ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានបង្ហាញអំពីការយកចិត្តទុកដាក់ខ្លាំងលើសកម្មភាព នៃការសាងសង់សំណង់ នៅវត្តភូម៉ានហ្វា ក្នុងខេត្តបុរីរម្យ ប្រទេសថៃ។ សេចក្ដីជូនដំណឹង ចេញផ្សាយនាព្រលប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២៣នេះ ក្រសួងបានបញ្ជាក់ថាក្រុមការងារជំនាញ បានតាមដានជាប្រចាំលើករណីនេះតាំងពីដើមរៀងមក ពោលគឺចាប់តាំងពីករណីនេះបានផ្ទុះឡើងនាអំឡុងឆ្នាំ២០២១មកម្ល៉េះ។

តបទៅនឹងមន្ទិល និងសំណូមពររបស់សាធារណមតិមួយចំនួន ក្រសួងបានពន្យល់ថាចំណាត់ការកន្លងមកដែលក្រសួងបានធ្វើ គឺផ្ដោតលើសកម្មភាពទំនាក់ទំនងការទូតរវាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងភាគីថៃ តាមរយៈស្ថានទូតថៃប្រចាំនៅកម្ពុជា និងក្រសួងវប្បធម៌ថៃ ដោយបានបញ្ចូនអ្នកសិក្សាស្រាវជ្រាវ ចុះទៅពិនិត្យទីតាំងសាងសង់ផ្ទាល់ ប៉ុន្តែស្ថានភាពនៅពេលដែលអ្នកជំនាញចុះទៅបានពិនិត្យឃើញថា សំណង់នៅមិនទាន់មានការសង់បន្ថែមនៅឡើយ។

បើតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រណីនៃការបញ្ជូនអ្នកជំនាញចុះត្រួតពិនិត្យ និងចរចា គឺភាគីកម្ពុជា មានជំហរច្បាស់លាស់ ក្នុងការទប់ស្កាត់នូវរាល់ទង្វើទាំងឡាយណាដែលបានចម្លងអត្តសញ្ញាណជាតិ ដោយផ្អែកទៅលើសកម្មភាពការទូត ការងារផ្ទៀងផ្ទាត់បែបបច្ចេកទេស ការងារចុះពិនិត្យទីតាំងផ្ទាល់ និងការងារផ្លូវច្បាប់ជាតិនិង អន្តរជាតិក្នុងករណីដែលត្រូវប្រកាន់យក។

ក្រសួងបានថ្លែងអំណរគុណចំពោះទឹកចិត្តស្រឡាញ់ ការគាំទ្រមោះមុតរបស់ប្រជាពលរដ្ឋ និង ការចូលរួមផ្ដល់ព័ត៌មានគ្រប់ជ្រុងជ្រោយដែលជាជំនួយដ៏សំខាន់សម្រាប់កិច្ចការអភិរក្សបេតិកភណ្ឌដ៏ថ្លៃថ្លារបស់ជាតិ និងបានសង្កត់ធ្ងន់ ក្រុមការងារក្រសួងវប្បធម៌ និងវិចិត្រសិល្បៈនៅតែបន្តនីតិវិធីដោះស្រាយតាមជំនាញ និងការទូត៕

Share.