ជនសង្ស័យ២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនក្រោយពីលួចម៉ូតូរបស់ជនរងគ្រោះនៅក្នុងបុរីមួយកន្លែងក្នុងស្រុកអង្គស្នួលខេត្តកណ្តាលនៅថ្ងទី២៦ខែកញ្ញាឆ្នាំ២០២៣។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ អ៊ីម រីសសាន់ ហៅសាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកបរ មានទីលំនៅភូមិតាប៉ាង ឃុំសំរោងលើ ស្រុកអង្គស្នួល ខេត្តកណ្តាល ។ 

ប្រភពីសមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបាននោះរួមមាន៖

១.ឈ្មោះ ជឹម វិឌ្ឍន៍ ហៅវង់ ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទ្រា៣ សង្កាត់មានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញជាអ្នកចូលលួច សមត្ថកិច្ចធ្វើតេស្តរកឃើញសារធាតុញៀនក្នុងទឹកនោម។

២.ឈ្មោះ ជូន ចៅឡុង ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ មានទីលំនៅបន្ទប់ជួល ភូមិស្នួនពេជ្រ សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ (អ្នកបើកម៉ូតូ )មានផ្ទុកសារធាតុញៀននៅក្នុងទឹកនោមដូចគ្នា។

ចំពោះវត្ថុតាមដែលសមត្ថកិច្ចដកហូតបានរួមមាន៖

១.ម៉ូតូ ០១គ្រឿងម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ បិតតែម២០២០ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1-L3019 (របស់ជនរងគ្រោះ យកបានមកវិញ)។

២.ម៉ូតូ ០១គ្រឿងម៉ាក Nex ពណ៌ខៀវ+ស ឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FW-3437 (របស់ជនសង្ស័យ ជិះធ្វើសកម្មភាព)។

៣.ដែកមុខសំប៉ែត ០១ សម្រាប់កាច់សោម៉ូតូ និងកូនសោ ០១ ប្រភេទខ្សៀលេខ០៨ មានរុំស្កុតខ្មៅ (របស់ជនសង្ស័យ)។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនចេញពីផ្ទះ សំដៅទៅផ្ទះឈ្មោះ ធី សំណាង ភេទប្រុសអាយុ៣១ឆ្នាំ ស្ថិតនៅភូមិត្រពាំងអណ្តូង ឃុំសំរោងលើ គោលបំណងទៅរកខ្ចីសោសម្រាប់ដោះស៊ីម៊ាំងឡានដឹកមាន់ យកទៅផ្សារជួសជុល ដោយស៊ីម៊ាំងឡានធ្លាយ។ ពេលជនរងគ្រោះជិះម៉ូតូទៅដល់ ក៏បានទុកម៉ូតូនៅក្បែរជណ្តើរផ្ទះខាងមុខ ហើយដើរទៅរើរកកូនសោនៅខាងក្រោយផ្ទះ ដោយមិនបានដកកូនសោចេញពីម៉ូតូឡើយ។ មួយសន្ទុះក្រោយមកស្រាប់តែឮសំឡេងអ្នកផ្ទះខាងមុខ ស្រែកថាចោរលួចម៉ូតូៗ ភ្លាមនោះជនរងគ្រោះបានស្ទុះរត់ចេញទៅមើលក៏ឃើញ ជនសង្ស័យម្នាក់ធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន និងជនសង្ស័យម្នាក់ទៀតអង្គុយលើម៉ូតូនៅក្រៅរបង រួចជនសង្ស័យទាំង ០២នាក់ ជិះម៉ូតូគេចខ្លួនចេញទៅទិសខាងត្បូងតាមផ្លូវបេតុងចូលទៅក្នុងបុរីឡាក់គីហូម ។ ពេលនោះជនរងគ្រោះបានខ្ចីម៉ូតូម្ចាស់ផ្ទះ ជិះដេញតាមពីក្រោយហើយស្រែកថាចោរលួចម៉ូតូៗ ចំណែកសន្តិសុខយាមបុរីបានជួយហៅតាមអាយកូមប្រាប់ទៅគោលដៅខាងលិច (ជាច្រកចេញ) ឱ្យទាញទ្វាររបងបិទ ហើយជនសង្ស័យបើកម៉ូតូត្រឡប់ក្រោយវិញ តែត្រូវជនរងគ្រោះស្ទាក់ពីមុខហើយជនសង្ស័យបានបើកម៉ូតូទៅបុកខឿនសួនច្បារបុរីបណ្តាលឱ្យបាក់ខ្នងកង់ម៉ូតូរបស់ជនរងគ្រោះ រួចជនសង្ស័យបានផ្តួលម៉ូតូ ហើយរត់ឡើងម៉ូតូរបស់បក្ខពួកជនសង្ស័យម្នាក់ទៀត ម៉ាក Nex  ពណ៌ខៀវ+ស ផលិតឆ្នាំ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FW-3437 ។

បន្ទាប់មកកម្លាំងសមត្ថកិច្ចប៉ុស្ដិ៍ និងកម្លាំងផ្នែកជំនាញស្រុក បានទទួលព័ត៌មាន ក៏បានចុះអន្តរាគមន៍ភ្លាម ហើយសហការជាមួយកម្លាំងសន្តិសុខបុរី និងប្រជាពលរដ្ឋល្អដេញស្ទាក់ធ្វើការឃាត់ខ្លួនសង្ស័យទាំង ០២នាក់ ឆែករកឃេីញឧបករណ៍កាច់សោម៉ូតូ  នៅក្នុងហៅប៉ៅខោឈ្មោះ  ជឹម វិឌ្ឍន៍ ហៅវង់  រួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកអង្គស្នួល ដើម្បីសាកសួរនាំបន្តតាមនីតិវិធីច្បាប់។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង ០២នាក់ បានឆ្លើយសារភាពថា ខ្លួននិងបក្ខពួកបានជិះម៉ូតូឌុបគ្នាធ្វើដំណើរចេញពីផ្សារស្ទឹងមានជ័យ ដើម្បីធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះប្រាកដមែន៕

អត្ថបទ៖តាខ្មៅ

Share.