បាត់ដំបង÷ នគរបាលបាននាំខ្លួនក្រុមក្មេងទំនើងដើរលេងយប់ចំនួន៣នាក់ អនុវត្តច្បាប់ក្រោយយកកាំភ្លើងខ្លីប្រើហ្គាសបាញ់គ្រាប់កង់ដែកលើភាគីទំនាស់បណ្តាលឲ្យរងរបួសកាលពីរំលងអធ្រាត្រថ្ងៃទី០៩ ឈានចូលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣ ត្រង់ចំណុចមាត់ស្ទឹងសង្កែ ស្ថិតក្នុងភូមិរតនៈ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង។

តាមសមត្ថកិច្ចបានឱ្យដឹងថា នៅយប់កើតហេតុបន្ទាប់ពីជួបជាមួយភាគីធ្លាប់មានទំនាស់ជាមួយគ្នាកន្លងមក ក្រុមជនបង្ក បានតាមស្ទាក់ និងយកកាំភ្លើងខ្លី បាញ់គ្រាប់កង់បាញ់ចំនួន៣គ្រាប់លើភាគីម្ខាងទៀតបណ្តាលឲ្យរងរបួស។

ក្រុមជនបង្កបទាំង៣នាក់ ទី១. ឈ្មោះ យ៉េន ចនណាតុន ភេទប្រុស, ទី២. ឈ្មោះសុខ ផានិត ភេទប្រុស,ទី៣ ឈ្មោះ រី រូហ្សា ភេទប្រុស ទាំងបីនាក់មានទីលំនៅក្នុងក្រុងបាត់ដំបង ខេត្តបាត់ដំបង។ ចំពោះវត្ថុតាងដែលដកហូតរួមមាន: កាំភ្លើងខ្លីម៉ាក PIETRO BERETTA ប្រើហ្គាសមួយដើម គ្រាប់មួយកំប៉ុងមានគ្រាប់ឃ្លីដែកចំនួន០៨ គ្រាប់ រួមទាំងម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២៣ មួយគ្រឿងពាក់ស្លាកលេខបាត់ដំបង ១AS-៧៨៤០។

បច្ចុប្បន្នកម្លាំងការិយាល័យជំនាញកំពុងធ្វើការកសាងសំណុំរឿង ដើម្បីបញ្ជូនទៅសាលាដំបូងខេត្តអនុវត្តតាមនីតិវិធី៕

អត្ថបទ៖ ដំបងក្រញូង

Share.