ក្លិបបាល់ទាត់ Inter Miami CF បារងបរាជ័យនៅវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ U.S. Open Cup ឆ្នាំ២០២៣ ក្រោមថ្វីជើង Houston Dynamo ក្នុងលទ្ធផល ២-១ នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា នៅកីឡដ្ឋាន DRV PNK សហរដ្ឋអាមេរិក។

ស្របពេលដែលខ្សែប្រយុទ្ធឆ្នើម Lionel Messi និងខ្សែការពារ Jordi Alba មិនអាចបង្ហាញខ្លួនក្នុងជំនួបវគ្គផ្តាច់ព្រ័ត្រ នៃពានរង្វាន់ U.S. Open Cup ឆ្នាំ២០២៣ ដោយសារបញ្ហារបួសជើងមិនទាន់ជាសះស្បើយ១០០ភាគរយ។

កាលពីពេលថ្មីៗនេះក្លិបបាល់ទាត់ Inter Miami CF ទើបតែគ្រងជើងឯក Leagues Cup បន្ទាប់ពីយកឈ្នះ Nashville ដោយទាត់បាល់កាត់សេចក្តី១១ម៉ែត្រ ក្នុងលទ្ធផល ១០-៩ បន្ទាប់ពីស្មើ ១-១ នៅម៉ោងធម្មតា៩០នាទី និងម៉ោងបន្ថែម១៥នាទី២ដង។

នេះគឺជាការឡើងទៅវគ្គផ្តាច់ព្រ័ត្រ២លើកជាប់គ្នា របស់ក្លិបបាល់ទាត់ Inter Miami CF ក្រោមការដឹកនាំរបស់លោក Gerardo Martino ចាប់តាំងពីវត្តមានរបស់ខ្សែប្រយុទ្ធឆ្នើម Lionel Messi មកដល់ទឹកដីអាមេរិក ឈ្នះ១ និងចាញ់១។

គួរដឹងថាកិច្ចសន្យារបស់ Lionel Messi ជាមួយក្លិបបាល់ទាត់ Inter Miami ដែលមានលោក David Beckham ជាប្រធានក្លិបគឺមានរយ:ពេល២ឆ្នាំកន្លះ ជាមួយជម្រើសបន្តកុងត្រា១ឆ្នាំបន្ថែមទៀត ដោយទទួលបានថ្លៃនឿយហត់ ៥៤ លានដុល្លារក្នុង១ឆ្នាំ៕

Share.