បាត់ដំបង៖ ក្មេងស្រីជំទង់ម្នាក់ត្រូវទឹកកួចស្លាប់ និងម្នាក់ទៀតជួយសង្គ្រោះទាន់ពេល ខណៈចុះលេងទឹកទំនប់បង្ហៀរទឹក ហើយក៏ជ្រុលជើងធ្លាក់ចូលកន្លែងជ្រៅទឹកហូរខ្លាំងគួចទៅតាមទឹក កាលពីវេលាម៉ោងជាង ៣:០០នាទីរសៀល ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៣ នៅត្រង់ចំណុចអាងស្តុកទឹកអាងភាសន៍ ឋិតក្នុងក្រុមទី២២ ភូមិទំពូងត្បូង ឃុំតាពូង ស្រុកថ្មគោល ខេត្តបាត់ដំបង។

ប្រភពនៅកន្លែងកើតហេតុបានឱ្យដឹងថា ក្មេងស្រីរងគ្រោះមានឈ្មោះ មឿន រតនៈ ភេទស្រី អាយុ១៣ឆ្នាំ មុខរបរ សិស្សរស់នៅក្នុងក្រុមទី ៩ ភូមិដូនទាវ ឃុំពាមឯក ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

តាមសម្តីមិត្តភក្ត្រដែលបានជួយសង្គ្រោះរួចផុតពីគ្រោះបានឱ្យដឹងថា មុនពេលកើតហេតុខ្លួនជាមួយជនរងគ្រោះបាននាំគ្នាទៅលេងទឹកត្រង់ស្ពានបង្ហៀរទឹក បានមួយសន្ទុះមិត្តខ្លួនបានជ្រុលជើងហើយធ្លាក់ចុះក្រោមត្រង់កន្លែងដែលមានទឹកគួចហូរខ្លាំង ភ្លាមនោះខ្លួនបានស្ទុះឈោងចាប់ដើម្បីជួយរហូតដល់នាងធ្លាក់ទៅជាមួយដែរ ជាសំណាងល្អបានអ្នកស្រុកជួយទាន់កុំអីនាងអាចនឹងមានគ្រោះដល់ជីវិតដូចគ្នា។ ចំណែកជនរងគ្រោះបានរសាត់ទៅឆ្ងាយរួចក៏ត្រូវទឹកកួចលិចបាត់តែ ទម្រាំរកឃើញនាងបានផុតដង្ហើមបាត់ទៅហើយ៕

អត្ថបទ៖ដំបងក្រញូង

Share.