សិល្បៈ​អន្តរជាតិ​៖ ​​ប្រហែល​ជា​អ្នក​គ្រប់​គ្នា​នៅ​មិន​ទាន់​ភ្លេច​នូវ​ឡើយ​ចំពោះ​ Project ​កុន​ខ្នាត​ធំ​បែប​ប្រវត្តិសាស្ត្រ​​«First They Kill My Father» របស់​កំពូល​​សម្ដែង​​​ហូលីវូដ​ Angelina Jolie ប៉ុន្តែ​តើ​អ្នក​មាន​ដឹង​ទេ​ថា​ Maddox កាល​ណោះគឺ​​ត្រឹម​តែ​ជា​សិស្ស​វិទ្យាល័យ​ម្នាក់​ប៉ុណ្ណោះ​ ហើយ​ត្រូវ​បាន​ម្ដាយ​ទុក​ចិត្ត​​ប្រគល់​តួនាទី​ជា​​ផលិតករ​ប្រតិបត្តិ​​ឱ្យ​កូន​ច្បង​រូប​នេះ​ទទួល​ខុស​ត្រូវ​។

យោង​តាម​ការ​បង្ហោះ​ដោយ​ The Hollywood Reporter ភាពយន្ត​ខ្នាត​ធំ​ដែល​ជា​ Project សម្រាប់ Netflix មួយ​នេះ​ត្រូវ​បាន​លោក​ស្រី​ប្រគល់​ឱ្យ​កូន​ប្រុស​ដែល​មាន​វ័យ​ត្រឹម​១៥​ឆ្នាំ​​ទទួល​ខុស​ត្រូវ​ការងារ​ធំ​ជួយ​ដល់​ខ្លួន​ ដោយ​លោក​ស្រី​យល់​ថា​កូន​ប្រុស​បណ្ដូល​ចិត្ត​មាន​ទំនាក់ទំនង​យ៉ាង​ស៊ីជម្រៅ​ជាមួយ​នឹង​សាច់​រឿង​នេះ​។

រំលឹកឡើង​វិញ​ «មុន​ដំបូង​ខ្មែរ​ក្រហម​សម្លាប់​ឪពុក​ខ្ញុំ​» ជា​ខ្សែភាពយន្ត​ដែល​បរិយាយ​រំលេច​ពី​គ្រួសារ​របស់​ Loung Ung ដែល​បាន​និយាយ​ពី​ការ​រស់រាន​មាន​ជីវិត​របស់​លោក​ស្រី​ក្នុង​របប​កុំ​មុយនីស្ត​​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​ជីវិត​ប្រជាពលរដ្ឋ​ខ្មែរ​ជាង​២​លាន​នាក់​ចន្លោះ​ឆ្នាំ​ ១៩៧៥-១៩៧៩។

Maddox កូន​ប្រុស​ច្បង​និង​ជា​កូន​ចិញ្ចឹម​របស់​ Jolie មាន​ស្រុក​កំណើត​នៅ​កម្ពុជា​ ដូច្នេះ​ហើយ​លោក​ស្រី​តែង​តែ​ធ្វើ​ដំណើរ​ទៅ​មក​អាមេរិក​កម្ពុជា​ ដែល​ធ្វើ​ឱ្យ​លោក​ស្រី​មាន​អនុស្សាវរីយ៍​ជាច្រើន​ជាមួយ​នឹង​កម្ពុជា​ហើយ​ចាត់​ទុក​ថា​ជា​ផ្ទះទីពីរ​របស់​ខ្លួន​។

ក្នុង​កំឡុង​ផលិត​ភាពយន្ត​នោះ​ដែរ​ កូន​ៗរបស់​លោក​ស្រី​ Jolie បាន​មក​ស្នាក់​នៅ​កម្ពុជា​ហើយ​ទាំង​លោក​ស្រី និង​ Director សុទ្ធតែ​លើក​ឡើង​ដូច​គ្នា​ថា​ក្មេង​ៗ​ស្និទ្ធស្នាល​នឹង​កុមារ​នៅ​កម្ពុជា​។ អ្វី​ដែល​មិនអាច​ប្រកែក​បាន​នោះ​គឺ​ Maddox ទទួល​បាន​កិត្តិយស​និង​តួ​នាទី​ជា​ផលិតករ​ប្រតិបត្តិ​នៅ​ក្នុង​ភាព​យន្ត​នេះ​គឺ​ដោយ​សារ​តែ​ការ​ផ្ដល់​ឱកាស​ពី​ម្ដាយ​របស់​គេ ប៉ុន្តែ​បើ​តាម​ការ​លើក​ឡើង​ពី​លោក​ស្រី កូនប្រុស​ច្បង​របស់​ខ្លួន​បាន​លះបង់​យ៉ាង​សម្បើម​ដើម្បី​ធ្វើ​ឱ្យ​ Project នេះ​ដំណើរ​ការ​ទៅ​ដោយ​រលូន​។ «គេ​គឺជា​អ្នក​ដែល​ចង់​ធ្វើ​ហើយ​គេ​និយាយ​ថា​គេ​បាន​ត្រៀម​ខ្លួន​ជា​ស្រេច​ ហើយ​គេ​ពិត​ជា​ចង់​ធ្វើ​លើ​កិច្ច​ការងារ​នេះ​ខ្លាំងណាស់​ ហើយ​គេ​ក៏​បាន​ធ្វើ​។ គេ​បាន​អាន​សេណារីយ៉ូ​ ហើយ​បាន​កត់​ចំណាំ​ចំណុច​ផ្សេងៗ​ ក៏​ដូច​ជា​ចូលរួម​ក្នុង​ការ​ប្រជុំ​​នៃ​ដំណើរ​ការ​ផលិត​ផងដែរ​»។

ថ្វី​ត្បិត​តែ​ Maddox បាន​ចូលរួម​ជួយ​ម្ដាយ​ក្នុង​ការ​ផលិតភាពយន្ត ប៉ុន្តែ​​នៅ​ពេល​ចូល​សិក្សា​មហាវិទ្យាល័យ​គេ​បែរ​ជា​មិន​ជ្រើសរើស​នូវ​ជំនាញផលិត​កុន​នោះ​ឡើយ តែ​គេ​បាន​ជ្រើសរើស​សិក្សា​ផ្នែក​ជីវ​គីមី​ នៅ​សកលវិទ្យាល័យ​របស់កូរ៉េ​ Yonsei ក្នុង​ទីក្រុង​សេអ៊ូល​​៕​

ប្រភព៖ zululion.com

Share.