ទីបំផុតទៅ ការចរចាប្រាក់ឈ្នូលអប្បបរមាប្រចាំឆ្នាំ សម្រាប់កម្មករ កម្មការិនី រវាងរាជរដ្ឋាភិបាល តំណាងសហជីព និងតំណាងថៅកែរោងចក្រ ទទួលបានលទ្ធផលជាផ្លូវការ ដោយនៅឆ្នាំ២០២៤ខាងមុខនេះ ប្រាក់ខែអប្បបរមា ឬទាបបំផុត សម្រាប់កម្មករ កម្មការិនី មានចំនួន២០៤ដុល្លារអាមេរិក។ នេះបើតាមសម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជូនជនរួមជាតិ មានខ្លឹមសារដូចខាងក្រោម។

សម្តេចធិបតី ហ៊ុន ម៉ាណែត ៖ «មុននេះបន្តិច ខ្ញុំទទួលបានរបាយការណ៍ពី ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អំពីលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា លើតួលេខចំនួន ៣ គឺតួលេខ ២០២ដុល្លារ តួលេខ២០៤ដុល្លារ និងតួលេខ ២១៣ដុល្លារ ដោយក្នុងនោះ តួលេខ ២០២ដុល្លារ ទទួលបានសម្លេង ៤៦ លើ ៥១សម្លេង និងតួលេខ ២១៣ដុល្លារ ទទួលបានសម្លេង ៥ លើ ៥១សម្លេង។

យោងលើសម្លេងបោះឆ្នោតលើតួលេខនីមួយៗ និងយោងតាមច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានឹងកំណត់តួលេខ ២០២ដុល្លារ ជាតួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០២៤។

ខ្ញុំបានតាមដានយ៉ាងយកចិត្តទុកដាក់លើការពិភាក្សាប្រាក់ឈ្នួលអប្បបរមានេះតាំងពីពេលចាប់ផ្តើម។ ការជួយលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ រួមទាំងបងប្អូនកម្មករនិយោជិតគឺជាអាទិភាពខ្ពស់បំផុតរបស់រាជរដ្ឋាភិបាល។ ឈរលើមូលដ្ឋាននៃលទ្ធភាពជាក់ស្តែង ដែលរាជរដ្ឋាភិបាលអាចសម្រួលជូនទៅភាគីនិយោជក ខ្ញុំបានសម្រេចបន្ថែម ២ដុល្លារ ទៅលើតួលេខ ២០២ដុល្លារ ដែលជាលទ្ធផលបោះឆ្នោតរបស់ក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាខាងលើ។

ដូច្នេះ ប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ឆ្នាំ២០២៤ គឺ ២០៤ដុល្លារ ក្នុង ១ខែ។

ខ្ញុំសូមឱ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជិវៈ ធ្វើការផ្សព្វផ្សាយ និងជូនដំណឹងដល់បងប្អូនកម្មករ និយោជិត ក៏ដូចជាសាធារណជនឱ្យបានជ្រាបជាព័ត៌មាន។

ទន្ទឹមនឹងការដំឡើងប្រាក់ឈ្នួលនេះ ខ្ញុំសូមជម្រាបជូនបងប្អូនកម្មករនិយោជិត និងសាធារណជនថា ខ្ញុំនឹងបន្តជំរុញដល់ក្រសួង ស្ថាប័ន អាជ្ញាធរពាក់ព័ន្ធពិនិត្យតាមដាន និងដាក់វិធានការបន្ថែម ដើម្បីពិនិត្យលទ្ធភាពកាត់បន្ថយបន្ទុកចំណាយរបស់បងប្អូនកម្មករនិយោជិត។ ទន្ទឹមនឹងនេះ ខ្ញុំនឹងដឹកនាំកិច្ចប្រជុំជាមួយវិស័យឯកជនមួយនៅខែវិច្ឆិកា ខាងមុខ ដើម្បីកែលម្អបរិយាកាសវិនិយោគ និងការធ្វើធុរកិច្ចនៅកម្ពុជា សំដៅបង្កើនភាពប្រកួតប្រជែង និងទាក់ទាញទុនវិនិយោគបន្ថែម និងបង្កើតការងារថ្មីៗជូនប្រជាពលរដ្ឋ។

ខ្ញុំសូមអរគុណ និងសូមកោតសរសើរដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសភាគីតំណាងបងប្អូនកម្មករនិយោជិត និងតំណាងនិយោជក ដែលបានខិតខំប្រកបដោយវិជ្ជាជីវៈ និងស្មារតីរួមក្នុងការពិភាក្សាប្រាក់ឈ្នួលអប្បបរមាឆ្នាំនេះ»។

Share.