បុរសម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនករណីខ្ចីម៉ូតូអ្នកស្គាល់គ្នាជិះរួចយកទៅបញ្ចាំបានលុយ៤០០ដុល្លារ។ ចុងក្រោយជនសង្ស័យត្រូវបានសមត្ថកិច្ចចាប់ខ្លួនដោយសារចាញ់ល្បិចប្រើស្រីស្អាតដាក់អន្ទាក់ស្នេហ៍។

ហេតុការណ៍ខ្ចីម៉ូតូស៊ីដាច់នេះ កើតឡើងនៅថ្ងៃទី១ខែតុលាឆ្នាំ២០២៣នេះ នៅផ្ទះជនសង្ស័យភូមិស្រះសង្គម ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្តាល។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ឃឹម សុមាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិតិកូបញ្ញេ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ 

ចំណែកឯជនសង្ស័យមានឈ្មោះ តែ ណុល ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ  មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិស្រះសង្គម ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល។ កន្លងមកជនសង្ស័យក៏ធ្លាប់បានជាប់ពន្ធនាការមួយលើករួចមកហើយករណីរំលោភលើទំនុកចិត្តដូចគ្នា។

យោងតាមកំណត់ហេតុរបស់សមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកេីតហេតុ​ ជនរងគ្រោះបានអង្គុយលេងជាមួយឪពុករបស់ខ្លួននៅផ្ទះ ពេលនោះស្រាប់តែជនសង្ស័យបានតេទូរសព្ទហៅជនរងគ្រោះ មកជួបនៅផ្សារជម្ពូវ័ន្ត ហើយជនរងគ្រោះ បានជិះម៉ូតូរបស់ខ្លួនម៉ាក Honda Dream C125 ពណ៌ខ្មៅ ផលិតឆ្នាំ២០១៧ ពាក់ស្លាកលេខ ភ្នំពេញ 1DL-0555 ចេញទៅជួបជាមួយជនសង្ស័យ ។ ពេលទៅដល់បានជួបគ្នាហើយជនសង្ស័យ ក៏បានឱ្យជនរងគ្រោះជូនទៅផ្ទះនៅភូមិស្រះសង្គម ឃុំពេីក ស្រុកអង្គស្នួល ខេត្តកណ្ដាល ។ ពេលទៅដល់ផ្ទះរបស់ជនសង្ស័យហើយ ជនរងគ្រោះក៏បានចូលទៅអង្គុយលេងក្នុងផ្ទះរបស់ជនសង្ស័យ ក្រោយមកជនសង្ស័យបានខ្ចីម៉ូតូរបស់ជនរងគ្រោះថាទៅទិញស្រាបៀរ និងសាច់ក្លែម ពេលនោះជនរងគ្រោះក៏បានឱ្យខ្ចីម៉ូតូជិះទៅ ហើយជនសង្ស័យជិះយកទៅបាត់មិនឃេីញត្រឡប់មកវិញឡើយ។

លុះដល់ថ្ងៃទី០២.១០.២០២៣ ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលពេីក ដើម្បី ឱ្យជួយស្រាវជ្រាវស្វែងរកម៉ូតូ។

ក្រោយមកទៀតនៅថ្ងៃទី០៧.១០.២០២៣ វេលាម៉ោង ១៤:៣០នាទី ជនរងគ្រោះបានឱ្យប្អូនស្រី (អ្នករាប់អាន) តេទូរសព្ទនិយាយសារសងស្នេហា ហើយបានណាត់ជួបគ្នាជាមួយជនសង្ស័យតាមដងផ្លូវលីយ៉ុងផាត់ ហើយជនសង្ស័យបានជិះផាសអេបមកតាមការណាត់ជួប ហើយជនរងគ្រោះបានទំនាក់ទំនង ហៅកម្លាំងប៉ុស្តិ៍គោគរកា​ ខណ្ឌព្រែកព្នៅ បានជួយអន្តរាគមន៍ឃាត់ខ្លួនជនសង្ស័យ​ និងជូនដំណឹងមកសមត្ថកិច្ចស្រុកអង្គស្នួល។

ក្រោយពីទទួលបានព័ត៌មាន​ភ្លាម​កម្លាំងប៉ុស្តិ៍ពើក បានសហការជាមួយកម្លាំងផ្នែកជំនាញ​នគរបាលយុត្តិធម៌ស្រុក​ បានធ្វើការប្រគល់-ទទួលជនសង្ស័យ ពីសមត្ថកិច្ចប៉ុស្តិ៍គោគរកា បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក​ ដើម្បីសួរនាំបន្ត។

នៅចំពោះមុខសមត្ថកិច្ច​ ជនសង្ស័យ​បានឆ្លេីយសារភាពថា​ខ្លួនពិតជាបានខ្ចីម៉ូតូរបស់ជនរងគ្រោះ​យកទៅបញ្ចាំនៅម្តុំផ្សារឃ្លាំងរំសេវបានលុយចំនួន400$ (បួនរយដុល្លារ) ប្រាកដមែន៕

អត្ថបទ៖តាខ្មៅ

Share.