អាជ្ញាធរជាតិអប្សរាបានសម្រេចផ្អាកការចូលទស្សនាប្រាសាទកោះកេររយៈពេលមួយព្រឹក ចាប់ពីម៉ោង៧ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២៩ ខែកញ្ញា​ ឆ្នាំ២០២៣។ នេះបើតាមសេចក្ដីជូនដំណឹងរបស់អាជ្ញាធរជាតិព្រះវិហារ។

បើតាមអាជ្ញាធរជាតិ ការផ្អាក់នេះ គឺដើម្បីរៀបចំពិធីបួងសួងកម្រិតថ្នាក់ជាតិ បន្ទាប់ពីរមណីយដ្ឋានប្រាសាទកោះកេរ ត្រូវបានចុះជាសម្បត្តិបេតិកភណ្ឌពិភពលោក។

រមណីដ្ឋានប្រាសាទកោះកេរក្នុងខេត្តព្រះវិហារ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌវប្បធម៌ពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣។

រមណីដ្ឋាននេះស្ថិតនៅលើផ្ទៃដីប្រមាណ៨ពាន់ហិកាតា ដែលមានប្រាសាទជាង៧០ ក្នុងនោះមានប្រាសាទធំមួយ ដែលត្រូវបានចាត់ទុកជាពីរ៉ាមីតនៅអាស៊ីអាគេ្នយ៍។

កោះកេរជាអតីតរាជធានីរបស់ខ្មែរក្នុងសតវត្សរ៍ទី១០ ដែលមានអាយុកាលជាង១ពាន់ឆ្នាំមកហើយ ហើយត្រូវបានកសាងដោយព្រះបាទជ័យវរ្ម័នទី៤ នៅពេលផ្លាស់ប្តូររាជធានីពីក្រុងអង្គរមកតំបន់កោះកេរ៕

Share.