អ្នកស្រី Pushpika De Silva ម្ចាស់ជ័យលាភីចំណាត់ថ្នាក់លេខមួយកម្មវិធីប្រលង «Mrs. Sri Lanka World» ដែលត្រូវគេកញ្ឆក់ដោះយកមកុដពីក្បាលក្នុងពេលប្រកាសលទ្ធផលទីបំផុតបានចេញមកបើកចិត្តពាក់ព័ន្ធនឹងករណីនេះក្រោយស្ងប់ស្ងាត់មួយរយៈ។
អ្នកស្រី Pushpika De Silva ដែលត្រូវបានអ្នកស្រី Caroline Jurie អតីតម្ចាស់ជ័យលាភីកាលពីឆ្នាំមុនគឺកញ្ឆក់ដោះយកមកុដពីក្បាលរហូតបណ្ដាលឱ្យលោកស្រីរបួសក្បាលនៅក្នុងថ្ងៃប្រកាសលទ្ធផលផ្ដាច់ព្រាត់ថ្ងៃទី៤ ខែ មេសា ឆ្នាំ២០២១កន្លងទៅ។

នៅក្នុងពេលដែលអ្នកស្រី De Silva ត្រូវបានប្រកាសជាប់ជាម្ចាស់ជយលាភីស្រាប់តែអ្នកស្រី Caroline Jurie ដែលជាម្ចាស់ជយលាភី Mrs. World ឆ្នាំមុនចូលមកលើវេទិកាហើយដោះយកមកុដចេញពីក្បាលអ្នកស្រី De Silva រួចប្រគល់មកុដជូនទៅបេក្ខនារីចំណាត់ថ្នាក់លេខ ២ វិញ។ អ្នកស្រី De Silva បានបកស្រាយចំពោះបញ្ហានេះតាមរយៈបណ្ដាញហ្វេសប៊ុកថា៖ «ខ្ញុំបានបែកផ្លូវគ្នាជាមួយនឹងស្វាមីខ្ញុំមែន តែយើងមិនទាន់បានលែងលះគ្នានៅឡើយទេ។» អ្នកស្រី De Silva ក៏បានឱ្យដឹងដែរថានៅពេលត្រូវបង្ខំកញ្ឆក់ដោះមកុដពីក្បាលធ្វើឱ្យអ្នកស្រីមានរបួសដូច្នេះអ្នកស្រីនឹងធ្វើការប្ដឹងចំពោះអំពើមួយនេះ «ទោះជាពេលនេះមកុដត្រូវបានដោះចេញពីក្បាលខ្ញុំមែន ប៉ុន្តែខ្ញុំសូមជំរាបថាខ្ញុំនឹងប្រើប្រាស់ផ្លូវច្បាប់ដើម្បីស្វែងរកយុត្តិធម៌ចំពោះទង្វើប្រមាថមើលងាយមកលើរូបខ្ញុំនៅលើទីសាធារណៈ»។

អង្គភាពរៀបចំការប្រកួត Mrs. World បានឆ្លើយតបជាមួយនឹងសារព័ត៌មាន BBC ដែរថាពេលនេះតំណែងត្រូវបានប្រគល់ជូនអ្នកស្រី De Silva វិញហើយមិនតែប៉ុណ្ណោះប្រធានគ្រប់គ្រង Mrs. Sri Lanka World លោក Chandimal Jayasinghe បានស្នើឱ្យ Mrs. World 2020 លោកស្រី Jurie ធ្វើការសុំទោសចំពោះទង្វើខ្លួនផងដែរ។
«ខ្ញុំមិនស្អប់អ្នកណាម្នាក់នោះទេ ហើយខ្ញុំក័បានអត់ឱនទោសឱ្យមនុស្សដែលបានធ្វើទង្វើមិនល្អមកលើខ្ញុំដែរ។ មិនមានអ្វីអាចឈ្នះបានដោយប្រើការស្អប់ខ្ពើមនោះទេ»
ប្រភព៖ E!online