បន្ទាយមានជ័យ៖ ផ្លូវមួយខ្សែ ដែលស្ថិតនៅស្ថិតភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ពេលនេះប្រជាពលរដ្ឋអាចធ្វើដំណើរបានដោយងាយស្រួលវិញហើយនៅល្ងាចថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២៣នេះ បន្ទាប់ពីទំនាស់ដីផ្លូវ ជាមួយបុគ្គលដែលរំលោភយកដីផ្លូវអស់រយៈពេលជាយូមកហើយ ពេលនេះត្រូវបានអាជ្ញាធរដោះស្រាយជូនប្រជាពលរដ្ឋហើយ។

តាមប្រជាពលរដ្ឋ បានប្រាប់ថា ទំនាស់រឿងដីផ្លូវមួយនេះមានរយៈពេលយូរឆ្នាំហើយ ដែលប្រជាពលរដ្ឋនៅភូមិសាមគ្គីមានជ័យក៏បានជួបការលំបាកគ្មានផ្លូវដើរនេះ។ ក្រោយការយកចិត្តទុកដាក់ពីអាជ្ញាធរសង្កាត់អូរជ្រៅ និងក្រុងប៉ោយប៉ែត បានជួយរកដំណោះស្រាយនៅសាលាឧទ្ធរណ៍បាត់ដំបង បានសម្រេចឱ្យសាលាដំបូងខេត្តបន្ទាយមានជ័យ បើកផ្លូវជូនប្រជាពលរដ្ឋ។

ប្រជាពលរដ្ឋបានថ្លែងអំណរគុណ ចំពោះរាជរដ្ឋាភិបាល ដែលមានសម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានរកយុត្តិធម៌ និងដោះស្រាយវិវាទដីផ្លូវជូនប្រជាពលរដ្ឋ ហើយអាជ្ញាធរបានឈូសឆាយនិងរៀបចំកសាងផ្លូវបេតុងសម្រាប់ប្រជាពលរដ្ឋ និងសិស្សានុសិស្សទៅសិក្សា និងធ្វើដំណើរទៅមកប្រកបការងាររកស៊ីទទួលទានដឹកទំនិញចេញចូលលក់ដូរបានងាយស្រួល។


តាមលោក វ៉ា ជឹមណារ៉េត ចៅសង្កាត់អូរជ្រៅបានប្រាប់ថា ទំនាស់ដីផ្លូវសាធារណៈ ដែលប្រជាពលរដ្ឋចង់បានផ្លូវយកមកប្រើប្រាស់វិញ ដោយមានបុគ្គលដែលយកដីផ្លូវមកគ្រប់គ្រងអស់រយៈពេលជាយូរឆ្នាំ ហើយកាលពីថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៣ អាជ្ញាសាលា នៃសាលាដំបូងខេត្តបន្ទាយមានជ័យ បានដឹកនាំនីតិវិធីចុះអនុវត្តដីកាសម្រេចរបស់សាលាឧទ្ទរណ៍បាត់ដំបង បង្គាប់ឲ្យមានការរុះរើ ធ្វើជាផ្លូវដើម្បីឲ្យអាជ្ញាធរ ឈូសឆាយគ្រោងកសាងផ្លូវបេតុងសម្រាប់ឲ្យប្រជាពលរដ្ឋប្រើប្រាស់ឡើងវិញ៕

អត្ថ​បទ៖​ប៉ោយប៉ែត

Share.