អ្នកគាំទ្ររំភើបរីកថ្លើមក្រោយដឹងថាស្នាដៃរួមគ្នាថ្មីរវាង កែវ ឡាវីញ និង យ៉ា សុផាន់ម៉ៃ ក្នុងរឿងថ្មី «សង្សារខ្ញុំ» នឹងបញ្ចាំងឱ្យទស្សនានៅថ្ងៃអាទិត្យខាងមុខនេះហើយ។
តួអង្គបងធំ (កែវ ឡាវីញ) និងម្ចាស់តូចមីរ៉ា (យ៉ា សុផាន់ម៉ៃ) កំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងពីអ្នកគាំទ្រនៅក្នុងតួអង្គស្រលាញ់ភេទដូចគ្នាពីរឿងភាគដ៏ពេញនិយម «រសជាតិអ្នកមាន» របស់ស្ថានីយទូរទស្សន៍ PNN កំពុងនឹងមានស្នាដៃថ្មីសន្លាងសម្ដែងរួមគ្នាម្ដងទៀតនៅក្នុងរឿង «សង្សារខ្ញុំ» របស់ផលិតកម្ម Sastra Film។

រឿង «សង្សារខ្ញុំ» និយាយពីស្នេហារវាងតារាល្បីនិងអ្នកគំនូរម្នាក់។ ក្នុងរឿងនេះ យ៉ា សុផាន់ម៉ៃសម្ដែងជាតួអង្គតារាល្បីដែលកើតមានបញ្ហានិងសំពាធ អារម្មណ៍រួចក៏រត់គេចទៅរកកន្លែងស្ងប់ស្ងាត់ដើម្បីសម្រាកខួរក្បាល។ នៅទីនោះនាងក៏បានជួបជាមួយនឹងជាងគំនូរម្នាក់ដែលសម្ដែងដោយ កែវ ឡាវីញ។ អ្នកទាំងពីរបានបាក់ចិត្តស្រលាញ់គ្នាប៉ុន្តែម្ដាយរបស់ យ៉ា សុផាន់ម៉ៃ (ជាតួអង្គតារាល្បី) មិនពេញចិត្តនឹងស្នេហារបស់អ្នកទាំងពីរហើយព្យាយាមបំបែកស្នេហាមួយនេះ។ ទោះជារងនូវសម្ពាធពីមជ្ឈដ្ឋានខាងក្រៅតែអ្នកទាំងពីរនៅតែតស៊ូប្រឹងប្រែងជំនះដើម្បីស្នេហាដ៏បរិសុទ្ធរបស់ពួកគេ។
គួរដឹងដែរថា កញ្ញា កែវ ឡាវីញ អាចចាត់ទុកបានថាស្លឹកឈើជ្រុះមិនឆ្ងាយពីគល់ ព្រោះកញ្ញាជាកូនស្រីបង្កើតរបស់អ្នកស្រី កែវ កល្យាណ អតីតតារាសម្ដែងជើងចាស់ដែលធ្លាប់មានឈ្មោះបោះសំឡេងក្នុងសិល្បៈកាលពីជំនាន់ទសវត្សរ៍ទី ៨០-៩០៕