កូរ៉េ៖ តារា​សម្ដែង​ល្បី​កូរ៉េ​ Ji Chang Wook ​ហៅ​ ដុងហេ តេស្ដ​វិជ្ជមាន​កូវីដ​-១៩ ធ្វើ​ឱ្យ​លោក​ក្លាយ​ជា​តារា​ល្បី​ដំបូង​មួយ​រូប​ក្នុង​រង្វង់​សិល្បៈ​​​ប្រចាំ​ប្រទេស​កូរ៉េ​ដែល​ឆ្លង​ជំងឺ​កូវីដ​-១៩​​ ធ្វើ​ឱ្យ​រឿង​ដែល​លោក​សម្ដែង​សម្រាប់​ Netflix ផ្អាក​ការ​ថត​។

តារា​សម្ដែង​សំណព្វ​ចិត្ត​នារី​ដែល​កំពុង​តែ​ត្រៀម​ថត​ភាព​យន្ត​ជា​ស៊េរី​របស់​ Netflix ដែល​មាន​ចំណង​ជើង​ថា​ Annarasumanar (The Sound of Magic) កំពុង​តែ​ស្ថិត​​ក្នុង​ដំណាក់​កាល​ធ្វើ​ចត្តាឡីស័ក​និង​ព្យាបាល​ នេះ​បើ​តាម​ការ​បង្ហោះ​ពី​ផលិតកម្ម​ Glorious Entertainment បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​២៦ ខែ​កក្កដា ឆ្នាំ​២០២១ ម្សិលមិញនេះ​។

យោង​តាម​ការ​ផ្សព្វផ្សាយ​ពីបណ្ដាញ​សារព័ត៌មាន​កូរ៉េ​តារា​ល្បីវ័យ​៣៤​ឆ្នាំ​រូប​នេះ​បាន​ទៅ​ធ្វើ​តេស្ត​កាល​ពី​ចុង​សប្ដាហ៍​ហើយ​ទើប​បាន​ទទួល​លទ្ធផល​វិជ្ជមាន​នៅ​ថ្ងៃ​ច័ន្ទ​។

តារា​សម្ដែង​រួម​ជាមួយ​គ្នា​ជាមួយ​លោក​គឺ Hwang In Youp និង​ តារា​សម្ដែង​ស្រី​ Choi Sung Eun បាន​ធ្វើ​តេស្ត​រួច​ហើយ​តែ​មិន​មាន​វិជ្ជមាន​នោះ​ទេ​។ ការ​ឆ្លង​ជំងឺ​កូវីដ​-១៩ របស់​តារា​ល្បី​ខាង​លើ​បាន​ធ្វើ​ឱ្យ​រឿង​ភាគ​ជា​ស៊េរី​របស់​ Netflix ដែល​មាន​ Chi Chang Wook សម្ដែង​ជា​តួ​ឯក​ ត្រូវ​បាន​ផ្អាក​ជា​បណ្ដោះ​អាសន្ន​។

Chi Chang Wook គឺ​ជា​​តារា​សម្ដែង​​ល្បី​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា​ដែល​មាន​ទស្សនិកជន​ស្គាល់​លោក​តាម​រយៈ​តួ​អង្គ​ឈ្មោះ​ ដុងហេ ដែល​លោក​សម្ដែង​នៅ​ក្នុង​រឿង​ ញញឹម​ជា​ថ្មី​ (Smile Again) និង​ ​រឿង​ Empress Ki (២០១៣-២០១៤)។ លោក​គឺ​​ជា​តារា​ចុង​ក្រោយ​របស់​សាធារណរដ្ឋ​កូរ៉េ​ខាង​ត្បូង​ដែល​បាន​តេស្ដ​វិជ្ជមាន​កូវីដ-១៩ ដែល​​បង្ក​ឱ្យ​មាន​កើត​មាន​ភ័យ​ខ្លាច​ការ​ឆ្លង​រីករាល​ដាល​នៅ​ក្នុង​រង្វង់​សិល្បៈ​របស់​ប្រទេស​នេះ​។

ខាង​ក្រោម​នេះ​ គឺ​ជាឈ្មោះ​តារា​សម្ដែង​ល្បី​របស់​កូរ៉េ​ដែល​បាន​ឆ្លង​ជំងឺ​កូវីដ​-១៩ មាន​ដូច​ជា​ Kim Sung Kyu ប្រធាន​ក្រុម​ចម្រៀង​ K-Pop កូរ៉េ Infinite , Lee Min Hyuk សមាជិក​ក្រុម​ BtoB, Doyoung និង​Junghwan សមាជិក​ក្រុម​ Treasure ខណៈ​តារា​សម្ដែង​ល្បី​ៗ​ផ្សេង​ទៀត​ដែល​បាន​ឆ្លង​កូវីដ​-១៩ មាន​ដូច​ជា​តារា​ម៉ូដែល​ Han Hye Jin តារា​ចម្រៀង​ស្រី​ល្បី​ Hani ក្រុម​ចម្រៀង​ Exid តារា​ចម្រៀង​ Seo In Young អតីត​សមាជិក​ក្រុម​ចម្រៀង​ Jewelry​ (ជូអ៊ូលរី) និង​តារា​​ចម្រៀង​ San ពី​ក្រុម​ចម្រៀង​បុរស​​ Ateez ៕

Telegram-Troryorng
Share.