លោក Behrouz Ataei គ្រូ​បង្វឹក​ក្រុម​បាល់ទះ​បុរស​របស់​អ៊ីរ៉ង់ បាន​សម្រេច​ចែក​ផ្លូវ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​របស់​ខ្លួន ក្រោយ​ឈ្នះ​មេដាយ​មាស​កីឡា​អាស៊ី Asian Games បាន​ចំនួន​៩​ថ្ងៃ បន្ទាប់​ពី​លោក​ដឹកនាំ​ក្រុម​ចាញ់​ប៉ុន្មាន​ប្រកួត​​ចុងក្រោយ​នៅ​វគ្គ​​ជម្រុះ​ឆ្ពោះ​ទៅ​​កីឡា​អូឡាំពិក​រដូវក្ដៅ 2024 Summer Olympics នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង។

ក្រុម​បាល់ទះ​ជម្រើស​ជាតិ​អ៊ីរ៉ង់ រក​បាន​ជ័យជម្នះ​គ្រប់​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី Asian Games ថ្មីៗនេះ​តាំង​ពី​វគ្គ​ជម្រុះ​តាម​ពូល​រហូត​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ ឈ្នះ​មេដាយ​៣សម័យកាល​ជាប់ៗ​គ្នា​គឺ​ឆ្នាំ​២០១៤ នៅ​កូរ៉េខាងត្បូង ឆ្នាំ​២០១៨ នៅ​ឥណ្ឌូណេស៊ី និង​ឆ្នាំ​២០២៣ នេះ​តែ​ម្តង។

ប៉ុន្តែ​ដើមចម​ដែល​ធ្វើ​អោយ​បុរស​វ័យ​៥៣​ឆ្នាំ ដើរ​ចេញ​ពី​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ព្រោះ​តែ​​ខ្លួន​ដឹកនាំ​ចាញ់​រហូត​ដល់​ទៅ​៣​ប្រកួត​ក្នុង​ចំណោម​​​​​៤​ប្រកួត​ចុងក្រោយ​នៅ​វគ្គ​ជម្រុះ​កីឡា​អូឡាំពិក 2023 Olympic Qualification Tournaments ដែល​កំពុង​ធ្វើ​ឡើង​នៅ​ប្រទេស​ប្រេស៊ីល។ ក្រោយ​ឈ្នះ​មេដាយ​មាស​ នៅ​ប្រទេស​ចិន នៅ​ថ្ងៃ​ទី២៦ ខែ​កញ្ញា ក្រុម​​អ៊ីរ៉ង់ ធ្វើ​ដំណើរ​ទៅ​​ទីក្រុង Rio de Janeiro ប្រទេស​ប្រេស៊ីល ពោល​គឺ​៤​ថ្ងៃ​បន្ទាប់ បាន​ចាញ់ អាល្លឺម៉ង់ ៣សិត​ទល់១ បន្ត​ចាញ់​អ៊ុយក្រែន ៣សិត​ទល់០ និង​ឈ្នះ​កាតារ ៣សិត​ទល់១ និង​រាត្រី​​ថ្ងៃ​ទី​​ពុធ ថ្មីៗនេះ​បាន​បន្ត​ចាញ់​ក្រុម​សាធារណរដ្ឋ​ឆេក ៣សិត​ទល់១។

ការ​ចាកចេញ​ពាក់កណ្ដាល​ទី នេះ​ធ្វើ​អោយ​ក្រុម​ជម្រើសជាតិ​អ៊ីរ៉ង់ តែលតោល ព្រោះ​នៅ​សល់​ការប្រកួត​៣លើក​​ទៀត​ក្នុង​វគ្គ​ជម្រុះ​ពូល A នេះ ដោយ​បន្ត​ប៉ះ​អ៊ីតាលី នៅ​ថ្ងៃ​ទី៦ កញ្ញា ហើយ​បន្ត​ប៉ះ​ម្ចាស់​ផ្ទះ​ប្រេស៊ីល នៅ​ថ្ងៃ​ទី​៧ តុលា និង​ចុងក្រោយ​ថ្ងៃ​ទី​៨តុលា ជួប​ក្រុម​គុយបា។

លោក Behrouz Ataei ក៏​ជា​អតីត​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ នៅ​ចន្លោះ​ទសវត្ស​ទី​៨០-៩០ ក្រោយ​មក​លោក​ត្រូវ​បាន​ជ្រើសរើស​អោយ​ធ្វើ​ជា​គ្រូ​ជំនួយ​តាម​បណ្ដា​ក្លិប​និង​ក្រុម​ជម្រើស​ជាតិ រហូត​ឡើង​ជា​គ្រូ​ឈុត​ធំ​នៅ​ឆ្នាំ​២០២១។

នៅ​ឆ្នាំ​២០២៣ នេះ​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ បាន​១០​ប្រកួត​ក្នុង​ចំណោម​១២​ប្រកួត នៃ​ពានរង្វាន់ 2023 Nations League ហើយ​បន្ត​របូត​ពានរង្វាន់​ជើង​ឯក​ទ្វីប​អាស៊ី 2023 Asian Championship ដោយ​ថ្វី​ដៃ​របស់​ជប៉ុន នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ កាល​ពី​កក្កដា ថ្មីៗនេះ និង​បន្ត​ឈ្នះ​មេដាយ​មាស Asian Games៕

Share.