អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ការប្រយុទ្ធគ្នារវាងកងទ័ពអ៊ីស្រាអែល និងក្រុមហាម៉ាស់ នៅក្នុងតំបន់ហ្កាហ្សា ដែលបានផ្ទុះឡើងចាប់ពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣ បានបណ្តាលឱ្យមានអ្នករងរបួសនិងស្លាប់ទាំងសងខាងជាច្រើននាក់។ ដោយឡែក នៅក្នុងប្រទេសអ៊ីស្រាអែលបច្ចុប្បន្នមានប្រជាពលរដ្ឋខ្មែរ ដែលភាគច្រើនជានិស្សិតកំពុងស្នាក់នៅនិងសិក្សាចំនួនប្រមាណ ៤៥០ នាក់។

អនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ព្រមទាំងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជា បានធ្វើទំនាក់ទំនងជាប់ជាមួយរដ្ឋាភិបាល និងអាជ្ញាធរពាក់ព័ន្ធរបស់អ៊ីស្រាអែល ដើម្បីជួយផ្ដល់ការការពារសុវត្ថិភាពដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល។

រាជរដ្ឋាភិបាលកម្ពុជា កំពុងតាមដានយ៉ាងយកចិត្តទុកដាក់ នូវសភាពការណ៍ប្រែប្រួលក្នុងប្រទេសអ៊ីស្រាអែល និងសហការជាប់ជាប្រចាំជាមួយអាជ្ញាធរអ៊ីស្រាអែលដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋខ្មែរយើងនៅទីនោះ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បាននិងកំពុងព្យាយាមទាក់ទងជាមួយប្រជាពលរដ្ឋខ្មែរ ជាពិសេសនិស្សិតរបស់យើងដែលកំពុងមានវត្តមាននៅអ៊ីស្រាអែល ដើម្បីភ្ជាប់ទំនាក់ទំនងនិងតាមដានអំពីសុវត្ថិភាព ក៏ដូចជាផ្ដល់ការសម្របសម្រួលជាមួយអាជ្ញាធរអ៊ីស្រាអែល សម្រាប់ការផ្ដល់ជំនួយដល់ពួកគាត់ឱ្យបានទាន់ពេលវេលា ក្នុងដំណាក់កាលលំបាកនេះ។

រាជរដ្ឋាភិបាល សូមជម្រាបដល់ប្រជាពលរដ្ឋខ្មែរដែលកំពុងមានវត្តមាននៅក្នុងប្រទេសអ៊ីស្រាអែល ទាក់ទងតាមប្រព័ន្ធ Whatapps ឬ Telegram មកលេខទូរស័ព្ទ +85586881688 ដើម្បីរាជរដ្ឋាភិបាលអាចទទួលព័ត៌មានអំពីសុវត្ថិភាពរបស់បងប្អូន និងជួយផ្ដល់ការសម្របសម្រួលជូនឱ្យបានទាន់ពេលវេលា ក្នុងករណីចាំបាច់។ រាជរដ្ឋាភិបាល ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងអស់ដែលកំពុងស្នាក់នៅប្រទេសអ៊ីស្រាអែល សូមស្តាប់តាមការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែលឱ្យបានខ្ជាប់ខ្ជួនដើម្បីរក្សាសុវត្ថិភាពរបស់ខ្លួន។

អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនឹងជម្រាបជូនព័ត៌មានជាបន្តបន្ទាប់ដល់បងប្អូនជនរួមជាតិបានជ្រាបអំពីការវិវឌ្ឍន៍នៃស្ថានការណ៍នេះ៕

Share.