កណ្តាល ៖ ស្ត្រីម្នាក់និងកូនស្រីអាយុ២ខួបត្រូវប្តីយកកាំបិតបុ័ងតោងអាកស្លាប់ក្នុងថ្លុកឈាម ហើយបុរសជាប្តីរត់គេចខ្លួនបាត់។ ហេតុការណ៍ភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៥ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅក្នុងភូមិឆ្មាពួន ឃុំជើងកើប ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ជនរងគ្រោះជាម្តាយមានឈ្មោះ ឃឿន ស្រីវលក្ខ័ណ ភេទស្រី  អាយុ ៣២ឆ្នាំ រស់នៅភូមិពោធិស្មាត ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល ។ មុខរបរ កម្មការិនីរោងចក្រ។ និងកូនឈ្មោះ អឿន ចន្ទសីម៉ា ភេទស្រីអាយុ ០២ឆ្នាំ មានទីលំនៅភូមិពោធិស្មាត ឃុំ ជើងកើបស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ចំណែកជនដៃដល់ជាប្តីមានឈ្មោះ ម៉ែន សំអាង ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរបុគ្គលិករដ្ឋករទឹក  មានស្រុកកំណើតនៅភូមិ ព្រែកកែវ ឃុំកោះខែល ស្រុកស្អាងខេត្តកណ្តាល ។បច្ចុប្បន្ន រស់ភូមិឃុំកើតហេតុជាមួយជនរងគ្រោះ កំពុងរត់គេចខ្លួន។

តាមប្រភពពីពលរដ្ឋបានឱ្យដឹងថា ជនសង្ស័យជាមនុស្សប្រើប្រាស់គ្រឿងញៀន ហើយកាលពីព្រលប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២៣ ជនសង្ស័យកើតជម្លោះទាស់សម្តីជាមួយប្រពន្ធម្តងរួចហើយ ដោយសារភ្លើងប្រច័ណ្ឌ ហើយក៏ស្ងាត់ទៅវិញ យប់ឡើងចូលដេកសម្រាករៀងខ្លួន លុះដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣ បន្ទាប់ពីសាច់ញាតិឃើញបុរសជាប្តីរត់ចេញពីផ្ទះទាំងតក់ក្រហល់ កើតមានការងឿងឆ្ងល់ លុះចូលមើលក្នុងក្នុងផ្ទះ ប្រទះឃើញ ស្ត្រីជាប្រពន្ធ និងកូនស្រី ស្លាប់ក្នុងថ្លុកឈាម នៅក្នុងបន្ទប់។ ចំណែកកូនប្រុស២នាក់ ដេកនៅបន្ទប់ផ្សេង។

ក្រោយកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ច ទាំងមូលដ្ឋាន ទាំងជំនាញ បានចុះទៅពិនិត្យ ស្រាវជ្រាវ ដល់ទីតាំងកើតហេតុ ដើម្បីស្រាវជ្រាវតាមឃាត់ខ្លួនជនសង្ស័យយកមកចាត់ការតាមផ្លូវច្បាប់៕

អត្ថបទ៖ កណ្តាល និង សេង សាវី

Share.