កំហឹងគឺជាអារម្មណ៍ដ៏មានឥទ្ធិពលមួយដែលអាចនាំឱ្យមាន អាកប្បកិរិយាបំផ្លិចបំផ្លាញ ប្រសិនបើមិនបានគ្រប់គ្រងបានត្រឹមត្រូវ។

ការគ្រប់គ្រងកំហឹងមិនបានល្អ បង្កឱ្យមានអំពើហិង្សា ហើយឈានទៅការសោកស្ដាយពេញមួយជីវិត។ មួយរយៈនេះ នៅលើបណ្ដាញសង្គម និងបណ្ថាញផ្សព្វផ្សាយ បានបង្ហាញឲ្យឃើញនូវអំពើហិង្សាជាហូរហែ បង្កើតបានជាគូបដិបក្ស វាយតប់គ្នានៅតាមដងផ្លូវ ការកាប់សម្លាប់គ្នា ព្រោះតែហេតុប្រចណ្ឌ ឬគំនុំជាដើម ។ ជួនកាលកំហឹងទាំងនោះ គ្មានហេតុជាក់លាក់នោះទេ វាគ្រាន់តែជាការសង្ស័យប៉ុណ្ណោះ គ្មានភស្ដុតាង គ្រាន់តែលឺគេថា និងការសន្មត់ហេតុផលខ្លួនឯង ក៏ឈានទៅប្រើហិង្សា ហើយពេលខ្លះ កើតជាអំពើឃាតកម្មក៏មាន។

ក្រៅពីកត្តាខាងលើ សុរា និងគ្រឿងញៀន ក៏ជាផ្នែកមួយនៃការសម្លាប់កោសិកាសន្ដិភាព ហើយនៅសល់តែសេចក្ដីក្រេវក្រោធ ព្រោះតែការបាត់បង់វិចារណញាណ ជាដើម។

តើធ្វើដូចម្ដេចដើម្បីទប់កំហឹង?

វិធីមួយដើម្បីគ្រប់គ្រងកំហឹង គឺដោយការអនុវត្តបច្ចេកទេសបន្ធូរអារម្មណ៍ ដូចជាការដកដង្ហើមជ្រៅៗ និងការធ្វើសមាធិ និងការដកឃ្លានៃការសម្រេចចិត្ត នៅពេលអ្នកកំពុងខឹង។
បច្ចេកទេស ទាំងនេះអាចជួយធ្វើឱ្យចិត្តស្ងប់ និងកាត់បន្ថយភាពតានតឹងនៃកំហឹងហើយស្វែងរកហេតុផល និងការជែកដោយសន្ដិវិធី។

យុទ្ធសាស្ត្រដ៏មានប្រសិទ្ធភាពមួយទៀត គឺដើម្បីកំណត់អត្តសញ្ញាណគន្លឹះដែលបង្កឱ្យមានកំហឹង ហើយព្យាយាមជៀសវាង ឬកាត់បន្ថយការប៉ះពាល់ជាមួយពួកគេ។ លើសពីនេះ ការស្វែងរកកន្លែងផ្តល់សុខភាពសម្រាប់កំហឹង ដូចជាការហាត់ប្រាណ ឬនិយាយជាមួយមិត្តភ័ក្តិ ឬអ្នកព្យាបាលដែលអាចទុកចិត្តបាន អាចជួយបញ្ចេញនូវអារម្មណ៍រំភើប។

ជាចុងក្រោយ ការរៀនជំនាញទំនាក់ទំនងប្រកបដោយប្រសិទ្ធភាពអាចការពារកំហឹងពីការកើនឡើងទៅជាអំពើហិង្សា ព្រោះការសន្ទនាដោយបើកចំហ និងការគោរពអាចដោះស្រាយជម្លោះជាញឹកញាប់។ វាជារឿងសំខាន់ដែលត្រូវចងចាំថា ការគ្រប់គ្រងកំហឹងត្រូវការពេលវេលា និងការអនុវត្ត ប៉ុន្តែដោយការយកចិត្តទុកដាក់ វាអាចការពារវាពីការបង្កឱ្យមានអំពើហិង្សា និងការសោកស្តាយនៅពេលក្រោយក្នុងជីវិតរបស់អ្នក។

អ្នកក៏អាចទន្ទេញបានដែរ នៅពេលអ្នកខឹងនរណាម្នាក់ ហើយគ្មានវិធីដោះស្រាយក្រៅពីហិង្សានោះ គឺប្រឈមនឹងមានបទល្មើសព្រហ្មទណ្ឌ ដូចជា ការបង្ករហិង្សាដោយចេតនា ជាដើម ។ នៅពេលអ្នកយល់ឃើញបែបនេះ អ្នកដកឃ្លាមួយជំហ៊ាន កុំប្រប្រព្រឹត្តអំពើហិង្សា នាំឱ្យមានក្ដីក្ដាំ និងប្រឈមជាប់ទោស។

ខាងក្រោមនេះគឺបទល្មើសហិង្សាដោយចេតនា ដែលជាបទល្មើស មានចែងនៅក្រមព្រហ្មទណ្ឌ។

ហិង្សាដោយចេតនា គឺជាអំពើបៀតបៀនលើរូបរាងកាយរបស់អ្នកដទៃដោយចេតនាតាមគ្រប់មធ្យោបាយទុច្ចរិត ដែលបណ្តាលឱ្យមានរបួស ឬគ្មានរបួស ឬខូចសុខភាពជាដើម។ ចំពោះកម្រិតទោសត្រូវផ្តន្ទាទោសលើជនដែលបានប្រព្រឹត្តបទហិង្សាដោយចេតនា ត្រូវបានកំណត់ និងបែងចែកខុសៗគ្នាតាមរូបភាពនៃអំពើ ឬ/និងទំហំព្យសនកម្ម (ការខូចខាត) ដូចខាងក្រោម៖

១៖ បទហិង្សាដោយចេតនា មាត្រា ២១៧ នៃក្រមព្រហ្មទណ្ឌបានបញ្ញត្តថា អំពើហិង្សាប្រព្រឹត្តដោយចេតនាលើអ្នកដទៃ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ឆ្នាំ ទៅ ៣ (បី) ឆ្នាំ និងពិន័យជាប្រាក់ពី ២,០០០,០០០ (ពីរលាន) រៀល ទៅ ៦,០០០,០០០ (ប្រាំមួយលាន) រៀល។

២៖ ត្រូវចាត់ទុកថាជាបទហិង្សាដោយចេតនាដូចគ្នាផងដែរ (មាត្រា២២៥-មាត្រា២២៧) ចំពោះអំពើដូចខាងក្រោម៖
• អំពើដែលឲ្យអ្នកដទៃផឹក លេប ឬបញ្ចូលទៅក្នុងខ្លួនអ្នកដទៃ តាមមធ្យោបាយណាក៏ដោយ ដោយចេតនានូវសារជាតិពុលដែលបណ្ដាលឲ្យខូចសុខភាព។ • អំពើលក់ ធ្វើអនុប្បទាន ឬឱ្យចំណី ឬភេសជ្ជៈ ដោយដឹងថាចំណី ឬភេសជ្ជៈនោះមានសារជាតិពុលនាំឲ្យខូច សុខភាព ។ • អំពើប្រព្រឹត្តឡើងដោយចេតនា ដោយដាក់បញ្ចូលនូវសារជាតិពុលនាំឲ្យខូចសុខភាពទៅក្នុងទឹកសម្រាប់ហូបជាសាធារណៈ ។

៣៖ ស្ថានទម្ងន់ទោសចំពោះបទហិង្សាដោយចេតនា (មាត្រា២១៨ – មាត្រា២២២)

៣-១៖ អំពើហិង្សាដោយចេតនា ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤,០០០,០ ០០ (បួនលាន) រៀល ដល់ ១០,០០០,០០០ (ដប់លាន) រៀល កាលបើអំពើហិង្សានេះបានប្រព្រឹត្តទ្បើងក្នុងស្ថានភាពណាមួយដូចខាងក្រោម៖

  • ប្រព្រឹត្តទ្បើងដោយមានការគិតទុកជាមុន។
  • ប្រព្រឹត្តទ្បើងដោយប្រើអាវុធ ឬគំរាមគំហែងនឹងអាវុធ ។
  • ប្រព្រឹត្តដោយមានមនុស្សច្រើននាក់ក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និងជាអ្នកសមគំនិត
  • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុអាយុនៃបុគ្គលនោះ។
  • ប្រព្រឹត្តលើនារីមានគភ៌ កាលបើគភ៌ត្រូវបានគេឃើញជាក់ស្តែង ឬកាលបើជនល្មើសបានដឹង ។
  • ប្រព្រឹត្តលើបុគ្គលដែលទន់ខ្សោយពិសេស ដោយមូលហេតុនៃជំងឺ ឬពិការភាព កាលបើស្ថានភាពបុគ្គលនេះត្រូវបានគេឃើញជាក់សែ្តង ឬកាលបើជនល្មើសបានដឹង។
  • ប្រព្រឹត្តលើជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណី ដើម្បីរារាំងជននេះកុំឲ្យប្តឹងបរិហារពីបទល្មើស ឬសុំឲ្យធ្វើការជួសជុលព្យសនកម្ម។
  • ប្រព្រឹត្តលើសាក្សី ដើម្បីរារាំងកុំឲ្យឆ្លើយផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬនៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។
  • ប្រព្រឹត្តលើជនរងគ្រោះ ឬ ដើមបណ្តឹងរដ្ឋប្បវេណី ពីព្រោះជននេះបានបរិហារពីបទល្មើស ឬ សុំឲ្យជួសជុលព្យសនកម្ម ។
  • ប្រព្រឹត្តលើសាក្សី ដោយមូលហេតុសាក្សីនេះបានផ្តល់ភស្តុតាងនៅពេលស៊ើបអង្កេត ស៊ើបសួរ សវនាការ ឬ នៅក្នុងនីតិវិធីនៃបណ្តឹងផ្សេងទៀត ។
  • ប្រព្រឹត្តដោយអ្នករាជការសាធារណៈនៅក្នុងក្របខ័ណ្ឌនៃមុខងារ ឬ នៅក្នុងពេលបំពេញមុខងាររបស់ខ្លួន ។
  • ប្រព្រឹត្តដោយសហព័ទ្ធ (ប្តី ឬ ប្រពន្ធតាមច្បាប់) ឬដោយអនីតិសង្វាសជន (ជនដែលរស់នៅជាមួយគ្នាដូចប្តី-ប្រពន្ធតែមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍) របស់ជនរងគ្រោះ។

៣-២៖ អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ កាលបើអំពើនេះនាំឲ្យមានការកាត់អវយវៈ ឬ ឲ្យមានពិការភាពជាអចិន្រ្តៃយ៍ដល់ជនរងគ្រោះ (មាត្រា២២៣) ។

៣-៣. អំពើហិង្សាដោយចេតនា ត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៧ (ប្រាំពីរ) ឆ្នាំ ទៅ ១៥ (ដប់ប្រាំ) ឆ្នាំ កាលបើអំពើនេះបណ្ដាលឲ្យជនរងគ្រោះស្លាប់ ដោយគ្មានចេតនាសម្លាប់ (មាត្រា២២៤) ។

៤៖ បទហិង្សាស្រាល (បទលហុ)៖ អំពើប្រព្រឹត្តទៅលើអ្នកដទៃនូវហិង្សាស្រាល ដែលមិននាំឲ្យមានរបួសនោះ ត្រូវផ្តន្ទាទោសពិន័យជាប្រាក់ពី ៥,០០០ (ប្រាំពាន់) រៀល ទៅ ១០០,០០០ (មួយសែន) រៀល (មាត្រា២២៨) ។

សរុបមកបទហិង្សាដោយចេតនាក្នុងក្រមព្រហ្មទណ្ឌឆ្នាំ ២០០៩ បញ្ញត្តយ៉ាងច្បាស់លាស់ អំពីគោលការណ៍ដើម្បីធានាប្រសិទ្ធិភាព កំណត់ការផ្តន្ទាទោស ទោសពិន័យ ពីអំពើដែលជនល្មើសបានប្រព្រឹត្តទៅលើអ្នកដទៃ ក៏ដូចជាបង្កចលាចលដល់សង្គម ធ្វើឱ្យខូចសណ្តាប់ធ្នាប់សាធារណៈ។

ចំពោះករណីមួយទៀត ដែលប្រិយមិត្តមិនអាចទប់កំហឹងបាន ហើយឈានទៅការចងគំនុំ ហើយប្រព្រឹត្តអំពើឃាតកម្មផ្សេងៗនោះ ក៏ធ្វើឱ្យអនាគតបាត់បង់ដែរ ព្រោះតែការសម្រេចចិត្តខុសមួយពេល ហើយឈានទៅបង្កើតបទល្មើសឃាតកម្ម។

បើយោងតាមវចនានុក្រមរបស់សម្តេចសង្ឈ ជួន ណាត បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់ ឬអំពើបៀតបៀន រីឯសទ្ទានុក្រមពាក្យច្បាប់ ក៏បានឲ្យនិយមន័យពាក្យថា «ឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនាតាមគ្រប់មធ្យោបាយ ទោះដោយប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី។

Hands of the prisoner in jail

ចំពោះក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា មាត្រា១៩៩បានបញ្ញត្តិថា៖

«បទឃាតកម្ម» គឺជាអំពើសម្លាប់មនុស្សដោយចេតនា ដោយប្រើអាវុធ ឬមិនប្រើអាវុធ ដោយគ្មានស្ថានទម្ងន់ណាមួយដូចបានកំណត់ក្នុងមាត្រា២០០ (បទឃាតកម្មគិតទុកជាមុន) ដល់មាត្រា២០៥ (បទឃាតកម្មដោយមានទារុណកម្ម អំពើឃោរឃៅ ឬអំពើរំលោភសេពសន្ថវៈ)។ «បទឃាតកម្ម» ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១០(ដប់)ឆ្នាំ ដល់ ១៥(ដប់ប្រាំ)ឆ្នាំ។

«បទឃាតកម្ម» ជាបទល្មើសសកម្ម ដូចនេះការសម្លាប់មនុស្សត្រូវស្តែងឡើងតាមកាយវិការដែលបង្ហាញមកក្រៅ ដោយការប្រើអាវុធក្តី ឬមិនប្រើអាវុធក្តី និងមានចេតនាក្នុងការធ្វើសកម្មភាពសម្លាប់ ដែលធ្វើឲ្យជនរងគ្រោះស្លាប់បាត់បង់ជីវិតភ្លាមៗ។ ផ្ទុយទៅវិញ ប្រសិនបើការសម្លាប់មនុស្ស កើតចេញពីការរៀបចំគម្រោងសម្លាប់ ឬការសម្លាប់នោះមិនអាចធ្វើឲ្យជនរងគ្រោះស្លាប់ភ្លាមៗ ឬការសម្លាប់នោះកើតឡើងក្រៅឆន្ទៈរបស់ជនល្មើស ឬការសម្លាប់កើតឡើងដោយការធ្វើទារុណកម្មផ្សេងៗ ឬការសម្លាប់នោះពុំមែនមានចេតនាសម្លាប់ នោះមិនអាចចាត់ទុកថាជាបទឃាតកម្មនោះទេ ប៉ុន្តែនឹងត្រូវចាត់ទុកជាបទល្មើសផ្សេងដែលមានកំណត់នៅក្នុងក្រមព្រហ្មទណ្ឌ ឆ្នាំ២០០៩ នៃព្រះរាជាណាចក្រកម្ពុជា។

ដូច្នេះការគ្រប់គ្រងកំហឹងគឺមានសារៈសំខាន់ណាស់ កុំឱ្យយើងប្រព្រឹត្តអំពើមួយចំនួន នៅអំឡុងពេលនៃការសម្រេចចិត្តកំពុងតែខឹង ឬការចងគំនុំ នាំឲ្យអំពើនោះបង្កើតបានជាបទល្មើស ហើយធ្វើឱ្យខ្លួនឯងមានវិប្បដិសារី ក្រោយសកម្មភាព បានប្រព្រឹត្តខាងលើ ដែលមានចែងបទល្មើស តាមមាត្រានីមួយៗ៕

អត្ថបទ៖ មង្គល

Share.