកិច្ចផ្លាស់ប្ដូរបទពិសោធន៍ឱ្យបានទៀងទាត់ និងញឹកញាប់។ ក្រៅពីនេះ ភាគីទាំងពីរក៏បានផ្លាស់ប្ដូរយោបល់គ្នាអំពីបញ្ហាតំបន់ និងអន្តរជាតិ រួមទាំងបញ្ហាជម្លោះនៅប្រទេសមីយ៉ាន់ម៉ា និងតួនាទីអាស៊ានក្នុងការរកដំណោះស្រាយសមស្រប។

សម្ដេចធិបតី ក៏បានអញ្ជើញបើកវេទិកាធុរកិច្ច កម្ពុជា-អាមេរិក ដោយ សម្ដេចធិបតី បានមានប្រសាសន៍បញ្ជាក់ថា វិនិយោគិនអាមេរិកនឹងទទួលបានប្រយោជន៍ពីទីតាំងយុទ្ធសាស្ត្រ និងកម្លាំងពល​កម្មវ័យក្មេងដែលមានថ្លៃឈ្នួលទាប ព្រមទាំងមានជំនាញសមស្របសម្រាប់វិស័យកម្មន្តសាល ខណៈកម្ពុជាក៏ទទួលបានអត្ថប្រយោជន៍ពីការនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។​​ សម្ដេចធិបតី បានបង្ហាញក្ដីជឿជាក់ថា តាមរយៈវេទិកាធុរកិច្ចនេះ វិនិយោគិនអាមេរិក នឹងកាន់តែមានលំនឹងចិត្ត ព្រមទាំងភាពកក់ក្ដៅក្នុងការមកសិក្សាស្វែងយល់ពីឱកាសវិនិយោគនៅកម្ពុជា។

ជាការកត់សម្គាល់ វត្តមាន សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវបណ្ឌិត ពេជ្រ ចន្ទមុន្នី ហ៊ុនម៉ាណែត នៅទីក្រុងញ៉ូវយ៉ក បានទទួលការស្វាគមន៍ប្រកបដោយ មនោសញ្ចេតនាមហាគ្រួសារខ្មែរ យ៉ាងរីករាយកក់ក្ដៅពីសំណាក់បងប្អូនប្រជាពលរដ្ឋខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដា។ ដើម្បីបង្ហាញទឹកចិត្តមហាសាមគ្គីជាតិ សម្ដេចធិបតី និង លោកជំទាវបណ្ឌិត បានអញ្ជើញជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋខ្មែរចំនួន ២ ៥០០នាក់។

សម្ដេចធិបតី គូសបញ្ជាក់ថា បេសកកម្មក្រៅប្រទេសទាំង ៣ លើក ពោលគឺនៅឥណ្ឌូនេស៊ី សាធារណរដ្ឋប្រជាមានិតចិន និងទីក្រុងញូវយ៉ក សហរដ្ឋអាមេរិកនាពេលនេះ គឺដើម្បីសម្រេចកិច្ចការ ៣ ក្នុងពេលតែមួយ រួមមាន៖ ការងារការទូត៖ ដើម្បីបង្ហាញថាកម្ពុជាជាប្រទេសអធិបតេយ្យ ឈរស្មើមុខជាមួយគ្រប់ប្រទេសលើពិភពលោក។ ការងារនយោបាយ៖ ដើម្បីបញ្ជាក់គោលជំហរ ក្នុងឋានៈជាសមាជិករបស់អង្គការសហប្រជាជាតិ ពាក់ព័ន្ធអធិបតេយ្យជាតិ ផលប្រយោជន៍ជាតិ និងបញ្ហាប្រឈមរបស់ពិភពលោក។ ការងារសេដ្ឋកិច្ច៖ គឺការខិតខំកៀរគរការវិនិយោគ បង្កើនទំហំពាណិជ្ជកម្ម ស្វែងរកទីផ្សារសម្រាប់ផលិតផល និងទាក់ទាញភ្ញៀវទេសចរណ៍។ ​

សម្ដេចធិបតី សង្កត់ធ្ងន់ថា រាជរដ្ឋាភិបាលកម្ពុជា គ្មានរាត្រីទឹកឃ្មុំដើម្បីលំហែកាយក្រោយការបោះឆ្នោតនោះទេ ផ្ទុយទៅវិញបានដាក់ចេញ និងចាប់ផ្ដើមអនុវត្តប្រកបដោយភាពស្វាហាប់នូវយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ ដើម្បីសម្រេចឧត្តមប្រយោជន៍ជូនជាតិ និងប្រជាជន។ សម្ដេចធិបតី ក៏បានសង្កត់ធ្ងន់ផងដែរអំពីការបន្តថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ ការបោះឆ្នោតឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រ ព្រមទាំងអាទិភាព ៦ចំណុច និងយន្តការគន្លឹះ នៃយុទ្ធសាស្រ្តបញ្ចកោណដែលរាជរដ្ឋាភិបាលកម្ពុជា ចាប់ផ្តើមអនុវត្តពីដើមនីតិកាលទី៧ ឆ្នាំ២០២៣ នេះតទៅ។

ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានធ្វើមូលវិចារថា ជារួមក្នុងរយៈពេលត្រឹមមួយខែ នៃការឡើងកាន់តំណែងជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បាន​បំពេញបេសកកម្មក្រៅប្រទេសធំៗដល់ទៅ ៣ លើក ដោយនាំមកនូវជោគជ័យធំធេងទាំងផ្នែកការទូត នយោបាយ និងសេដ្ឋកិច្ច ជូនជាតិ មាតុភូមិ និងប្រជាជនតាមរយៈបេសកកម្មទាំងនេះ កិត្យានុភាពជាតិ ​ត្រូវបានលើកស្ទួយយ៉ាងខ្ពស់ត្រដែត​លើឆាកអន្តរជាតិ ខណៈដែលយុទ្ធសាស្ត្របញ្ចកោណបានផ្តល់ប្រយោជន៍យ៉ាងធំធេង និងឆាប់រហ័ស​ដល់​ប្រជាពលរដ្ឋ។

កាន់តែពិសេសទៀតនោះ យុទ្ធសាស្ត្របញ្ចកោណនេះទៀតសោត ​ក៏ត្រូវបានស្វាគមន៍ដោយអគ្គលេខាធិការអង្គការសហប្រជាជាតិ ក៏ដូចជាបណ្តាប្រទេសជាមិត្ត ដោយសារតែយុទ្ធសាស្រ្តនេះបានលើកស្ទួយសង្គម-សេដ្ឋកិច្ច ស្របតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់អង្គការសហប្រជាជាតិ។ នេះបើតាមការកត់សម្គាល់បន្ថែមរបស់អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល៕

Share.