ព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បាន​បិទបញ្ចប់​កាល​​ពី​ល្ងាច​ថ្ងៃទិ៨ ខែតុលា ឆ្នាំ២០២៣ ដោយ​ម្ចាស់​ផ្ទះ​ចិន ដណ្ដើម​បាន​មេដាយ​ច្រើន​ជាងគេ​សរុបចំនួន ៣៨៣គ្រឿង ក្នុង​នោះ​ប្រទេស​អាស៊ាន​ចំនួន ១០​ដណ្ដើម​បាន​មេដាយ ក្នុង​ចំណោម ៤៥ប្រទេស​ចូល​រួម។

ឯកឧត្តមវ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បាន​មាន​ប្រសាសន៍ថា៖ «មិត្តចិនបានបន្តជួយជ្រោមជ្រែងឧបត្ថម្ភគាំទ្រដល់កម្ពុជាលើផ្នែកហ្វឹកហាត់រយៈពេលវែង និងសម្ភារ ឧបករណ៍​កីឡា សម្រាប់ដំណើររបស់កម្ពុជាដែលកំពុងត្រៀមខ្លួនឆ្ពោះទៅទទួលធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍​កីឡាយុវជនអាស៊ី លើកទី៤ នាឆ្នាំ២០២៩ ខាងមុខ នៅរាជធានីភ្នំពេញ»។

កម្ពុជា ណ្ដើមបានមេដាយសំរឹទ្ធ ១គ្រឿង ដោយក្រុមកីឡាការិនីការ៉ាតេកម្ពុជា ដែលមានកីឡាការិនី ថាត់ ឆេងហ័ង, អូន ស្រីដា និង ពុទ្ធា ស្រីណុច លើ​វិញ្ញាសា​សម្ដែង​មេគុន​នារីជា​ក្រុម ក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន។ នេះគឺជាមេដាយតែមួយ ដែល​អត្តពលិកកម្ពុជា ដណ្ដើម​បាន​ក្នុង​ព្រឹត្តិការណ៍​កីឡា​អាស៊ី​ឆ្នាំនេះ។

ក្រោយ​បញ្ចប់​ព្រឹត្តិការណ៍ប្រកួត កីឡាកម្រិតទ្វីបអាស៊ី ឯកឧត្តមវ៉ាត់ ចំរើន បាន​មើល​ឃើញ​ពី​សត្ថ​ភាព​អត្តពលិក​កម្ពុជា​ថា​៖ «បើ​និយាយ​ពី​កម្រិតបច្ចេកទេសពីស៊ីហ្គេម ទៅកីឡាអាស៊ី យើង​បាន​ហក់​ដល់​កម្រិតបច្ចេកទេស នៃការប្រកួតប្រជែងជាមួយគេ ដូចជាកីឡាអត្តពលកម្ម និងហែលទឹក ពួក​គាត់​បាន​បំបែក​កំណត់ត្រាជាតិពីមុនៗខ្លាំង ហើយគាត់មានទេពកោសល្យ ដែល​យើង​អាច​ជំរុញ​គាត់​បន្ថែម ដើម្បីឈានដល់មេដាយនាពេលឆាប់ៗខាងមុខ។ នេះគឺជាចំណុចល្អរបស់យើង ដែល​គាត់​រីក​ចម្រើន​ផ្នែកបច្ចេកទេស និងមានការប្រកួតប្រជែងស្វិតស្វាញល្អមើលជាងមុនៗ»។

សរុបមេដាយ ប្រទេសតំបន់អាស៊ានក្នុងព្រឹត្តិការណ៍ Asian Games លើកទី១៩ នៅទីក្រុង Hangzhou ប្រទេសចិន៖

គួរបញ្ជាក់ថា ព្រឹត្តិការណ៍កីឡា Asian Games 2022 នៅទីក្រុង Hangzhou ប្រទេសចិន បាន​ប្រារព្ធ​ពិធីបើក​ជាផ្លូវ​ កាល​ពី​រាត្រី​ថ្ងៃទី២៣ កញ្ញា ដោយ​មាន​វត្តមាន ៤៥ប្រទេស ក្នុងទ្វីប​អាស៊ី​ចូលរួមក្នុង​ព្រឹត្តិ​ការណ៍​មួយនេះ។ សម្រាប់កម្ពុជាបានបញ្ជូនប្រតិភូកីឡាសរុប ១៨៩នាក់ ក្នុងនោះអត្ដពលិក​ចំនួន ១១៤នាក់ មាន ១៧ប្រភេទកីឡា៕

ប្រភព៖​ NOCC

Share.