តារា​ចម្រៀង​និយម​លេងស្តាលយ៍​ទំនើប​និង​ទាន់​សម័យ​ អ្នក​នាង​ ទេព បូព្រឹក្ស បាន​ចេញ​មក​ប្រកាស​សន្យា​នឹង​ធ្វើ​ឱ្យ​បាន​ល្អ​ជា​ទីបំផុត​ប្រសិន​បើ​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​ថត​ MV នៅ​ប្រាសាទ​អង្គរ​វត្ត​ ខណៈ​ដែល​កំដៅ​នៃ​បញ្ហា​ចម្រូងចម្រាស​រឿង​ វត្តភូម៉ាន​ហ្វា​ឬ​ប្រាសាទ​ សីហនគរ​ កំពុង​ក្លាយ​ជា​ប្រធាន​បទ​ក្ដៅ​ដែល​អ្នក​លេង​បណ្ដាញ​សង្គម​កំពុង​តែ​ជជែក​វែក​ញែក​គ្នា។​

នៅ​ថ្ងៃ​ទី​២៦ ខែ​កញ្ញា ឆ្នាំ​២០២៣​នេះ​ ម្ចាស់​បទ​ «Top of The Lady» និង «ទេវរាជ» អ្នក​នាង​ ទេព បូព្រឹក្ស បាន​បញ្ចេញ​សារ​ខ្លី ប៉ុន្តែ​ពិត​ជា​មាន​អត្ថន័យ​ចាក់​ដោត​ចិត្ត​ជា​ទីបំផុត​សម្រាប់​អ្នក​ដែល​ស្រលាញ់​ ចង់លើកស្ទួយ​ និង​ចង់ផ្សព្វផ្សាយ​ពី​ប្រាសាទ​អង្គ​រ​វត្ត​ ដែល​ជា​ស្នូល​នៃ​ដួងព្រលឹង​ជាតិ​ និង​អត្តសញ្ញាណជាតិ​​ខ្មែរ​។ តារា​ចម្រៀង​នេះ​​​បាន​សន្យា​ថា​ ​៖ «​បើ​សិន​ជា​ផ្តល់​ឱកាស​ឱ្យ​ខ្ញុំ​បាន​ថត​ ​MV​ ​បទ​ទេវរាជ​ ​នឹង​ មហានគរ​នៅ​ប្រាសាទ​អង្គវត្ត​បាន​ ​ពួក​ខ្ញុំ​នឹង​មិន​ធ្វើ​ឱ្យ​អ្នក​ទាំងអស់​គ្នា​ ខក​បំណង​ឡើយ​»​។

គ្រាន់​តែ​បញ្ចេញ​សារ​ខ្លី​ប៉ុណ្ណេះ​ គេ​ឃើញ​មាន​អ្នក​គាំទ្រ​ពី​គ្រប់​ទិសទី​ ​បាន​ចូល​មក​គាំទ្រ​ចំពោះ​គំនិត​របស់​អ្នក​នាង​គ្រប់​គ្នា។ ​ដោយ​ត្រយង​សូម​សង្ខេប​ពី​ការ​លើក​ឡើង​ខ្លះៗ​របស់​អ្នក​លេង​បណ្ដាញ​សង្គម​ដូច​តទៅ​៖ «​គាំទ្រ​ កូន​ខ្មែរ​ត្រូវ​តែ​តស៊ូ​  ​ប្រាសាទ​អង្គរវត្ត​ជា​របស់​កូន​ខ្មែរ​ ​ជា​ដួង​ព្រលឹង​កូន​ខ្មែរ​ ជា​អត្ត​សញ្ញាណ​ខ្មែរ​ ​គេ​ស្គាល់​ខ្មែរ​ដោយ​សារ​ទង់ជាតិ​ខ្មែរ​ មាន​រូប​ប្រាសាទ​អង្គរវត្ត​ដ៏​អស្ចារ្យ​នេះ​ ​សូម​ប្រជាជន​ខ្មែរ​ ​ផុស​រូប​ជា​របស់​យើង​ ដើម្បី​លុប​បំបាត់​រូប​របស់​គេ​ ​បើ​យើង​យក​របស់​គេ​មក​ផុស​ ​ហើយ​ស៊ែរ​ នោះ​ដូច​យើង​បាន​ជួយ​ផ្សព្វផ្សាយ​ឱ្យ​គេ​កាន់​តែ​ល្បី​ថែម​ទៀត​។​ យើង​ជា​ខ្មែរ​ស៊ែរ​តែ​របស់​យើង​ឱ្យ​ពិភពលោក​បាន​ឃើញ​ថា​ជា​របស់​យើង​ពិត​ប្រាកដ​»«​ល្អ​ខ្លាំង​ណាស់​ ​តាំង​ពី​ចេញ​បទ​ហ្នឹង​មក​មាន​បរទេស​ជា​ច្រើន​បាន​យក​ទៅ​ធ្វើ​ Reaction ​ហើយ​បើ​ចេញ​ជា​ ​MV ​ហើយ​បរទេស​គេ​យក​ទៅ​ ​Reaction​ ទៀត​នឹង​បង្ហាញ​ឱ្យ​ឃើញ​ពី​គោលដៅ​ទេសចរណ៍​កាន់​តែ​ច្បាស់​ ពិសេស​ភាព​អស្ចារ្យ​នៃ​អង្គរ​។​»​

សូម​ជម្រាបជូន​ថាតារា​ចម្រៀង​យ៉េយ៉េ ចូលចិត្ត​លេងស្តាលយ៍​ប្លែកៗ​ទំនើប​ទាន់​សម័យ​រូប​នេះ​ តែងតែ​បញ្ចូល​នូវ​វប្បធម៌​ខ្មែរ​ មិន​ថា​ជា​របាំ ឧបករណ៍​តន្ត្រី​ ឬ​ទម្រង់​សិល្បៈ​បុរាណ​ទៅ​ក្នុង​បទ​ចម្រៀង​របស់​ខ្លួន​ជា​និច្ច​ ដូច​ជា​បទ​ចម្រៀង​ដ៏ល្បីល្បាញ​ Top Of The Lady ដែល​បទ​នេះ​បាន​បញ្ចូល​នូវ​ទម្រង់​សិល្បៈ​ល្ខោន​ខោល​​ទៅ​ក្នុង​ឈុត​ឆាក​នៃ​បទ​ចម្រៀង​ជា​ដើម​៕

Share.