ដើម្បីឈានទៅសម្រេចបាននូវចក្ខុវិស័យទេសចរណ៍ គ្រប់ជ្រុងជ្រោយមួយ ស្តីពីការលើកកម្ពស់កិត្យានុភាព និងភាពធន់របស់កម្ពុជានោះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដការចំនួន៥ចំណុច។ 

នៅក្នុងសារលិខិត អបអរសាទរទិវាទេសចរណ៍ពិភពលោកឆ្នាំ២០២៣ ក្រោមប្រធានបទ “ទេសចរណ៍ និងការវិនិយោគបៃតង” ដែល ប្រព្រឹត្តទៅនៅថ្ងៃទី២៧ ខែកញ្ញា ២០២៣ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានលើកឡើងថា ឆ្នាំ២០២៣នេះ ក្រោមយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣ (Visit Cambodia Year 2023)» កម្ពុជារំពឹងទទួល បានទេសចរអន្តរជាតិប្រមាណ ៥លាននាក់ កើនឡើង ១២០% និងទេសចរជាតិប្រមាណ ១៧លាននាក់ និង ឆ្នាំ២០២៨ ទេសចរអន្តរជាតិអាចកើនដល់ ៨លាននាក់។

ដើម្បីសម្រេចបាននូវចក្ខុវិស័យទេសចរណ៍នេះ រាជរដ្ឋាភិបាលកម្ពុជាបានដាក់ចេញនូវយន្ដការ៥ចំណុចដូចខាងក្រោមនេះ

១- ត្រូវបង្កើនការវិនិយោគ និងបន្តកសាងមូលធនមនុស្សបន្ថែមទៀត រាប់ទាំងការគិតគូរកម្មវិធីសិក្សា ប្រកបដោយភាពច្នៃប្រឌិត និងភាពរស់រវើក ធានាឱ្យបានអ្នកបម្រើការងារក្នុងវិស័យទេសចរណ៍ មានសមត្ថភាព និងក្រមសីលធម៌វិជ្ជាជីវៈដែលអាចសម្របខ្លួនបានទៅនឹងការប្រែប្រួលនាពេល អនាគត និងរក្សាបាននូវឧត្តមភាពប្រកួតប្រជែងខ្ពស់របស់កម្ពុជានៅក្នុងតំបន់ និងសកលលោក។ ក្នុងន័យនេះ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍ ផ្នែកឯកជន ជួយសហការគាំទ្រក្រសួង ទេសចរណ៍ ក្នុងការបន្តពង្រឹងការអនុវត្តផែនការអភិវឌ្ឍន៍ធនធានមនុស្ស ស្របតាមយុទ្ធសាស្ត្រ បញ្ចកោណ-ដំណាក់កាលទី១ ដោយផ្តល់អាទិភាពលើការបណ្តុះបណ្តាលជំនាញទេសចរណ៍ដល់ បុគ្គលបម្រើការងារក្នុងសេវាទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ ភាពជោគជ័យនៃការទាក់ទាញ និងការរក្សាបាននូវទេពកោសល្យក្នុងវិស័យទេសចរណ៍ នឹងចូលរួមជំរុញដល់យុទ្ធសាស្ត្រពិពិធកម្ម ទេសចរណ៍ ការអភិវឌ្ឍសេដ្ឋកិច្ចច្នៃប្រឌិត ការចូលរួមការពារ និងអភិរក្សសម្បត្តិវប្បធម៌ ធម្មជាតិ និងប្រពៃណីទំនៀមទំលាប់ខ្មែរ។

២- ត្រូវបង្កើនការវិនិយោគ លើកកម្ពស់ប្រសិទ្ធភាពនៃការគ្រប់គ្រង និងការអភិវឌ្ឍទេសចរណ៍ ស្របតាម ចក្ខុវិស័យឆ្ពោះទៅគោលដៅអនាគតនៃទេសចរណ៍កម្ពុជា ស្អាត បៃតង និងចីរភាព។ ក្នុងបរិការណ៍នេះ សូមក្រសួងទេសចរណ៍ ស្ថាប័នពាក់ព័ន្ធ និងវិស័យឯកជន ជំរុញការអនុវត្តស្តង់ដារសណ្ឋាគារបៃតង អាស៊ាន និងឈានទៅបង្កើតស្តង់ដារបៃតងសម្រាប់សេវាទេសចរណ៍នានា សំដៅចូលរួមសម្រេច គោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព របស់អង្គការសហប្រជាជាតិ។

៣- ត្រូវបង្កើនការវិនិយោគដើម្បីវិបុលភាពរួម តាមរយៈការជំរុញបរិវត្តកម្មឌីជីថល នវានុវត្តន៍ និង សហគ្រិនភាព ក៏ដូចជាការបង្កើនការទាញយកផលប្រយោជន៍ជាអតិបរមាពីវិស័យទេសចរណ៍។ ការណ៍នេះ យើងត្រូវធ្វើយ៉ាងណា ធានាឱ្យបាននូវបរិយាបន្នក្នុងការបែងចែកផលប្រយោជន៍ពី ការអភិវឌ្ឍវិស័យទេសចរណ៍ តាមរយៈភាពជាដៃគូចតុភាគី រដ្ឋ-ឯកជន-ប្រជាពលរដ្ឋ-ដៃគូអភិវឌ្ឍ និងគាំទ្រដល់សកម្មភាពធុរកិច្ច សហគ្រាស មីក្រូ តូចនិងមធ្យម និងបុគ្គលបម្រើការងារក្នុងសវា ទេសចរណ៍នៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ។

៤- បន្តជំរុញចលនាទេសចរផ្ទៃក្នុងឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត តាមរយៈការជំរុញការអនុវត្តយុទ្ធនាការ «ឆ្នាំទស្សនាកម្ពុជា ២០២៣» យុទ្ធនាការ «ទស្សនាស្រុកយើង» ក្រោមស្មារតី «ស្រលាញ់ជាតិ ត្រូវស្គាល់ទឹកដី» យុទ្ធនាការផ្សព្វផ្សាយក្រោមគុណតម្លៃ «ភាពជាខ្មែរ» និងយុទ្ធនាការទេសចរណ៍ ដទៃទៀត។ ក្នុងន័យនេះ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ខ្ញុំសូមកោតសរសើរដល់ក្រសួងទេសចរណ៍ ដែលកន្លងមក បានអនុវត្តប្រកបដោយជោគជ័យនូវ “វិធានការគោលនយោបាយជំរុញទេសចរណ៍ ផ្ទៃក្នុង ឆ្នាំ២០២១-២០២៣ ។

៥- ស្នើឱ្យក្រសួង ស្ថាប័នពាក់ព័ន្ធ និងដៃគូអភិវឌ្ឍក្នុងវិស័យទេសចរណ៍ទាំងអស់ ផ្ដល់កិច្ចសហការ និង ជួយគាំទ្រក្រសួងទេសចរណ៍លើគ្រប់រូបភាព ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការវិវត្តរបស់វិស័យ ទេសចរណ៍កម្ពុជា និងជំរុញវិស័យនេះឱ្យកាន់មានភាពរស់រវើក ភាពប្រកួតប្រជែង ចីរភាព និង បរិយាបន្ន ក្នុងគោលដៅបង្កើនប្រសិទ្ធភាពនៃការគ្រប់គ្រងកិត្តិនាមកម្ពុជា ផ្សព្វផ្សាយភាពទាក់ទាញ ទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារទេសចរណ៍សំខាន់ៗ អភិវឌ្ឍផលិតផលទេសចរណ៍ប្រកបដោយ នវានុវត្តន៍ ភាពច្នៃប្រឌិត ព្រមទាំងអភិវឌ្ឍធនធាននិងគោលដៅទាក់ទាញទេសចរណ៍ប្រកបដោយ ភាពប្រកួតប្រជែងខ្ពស់។

សូមជម្រាបជូនថា ក្នុងមួយទសវត្សរ៍ ចុងក្រោយនេះ វិស័យទេសចរណ៍កម្ពុជាបានរីកលូតលាស់គួរជាទីមោទកៈ។ ប៉ុន្តែ ជាអកុសល ការរីកចម្រើនវិស័យនេះ ត្រូវបានបង្អាក់ស្ទើរតែទាំងស្រុង ក្នុងរយៈពេលជាង៣ឆ្នាំចុងក្រោយ ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ ដែលបានជះឥទ្ធិពលអវិជ្ជមាន និងបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចនៅទូទាំង សកលលោក។ ជាការកត់សម្គាល់ វិស័យទេសចរណ៍ បានរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដែលបានដាក់សម្ពាធ យ៉ាងខ្លាំងដល់ប្រតិបត្តិករជាច្រើននៅក្នុងវិស័យនេះ៕

សូមអានសារលិខិតទាំងស្រុងដូចខាងក្រោម៖

Share.