ទោះ​ជា​​មក​ដល់​បច្ចុប្បន្ន​មាន​រយៈ​ពេល​មួយឆ្នាំ​ពេញ​ក្ដី​ដែល​ក្រុម​ចម្រៀង​ Blackpink មិន​បាន​ទម្លាក់​បទ​ចម្រៀង​ឬ​Contentគួរ​ឱ្យ​ចាប់​អារម្មណ៍​ណាមួយ​នៅ​លើ​ YouTube ប៉ុន្តែ​ Channel Blackpink នៅ​លើ​ YouTube នៅ​តែ​បន្ត​កំនើន​ចំនួន​ទស្សនា​ច្រើន​ឡើង​​ហួស​ការ​ស្មាន​។

យោង​តាម​ទិន្នន័យ​របស់​ YouTube សព្វថ្ងៃ​ Blackpink មាន​ចំនួន​ Views សរុប​ ១៨,៦៦៥,៦៧០,៦១២ ដង​ ដែល​ជាមួយ​ចំនួន​លើស​ពី​ក្រុម​ចម្រៀង​ល្បី​ជា​សកល​លោក​ Maroon 5 ដែល​មាន​ចំនួន​ Views សរុប​ ១៨,៦៥៥,៣៥០,៨០៦​ដង​។ ជាមួយ​នឹង​សមិទ្ធិផល​ដ៏​ធំធេង​នេះ​ ក្រុម​ចម្រៀង​នារី​សុទ្ធ​៤​រូប​នៃ​ផលិតកម្ម​ YG បាន​ក្លាយ​ជា​ក្រុម​ចម្រៀង​ដែល​មាន​ចំនួន​ Views ខ្ពស់​ជាង​គេ​បំផុត​លើ​ YouTube នៅ​លើ​ផែនដី​នេះ​។

នេះ​គឺ​ជា​​ចំនួន​មួយ​ដ៏​មហិមា​​និង​លើស​ពី​ការ​រំពឹង​ទុក​​ព្រោះ​ក្រុម​នេះ​ទើប​តែ​មាន​សកម្មភាព​ជិត​៥​ឆ្នាំ​ប៉ុណ្ណោះ​នៅ​លើ​វិស័យ​សិល្បៈ​ចម្រៀង​។ ជាមួយ​នឹង​​ជោគជ័យ​ខាង​លើ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា​ក្រុម​ចម្រៀង​របស់​ YG គឺ​ជា​តារា​មាន​គុណភាព​ សមត្ថភាព​ ទេពកោសល្យ​ អាច​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​អ្នក​នាំ​គាំទ្រ​បាន​ច្រើន​ តាម​រយៈ​ការ​បុកគ្រឹះ​យ៉ាង​មាំ​នៅ​ក្នុង​ឧស្សាហ៍កម្ម​ចម្រៀង​ទាំង​ជាតិ​និង​អន្តរជាតិ​។

មិន​ត្រឹម​តែ​ក្រុម​ Maroon 5 ប៉ុណ្ណោះ​ទេ​ សូម្បី​តែ BTS ​ក្រុម​ល្បី​និង​ជា​គូ​ប្រជែង​ដ៏​ធំ​ក្នុង​ស្រុក​របស់​​ Blackpink ​ក៏​មាន​ចំនួន​សរុប​​លើ​YouTube ត្រឹម​តែ​ ១១,៥៣៩,៩៧៩,៦២២ ដង​ប៉ុណ្ណោះ​ ទាំង​ដែល​ឆាណែល​ BANGTANTV បាន​បង្កើត​តាំង​ពី​ឆ្នាំ ​២០១២​ មក​។

គណនី​ YouTube របស់​ក្រុម​ Blackpink មក​ដល់​បច្ចុប្បន្ន​មាន​ចំនួន​ Subscribe ៦៣,៣ លាន​គណនី​ ដែល​នេះ​គឺ​ជា​ចំនួន​ Subscriber មួយ​ដ៏​ធំ​និងច្រើន​សម្រាប់​សិល្បករ​នារី​ជា​ក្រុម​នៅ​ក្នុង​ពេល​បច្ចុប្បន្ន​។ ក្រុម​ BLINKS ដែល​ជា​ឈ្មោះ​អ្នក​គាំទ្រ​ក្រុម​ចម្រៀង​ Blackpink ពិត​ជា​មាន​មោទកភាព​ខ្លាំង​ចំពោះ​ការ​សម្រេច​បាន​នូវ​​ជោគជ័យ​របស់​តារា​សំណព្វ​ចិត្ត​របស់​ខ្លួន​៕​

ប្រភព​៖ K-Buzznews

Telegram-Troryorng
Share.