បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមពាក្យបណ្តឹងរបស់ម្ចាស់ម៉ូតូករណីលួចម៉ូតូក្នុងបុរីមួយកន្លែងនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅកាលពី ថ្ងៃទី២៦ខែកញ្ញា។

ជនរងគ្រោះជាម្ចាស់ម៉ូតូមានឈ្មោះ ឌី ចាន់ថន ភេទស្រី អាយុ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។

ចំណែកជនសង្ស័យមានឈ្មោះ ឡុង ឌីណា ភេទប្រុស អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ មានទីលំនៅភូមិត្រពាំងឃ្លាំង ឃុំត្រពាំងឃ្លាំង ស្រុកឈូក ខេត្តកំពត ។ជនសង្ស័យជាអ្នករស់នៅជាមួយមេរោគអេដស៍។

យោងតាមកំណត់ហេតុពីសមត្ថកិច្ចបង្ហាញថា មុនពេលកើតហេតុ ដោយជនសង្ស័យបាន រស់នៅជាមួយជនរងគ្រោះ ក្នុងរោងកម្មករដែលនៅក្នុងបុរី L.M អស់រយៈពេលជិតមួយ ឆ្នាំមកហើយ។ លុះនៅថ្ងៃទី២៦.០៩.២០២៣ វេលាម៉ោង ១៤ជាង ជនសង្ស័យក៏បាន សុំខ្ចីម៉ូតូ ម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ ភ្នំពេញ 1JV-3987 របស់ជន រងគ្រោះប្រាប់ថាទៅរកទិញទឹកដោះគោឲ្យចៅមួយភ្លែត ពេលនោះជនរងគ្រោះក៏បានហុច សោម៉ូតូឲ្យទៅជនសង្ស័យ បានមួយសន្ទុះក្រោយមកជនសង្ស័យក៏បានយកម៉ូតូនិងសោ ប្រគល់មកឲ្យជនរងគ្រោះវិញ។

បន្ទាប់មកម៉ោងប្រហែល ១៦:០០នាទី ស្រាប់តែជនរងគ្រោះ ចេញពីក្នុងរោង ដើរទៅ កន្លែងម៉ូតូស្រាប់តែមិនឃើញ ក៏បានសួរកម្មករដែលរស់នៅក្នុងបុរី L.M ដូចគ្នា ថាមាន ឃើញម៉ូតូរបស់គាត់ដែរឬទេ ពេលនោះគេបានប្រាប់ថាឃើញបុរសម្នាក់ឈ្មោះ ឌីណា បានជិះចេញទៅបាត់ហើយ លឺដូចនោះជនរងគ្រោះ បានមកដាក់ពាក្យ បណ្តឹងនៅ ប៉ុស្តិ៍កំពង់សំណាញ់ ដើម្បីឲ្យជួយស្រាវជ្រាវបន្ត។

រហូតដល់ថ្ងៃទី២៧.០៩.២០២៣ ទើបកម្លាំងប៉ុស្តិ៍កំពង់សំណាញ់ សហការណ៍ ជាមួយកម្លាំងសមត្ថកិច្ចស្រុកកំពង់ត្រាច ខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបាន រួមទាំងវត្ថុតាង រួចយកមកសួរនាំនៅប៉ុស្តិ៍កំពង់សំណាញ់ និងកសាងសំណុំរឿងបញ្ជូន មកកាន់អធិការដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី។

ជនសង្ស័យបានរៀបរាប់ប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ យកទៅចម្លងកូនសោមួយទៀត រួចឆ្លៀតពេលជនរងគ្រោះទុកម៉ូតូប្រហែសក៏ លួចយកតែម្តង។

ជនសង្ស័យបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅដើម្បីរៀបចំកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

អត្ថបទ៖តាខ្មៅ

Share.