នៅព្រឹក​ថ្ងៃសុក្រ ទី៦ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសផ្ដល់សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​កីឡាករ Yudai Ogawa សមាជិករបស់ភ្នំពេញក្រោន ដើម្បីចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា។

ក្រោយទទួលបានសញ្ជាតិខ្មែរ Yudai Ogawa ថ្លែងលើគណនី Instagram ដូច្នេះថា៖«វាពិតជាពិសេសណាស់ក្នុងការពាក់អាវពណ៌ខៀវនេះ។ ខ្ញុំចង់អរគុណអ្នកដែលបានជួយឱ្យរូបភាពនេះកើតឡើង។ ខ្ញុំមានអារម្មណ៍ថាទីនេះគឺជាផ្ទះទី ២ របស់ខ្ញុំ តាំងពីពេលមកដល់កម្ពុជាដំបូង។ នេះគឺជាក្តីស្រលាញ់ដ៏ជ្រាលជ្រៅរបស់ខ្ញុំ ឥឡូវនេះដល់ពេលដែលយើងប្រយុទ្ធលើទីលានដើម្បីកម្ពុជាទាំងអស់គ្នា។ ស៊ូស៊ូកម្ពុជា!»

កត្តាដែលកីឡាករ Yudai Ogawa អាចទទួលបានសញ្ជាតិខ្មែរ នោះគឺដោយសារខ្សែបម្រើវ័យ២៧ឆ្នាំខាងលើបានរស់នៅលើទឹកដីកម្ពុជា រយ:ពេល៥ឆ្នាំជាប់ៗគ្នា ចាប់តាំងពីឆ្នាំ ២០១៨ ដល់បច្ចុប្បន្ន។

Yudai Ogawa ផ្លាស់មកប្រកបអាជីពបាល់នៅកម្ពុជាដំបូង ក្នុងឆ្នាំ២០១៨ ចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ) ខណ:ឆ្នាំ ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បន្តទៅ​ចូលរួម​ជា​មួយ​ក្រុមអង្គរថាយហ្គឺរដែលមានមូលដ្ឋាននៅទឹកដីខេត្តសៀមរាប មុនផ្ទេរមកកាន់ភ្នំពេញក្រោន ក្នុងឆ្នាំ២០២១ រហូតមកដល់បច្ចុប្បន្ន។

Yudai Ogawa ជួយភ្នំពេញក្រោន ឈ្នះពានជាច្រើនដូចជា​៖
– លីគកំពូលកម្ពុជា ២លើក (២០២១-២២)
– Cambodian Super Cup (២០២២-២៣)
– Cambodian League Cup (២០២២-២៣)។

គួរបញ្ជាក់ថា សម្រាប់​ក្រុមជម្រើសជាតិកម្ពុជា បានកោះហៅកីឡាករសរុប២៧នាក់ ប្រមូល​ផ្តុំហ្វឹក​ហាត់ ត្រៀមវគ្គជម្រុះជុំទី១ ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោម​ការ​ដឹក​នាំ​របស់​លោក Félix Dalmás ទល់នឹងបាគឺស្ថាន នៅថ្ងៃទី១២ ខែតុលា ខាងមុននេះ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) វេលាម៉ោង ៧:០០នាទីយប់៕

Share.