សិល្បៈ​ជាតិ​៖ អតីត​បវរកញ្ញា​ពិភពលោកឆ្នាំ​២០២១​​ (Miss World Cambodia 2021) កញ្ញា​ ភុំ ​សោភ័ណ្ឌ​ ​ប្រហែល​ជាទប់​លែងជាប់​ហើយ​ ទើប​ដាច់​ចិត្ត​ចេញ​មក​ទម្លាយ​ការ​ឈឺចាប់​រឿង​ត្រូវ​បាន​គេ​កេង​ចំណេញ​កម្លាំង​ញើសឈាម​របស់​ខ្លួន​។

អាន​អត្ថបទ៖ ស្អាតគ្រប់គ្រឿង! ភុំ សោភ័ណ្ឌ Miss World Cambodia 2021 នាំឈុតតំណាងជាតិ «យក្សរាមសូរ» ទៅ ប្រកួតនៅ លើវេទិកាអន្ដរជាតិ

កាល​ពីពេល​ថ្មីៗ​នេះ​ ​យោង​តាម​រយៈ​ការ​បង្ហោះ​មួយ​នៅ​លើ​បណ្ដាញ​សង្គម​ ស្រីស្រស់​សម្រស់​​បាន​ ភុំ សោភ័ណ្ឌ​ បាន​ចេញ​មក​​បង្ហោះ​សារ​ចែក​រំលែក​រឿង​រ៉ាវ​ឈឺចាប់​របស់​ខ្លួន​ ជា​សាធារណៈ​៖ «ហ៎ គ្រាន់តែ​ដើរ​ចេញ​ ដើម្បី​រក​កន្លែងមួយ​ដែល​អាច​ជួយ​ខ្លួន​ឯង​ និង​ក្រុម​គ្រួសារ​ ឱ្យ​អាច​រស់នៅ​ក្នុង​ពិភពលោក​មួយ​នេះ​ ឱ្យ​បាន​សុខ​ប៉ុណ្ណោះ​ បែរជា​ត្រូវ​ក្លាយ​ជា​មនុស្ស​អាក្រក់ភ្លាម  កុំភ្លេច​ថា​ គុណ​ទៅវិញ​ទៅមក​ទេ ខ្ញុំ​យក​ចំណេះ​ ជំនាញ​ សមត្ថភាព​ទៅ​ដូរ​យក​លុយ​ មិនមែន​លុយ​ឱ្យ​ខ្ញុំ​ទាំង​ប៉ុន្មាន​ ខ្ញុំ​ទទួល​ទទេរ នោះ​ទេ​។ ឮគេ​និយាយ​៣០​ពាន់ដង​ ក៏​មិន​ស្មើ​ជួប​ផ្ទាល់​ខ្លួន​ឯង​ដែរ​ ជឿ​ហើយ​»

បន្ទាប់​ពី​ការ​បង្ហោះ​សារ​សារសព្ទ​រឿង​រ៉ាវ​ក្នុង​ចិត្ត​រួច​គេ​ឃើញ​មាន​អ្នក​គាំទ្រ ក៏​ដូច​ជា​អ្នក​មាន​មុខ​មាត់​ក្នុង​វិស័យ​សិល្បៈ​ជា​ច្រើន​បាន​ចូល​មក​សាកសួរ​ចង់​ដឹង​ថា​ការ​បង្ហោះ​របស់​កញ្ញា​នេះ​ចង់​សំដៅ​ដល់​រឿង​អ្វី​? ក្នុង​នោះ​លោក​ កៅសីហា ដែល​ជា​អ្នក​ដឹកនាំ​មួយរូប​របស់​ផលិតកម្ម​ហង្សមាស​-រស្មី​ហង្សមាស បាន​សួរ​ថា​៖ «មាន​រឿង​អី​អូន?» ដោយ​កញ្ញា​យើង​បាន​ឆ្លើយតបយ៉ាង​ខ្លី​វិញ​ថា​៖ «ចាសបង​ រឿង​កេងចំណេញ​កម្លាំង​ពល​កម្ម​»។​ ​ក្រៅ​ពី​នោះ​អ្នក​គាំទ្រកញ្ញា ក៏​ដូច​ជា​មិត្ត​ភក្ដិ​​ជា​ច្រើន​របស់​កញ្ញា​ បាន​ចូល​មក​លើក​ទឹក​ចិត្ត​និង​ផ្ដល់​កម្លាំង​ចិត្ត​របស់​កញ្ញា​ផ្សេងៗ​ពី​គ្នា​ «ដើរ​ចេញ​ហួស​ហើយ កុំ​ងាក​ក្រោយ​ទៀត​ ព្រោះ​ផ្លូវ​ខាង​មុខ​នៅ​មាន​រឿង​ល្អ​ជា​ច្រើន​ទៀត​​នៅ​រង់ចាំ​អូន»​ «សេដម៉ងហ្មង» ​«Be Strong Idol» ​«មាត់​មនុស្ស​ឯង​អើយកុំយក​ចិត្ត​ទុក​ដាក់​អី ​សំខាន់​​លើ​ខ្លួន​​យើង​មិនមែន​ពួក​គាត់​មក​រកស៊ី​ចិញ្ចឹម​យើង​នឹង​គ្រួសារ​ឯណា»​ ​«ស៊ូៗឯង»។​

សូម​រំលឹក​ឡើងវិញ​ថា​ កញ្ញា​ ភុំ សោភ័ណ្ឌ ត្រូវ​បាន​អ្នក​គាំទ្រ​ ឬ​អ្នក​ដែល​តាម​ដាន​វិស័យ​ប្រកួត​សម្រស់​ស្គាល់យ៉ាង​ច្បាស់ ព្រោះ​កញ្ញា​គឺជាម្ចាស់​មកុដ​ Miss World Cambodia ឆ្នាំ​២០២១ ដែល​បាន​តំណាង​ឱ្យ​ប្រទេស​កម្ពុជា​ចេញ​ទៅ​ប្រកួត​នៅ ក្នុង​ទីក្រុង San Juan ប្រទេស​ព័រ​តូ​រី​កូ ដែលមាន​បេក្ខភាព​បវរកញ្ញា​មាន​សម្រស់​ស្រស់ស្អាត​មកពី​បណ្ដា​ប្រទេស​ទាំង​ ៨៣​ ប្រទេស​ចូលរួម​​ប្រកួត​ ដោយ​ការ​ប្រកួត​បាន​ប្រព្រឹត្តទៅ​ នៅ​ ថ្ងៃទី ១៦ ខែធ្នូ ឆ្នាំ ២០២១ កន្លង​ទៅ​។ ​ថ្វី​ត្បិត​មិន​ទទួល​បាន​លទ្ធផល​ជាប់​ក្នុង​លំដាប់​ Top តែ​វត្តមាន​របស់​កញ្ញា ក៏​បាន​បង្ហាញ​ឱ្យ​អន្តរជាតិ​បាន​ចាប់​អារម្មណ៍​មក​លើ​ប្រទេស​កម្ពុជា​ផង​ដែរ​៕

ទស្សនាវីដេអូ​ព័ត៌មាន​ទាំងស្រុងខាង​ក្រោម​នេះ​៖

Share.