សិល្បៈ​ជាតិ​៖ ​នេះ​គឺជា​លើក​ទីមួយ​​ហើយ​ដែល​ ស៊ូ លីផេង បាន​ចាប់​ដៃ​គូ​ច្រៀង​ជាមួយ​នឹង​ ពេជ្រ សូលីកា ​ដែល​មាន​ចំណង​ជើង​ថា​ «សិប្បនិម្មិត» ដោយ​បទចម្រៀង​ថ្មី​នេះ​ទទួល​បាន​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ ជា​ពិសេស​បទ​ចម្រៀង​នេះ​កំពុង​វាយ​ប្រហារ​បេះដូង​​អ្នក​កំពុង​ខូចចិត្ត​។

ទើប​តែ​ចេញ​បាន​រយៈ​ពេល​១០ថ្ងៃ​ប៉ុណ្ណោះ​ (២៣ កញ្ញា ២០២៣) សម្រាប់​បទ​ចម្រៀង​និពន្ធ​ថ្មី​ ខាង​លើ​ ប៉ុន្តែ​សន្ទុះ​នៃ​ការ​គាំទ្រ​វិញ​គឺទទួល​បាន​យ៉ាង​ច្រើន​លើស​លប់​ព្រោះ​គិត​ត្រឹម​ថ្ងៃ​ទី​៣ ខែ​តុលា នេះ​ ទទួល​បាន​ចំនួន​ទស្សនា​រហូត​ដល់​ទៅ 1,520,077 views ព្រម​ទាំង​ជាប់​លំដាប់​លេខ​១ ជា​ Trending For Music  ផង​​ដែរ​។ តារា​ចម្រៀង​ម្ចាស់​រហស្សនាម​ សំណព្វចិត្ត​អ្នក​ខូចចិត្ត​ ស៊ូ លីផេង រមែង​​បញ្ចេញ​បទ​ចម្រៀង​បែប​សេដៗ បែប​ទោល​ដូច្នេះ​ការ​ចាប់​ដៃ​គូ​ជាមួយ​នឹង​អ្នក​នាង​​ពេជ្រ សូលីកា ​អាច​និយាយ​បាន​ថាគឺជារសជាតិថ្មី​ប្លែក​មួយ​ទៀត សម្រាប់​ជា​ចំណី​អារម្មណ៍​អ្នក​គាំទ្រ​ខ្លួន​។ បទ​ចម្រៀង​ថ្មី​នេះ​មាន​ការ​ចាប់​អារម្មណ៍ជា​ពិសេស​រហូត​​មាន​ផេក​របស់​ថៃ​មួយ​បាន​យក​ទៅ​ផុស​ប្រូម៉ូត​ផ្សព្វផ្សាយ​ថែម​ទៀត​ផង​

​សិប្ប​និម្មិត​ ​គឺ​ជា​បទ​ចម្រៀង​ដែល​រៀបរាប់​ពី​ក្ដី​ស្នេហារវាង​យុវវ័យ​មួយ​គូ​ដែល​មិន​អាច​ចាប់​ដៃ​គ្នា​ជា​គូ​អនាគត​ ព្រោះ​ខាង​ស្រី​ត្រូវ​បង្ខំ​ចិត្ត​រៀបការ​ តាម​ក្រុម​គ្រួសារ​ ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ក្ដី​ បុរស​ដែល​ស្មោះ​ស្នេហា​រូប​នោះ ​នៅតែ​ព្រួយបារម្ភ​​ និង​រង់ចាំ​រំលែក​ទុក្ខ នារី​ដែល​ខ្លួន​ស្រលាញ់​​ជា​និច្ច​៕

Share.