ក្រុម​ជម្រើស​ជាតិ​ហ្វូតសាល​របស់​កម្ពុជា នឹង​ត្រូវ​ប្រកួត​ជម្រុះ​ជើង​ឯក​ទ្វីប​អាស៊ី បើក​ឆាក​ពូល G ទល់​ម្ចាស់​ផ្ទះ​អ៊ូប៊ែគីស្ថាន នៅ​វេលា​ម៉ោង​១០​យប់​ ថ្ងៃ​សៅរ៍ ទី​៧ ខែ​តុលា ឆ្នាំ​២០២៣ នេះ​លើ​ទីលាន​ Samo Sports Complex ក្នុង​ទីក្រុង Fergana។

ក្រុម​កម្ពុជា ដឹកនាំ​ដោយ​លោក​ នៃ ប៊ុនសុភ័ត្រា ជា​គ្រូ​បង្គោល ដែល​មាន​សមាជិក​១៤រូប ធ្វើ​ដំណើរ​ទៅ​ដល់​ប្រទេស​អ៊ូប៊ែគីស្ថាន ពី​​ថ្ងៃ​ទី​៥ ខែ​តុលា ក្រោយ​បោះជុំរុំ​ហ្វឹកហាត់​នៅ​រាជធានី​បាងកក រយៈ​ពេល​១​សប្ដាហ៍។

វគ្គ​ជម្រុះ 2024 AFC Futsal Asian Cup រៀបចំ​ពី​ថ្ងៃ​ទី​៧-១១ តុលា ឆ្នាំ​២០២៣ ដោយ​មាន​៣១​ក្រុម​ចូលរួម ខណៈ​១៦​ប្រទេស​ផ្សេង​ទៀត​មិន​បាន​បញ្ជូន​ក្រុម​ទៅ​ចូលរួម​ប្រកួត​ឡើយ។ បើតាម​ការ​ចាប់​ឆ្នោត​នៅ​ស្នាក់ការ​កណ្ដាល​របស់​សហព័ន្ធ​បាល់ទាត់​អាស៊ី ក្នុង​ទីក្រុង​កូឡាឡាំពួរ ពី​ថ្ងៃ​ទី២២ មិថុនា កន្លង​ទៅ​ក្រុម​ទាំង​៣១ បាន​ជ្រើសរើស​បែងចែក​ជា​​៨ពូល​ផ្សេង​គ្នា ដោយ​ប្រកួត​ជម្រុះ​យក​ជើង​ខ្លាំង​ចំនួន​១៥​​ក្រុម​ឡើង​ទៅ​ជុំ​ចុងក្រោយ ដែល​ធ្វើ​ឡើង​នៅ​ខែ​មេសា ​ឆ្នាំ​២០២៤ ក្នុង​ប្រទេស​ថៃ។

កម្ពុជា ស្ថិត​ក្នុង​ពូល G ជាមួយ​ម្ចាស់​ផ្ទះ​អ៊ូប៊ែគីស្ថាន, អ៊ីរ៉ាក់ និង​ម៉ាឡេស៊ី ដោយ​​កម្មវិធី​ប្រកួត​មាន៖
៧ តុលា អ៊ូបេគីស្ថាន ប៉ះ កម្ពុជា
៧ តុលា អ៊ីរ៉ាក់ ប៉ះ ម៉ាឡេស៊ី
៩ តុលា កម្ពុជា ប៉ះ អ៊ីរ៉ាក់
៩ តុលា ម៉ាឡេស៊ី ប៉ះ អ៊ូបេគីស្ថាន
១១ តុលា អ៊ូបេគីស្ថាន ប៉ះ អ៊ីរ៉ាក់
១១ តុលា ម៉ាឡេស៊ី ប៉ះ កម្ពុជា

ពានរង្វាន់​ហ្វូតសាល​ប្រចាំ​ទ្វីប​អាស៊ី AFC Futsal Asian Cup បង្កើត​ឡើង​ដំបូង​ពី​ឆ្នាំ​១៩៩៩ ដោយ​រៀបចំ​រាល់១​ឆ្នាំ​ម្តង រហូត​ដល់​ឆ្នាំ​២០០៨ ទើប​ប្តូរ​រៀបចំ​រាល់​២​ឆ្នាំ​ ស្រប​ពេល​ដែល​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង់ ឈ្នះ​ជើង​ឯក​១២​សម័យកាល​ម្នាក់​ឯង ហើយ​ជប៉ុន​ឈ្នះ​បាន​៤​សម័យកាល ក្រៅ​ពី​នោះ​គ្មាន​អ្នក​ធ្លាប់​ឈ្នះ​ពាន​នេះ​ឡើយ។

ក្រុម​ដែល​ឡើង​ដល់​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ 2024 AFC Futsal Asian Cup ទាំង​៤​ក្រុម​ឈ្មោះ​តំណាង​អោយ​ទ្វីប​អាស៊ី ទៅ​ចូលរួម​ប្រកួត​ជើង​ឯក​ពិភពលោក 2024 FIFA Futsal World Cup ​ដែល​ប្រទេស​អ៊ូប៊ែគីស្ថាន ធ្វើ​ជា​ម្ចាស់​ផ្ទះ​ក្នុង​ខែ​កញ្ញ-តុលា ឆ្នាំ​២០២៤ ខាង​មុខ៕

Share.