យ៉ាងហោចណាស់មនុស្ស២នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីលួចម៉ូតូរបស់ជនរងគ្រោះពេលទៅផ្លាស់ចំណង គោនៅក្នុងវាលស្រែហើយមិនបានដកកូនសោ។ហេតុការន៍នេះកើតឡើងនៅ ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ០៩:០០នាទី នៅចំណុចភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ចិន ឆែម ភេទប្រុស អាយុ៦៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិពាមល្វែក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យ២នាក់ដែលសមត្ថកិច្ចឃាត់ខ្លួនបានរួមមាន៖១.ឈ្មោះ ហេង ច្រិប ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រៃពពែ ឃុំព្រៃកន្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង ។ជនសង្ស័យរូបនេះធ្លាប់ជាប់ពន្ធនាគារព្រៃស រយៈពេល ០៦ខែ ពីបទ ប្រើប្រាស់នូវសារធាតុញៀន ។២.ឈ្មោះ ខេន ប្រុស ភេទប្រុស អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិត មានទីលំនៅភូមិត្រពាំងក្រពើ ឃុំទឹកហូត ស្រុករលាប្អៀ ខេត្តកំពង់ឆ្នាំង។ជនសង្ស័យទាំង២នាក់មានផ្ទុកសារធាតុញៀននៅក្នុង ទឹកនោមដូចគ្នា។

យើងតាមកំណត់ហេតុរបស់សមត្ថកិច្ចបង្ហាញថា  នៅថ្ងៃកើតហេតុ ជនរងគ្រោះឈ្មោះ ចិន ឆែម បានជិះម៉ូតូចេញពីផ្ទះរបស់ខ្លួន ទៅផ្លាស់សត្វគោ នៅចំណុចផ្លូវក្រាលគ្រួសក្រហម ច្រកចូលវត្តទួលបាយក្អែក ដោយក្នុងពេលនោះជនរងគ្រោះ បានឈប់ចតម៉ូតូ ទុកនៅ ក្រោមដើមអំពិលបារាំង និងពុំបានដកកូនសោម៉ូតូ ចេញពីម៉ូតូឡើយ រួចក៏ដើរទៅផ្លាស់សត្វ គោខាងលិចផ្លូវ មានចំងាយពីកន្លែងចតម៉ូតូប្រវែង ៥០ម៉ែត្រជួនពេលនោះមានជនសង្ស័យ ចំនួន ០២នាក់ ជិះម៉ូតូម៉ាកណិក ពណ៌ស ជិះមកពីទិសខាងត្បូង មកឈប់ក្បែរម៉ូតូរបស់ ជនរងគ្រោះ ភ្លាមនោះជនសង្ស័យម្នាក់ដែលអង្គុយខាងក្រោយ បានចុះពីម៉ូតូធ្វើសកម្មភាព លួចយកម៉ូតូរបស់ជនរងគ្រោះជិះ គេចចេញទៅទិសខាងលិចទៅទិសខាងត្បូង ក្នុងពេល នោះដែរជនរងគ្រោះបានឃើញក៏ស្រែក ខ្លាំងៗថាចោរៗ លួចម៉ូតូ ស្រែកបណ្ដើរ រត់ដេញ បណ្ដើរ ស្របពេលនោះក៏មានអ្នកភូមិដែលរស់នៅអមផ្លូវ និងប្រជាការពារភូមិ បាននាំគ្នាជួយដេញស្ទាក់ឃាត់ ខណៈពេលនោះជនសង្ស័យបានផ្តួលម៉ូតូរបស់ជនរងគ្រោះ ចោល រួចឡើងជិះម៉ូតូនាំគ្នារត់គេចខ្លួនតាមបណ្តោយផ្លូវជាតិលេខ៥ បន្ទាប់មកកម្លាំងប៉ុស្តិ៍ នគរបាលរដ្ឋបាលកំពង់លួង បានសហការជាមួយកម្លាំងផ្នែកជំនាញ កម្លាំងប៉ុស្តិ៍នគរបាល រដ្ឋបាលវិហារលួង កម្លាំងប៉ុស្តិ៍ផ្សារដែក និងកម្លាំងប៉ុស្តិ៍ភ្នំបាត កម្លាំងផ្នែកប្រឆាំង គ្រឿងញៀន បានធ្វើការដេញស្ទាក់ចាប់ឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ខាងលើ នៅចំណុចភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល ព្រមទាំងចាប់យក មធ្យោបាយរបស់ជនសង្ស័យខាងលើ បញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮ ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា៖ នៅមុនពេលកើតហេតុ ពួកខ្លួនទាំង ០២នាក់ បានទិញគ្រឿង នៅភ្នំពេញ ០១កញ្ចប់ តម្លៃ ៥០,០០០រៀល យកមកជក់អស់ រួចហើយបាននាំគ្នាជិះម៉ូតូម៉ាក Nex ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HT-4771 ជិះដើរ មើលក្នុងគោលបំណងធ្វើសកម្មភាពលួចម៉ូតូរបស់គេតាមផ្លូវ រហូតដល់ពេលកើត ហេតុ ខាងលើ ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចយកម៉ូតូរបស់គេជិះចេញ ពីកន្លែង កើតហេតុ ដោយមានប្រជាពលរដ្ឋដេញស្ទាក់ច្រើនពេក ក៏ផ្ដួលម៉ូតូរបស់ជនរងគ្រោះចោល រួចហើយបាននាំគ្នាជិះម៉ូតូរត់គេចខ្លួន បន្ទាប់មកមានប្រជាពលរដ្ឋ និងសមត្ថកិច្ច បានចាប់ឃាត់ពួកខ្លួនបានតែម្តង។

ក្រោយចាប់ខ្លួន ជនសង្ស័យខាងលើ ត្រូវបាននាំទៅកាន់ អធិការដ្ឋាននគរបាល ស្រុកពញាឮ ដើម្បីចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.