បន្ទាប់ពីបានរួមចំណែកជាមួយ​វិស័យ​បាល់​ទាត់កម្ពុជា អស់​រយ:ពេល​ជា​ច្រើន​ឆ្នាំ​រួច​មក​ពេល​នេះ​កីឡាករ​បរទេស ២រូប​បាន​ទទួល​សញ្ជាត់​ខ្មែរជាផ្លូវ​ការ​ គឺ​ទី១ កីឡាករ Yudai Ogawa មាន​ដើម​កំណើត​ជប៉ុន និង កីឡាករ Privat Mbarga មាន​ដើមកំណើតកាមេរូន។

នៅ​ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៣នេះ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាសផ្ដល់សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​កីឡាករ Yudai Ogawa ព្រមទាំងចូលរួមជាមួយក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ផងដែរ។

ប្រវត្តិត្រួសៗរបស់ខ្សែការពារកណ្ដាល Yudai Ogawa ក្នុងអាជីពជាកីឡាករបាល់ទាត់៖

​ចាប់ផ្តើមលេងបាល់ទាត់អាជីពក្នុងឆ្នាំ២០១៥ ជាមួយក្រុម Gifu FC នៅ​លីគ​ទី២ ​នៃ​ប្រទេស​ជប៉ុន បង្ហាញ​ខ្លួន​បាន ៤លើក។ នៅឆ្នាំ២០១៧ រូបគេបានលេងនៅលីគទី ៤ប្រទេសប៉ូឡូញជាមួយក្រុម Widzew Łódź បង្ហាញ​ខ្លួន​បាន ៣លើក។

ដល់ឆ្នាំ២០១៨ Yudai បានមកចូលរួមជាមួយក្រុមក្រសួងការពារជាតិ (បច្ចុប្បន្នកងយោធព​លខេមរភូមិន្ទ) នៃលីគកំពូលកម្ពុជា បង្ហាញ​ខ្លួន​បាន ១៨លើក រកបាន ១០គ្រាប់។

ខណ:ឆ្នាំ២០១៩/២០ ខ្សែប​ម្រើក​ណ្តាល​រូប​នេះ​បាន​ចូលរួម​ជា​មួយ​ក្លិប​​អង្គរ​ថាយហ្គឺរ​ដែល​មាន​មូល​ដ្ឋាន​នៅ​ទឹកដីខេត្តសៀមរាប បង្ហាញ​ខ្លួនបាន ១៤លើក រកបាន ២គ្រាប់។ ក្នុងឆ្នាំ២០២១ បាន​ផ្ទេរ​មក​កាន់ភ្នំពេញក្រោន បង្ហាញ​ខ្លួន​បាន ៤០លើក រកបាន ១០គ្រាប់ ព្រមទាំង​ជួយ​ឲ្យក្លិប​ឈ្នះ​ជើងឯក លីគ​កំពូលកម្ពុជា ២ឆ្នាំជាប់គ្នា។

សមាជីក​ភ្នំពេញ​ក្រោន និង​ក្រុម​ជម្រើសជាតិ​កម្ពុជា រូប​នេះ កើតនៅ​ថ្ងៃទី៤ ខែតុលា ឆ្នាំ១៩៩៦ បច្ចុប្បន្ន​មាន​វ័យ ២៧ឆ្នាំ មាន​កម្ពស់ ១,៧៤ម៉ែត្រ រូបគេ​កើត​នៅ​ក្នុង​ខេត្ត Kanagawa គឺជា​ខេត្ត​មួយ​របស់​ប្រទេសជប៉ុន ដែល​មាន​ទីតាំង​នៅតំបន់ Kantō នៃទីក្រុង Honshu ប្រទេសជប៉ុន។

នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣​ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បាន​ប្រកាស​ពី​ការ​ផ្ដល់​សញ្ជាតិខ្មែរ ជា​ផ្លូវ​ការ​ដល់​ខ្សែប្រយុទ្ធ Privat Mbarga មានដើមកំណើត​​កាមេរូន អតីត​សមាជិក​របស់​ក្លិប​បាល់​ទាត់​​ព្រះ​ខ័នរាជស្វាយ​រៀង​នេះក្លាយជាកីឡាករចូល​សញ្ជាតិទីពីររបស់កម្ពុជា បន្ទាប់​ពី​កីឡាករ​ដើម​កំនើត​ជប៉ុន Yudai Ogawa ដើម្បី​ត្រៀម​ជួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា ប្រកួត​ជាមួយប៉ាគីស្ថាន ជម្រុះ​បាល់​ទាត់​ពិភព​លោក​២០២៦។

ប្រវត្តិត្រួសៗរបស់ខ្សែការពារកណ្ដាល Privat Mbarga ក្នុងអាជីពជាកីឡាករបាល់ទាត់៖

ខ្សែប្រយុទ្ធដើមកំណើតម៉េរូន បានមកដល់កម្ពុជាដំបូងនៅឆ្នាំ២០១៣ ដោយ​ចូលរួម​ជាមួយ​បឹង​កេត មុន​នឹងផ្ទេរទៅកាន់ វេស្ទើន នៅឆ្នាំ២០១៤ ដល់ឆ្នាំ២០១៥ ហើយជើងទី២ បានផ្ទេរទៅអង្គរថាយហ្គឺរ ដោយ​បាន​បង្ហាញ​ខ្លួនចំនួន ២២លើក រកបាន ១៩គ្រាប់។

នៅ​ចុង​ឆ្នាំ២០១៦ បាន​ផ្ទេរ​ទៅ​ចូល​រួម​ជា​មួយ​ណាហ្គាវើលដ៍ មុន​នឹងទៅលេងនៅលីគកំពូលថៃ ជាមួយក្លិបSamut Prakan ដោយត្រលប់មក កម្ពុជា វិញនៅឆ្នាំ ២០១៨ ដល់​ឆ្នាំ២០១៩ ជាមួយ​អាស៊ីអឺរ៉ុប (AEU) បង្ហាញ​ខ្លួន​បាន ២២លើក រកបាន ២៧គ្រាប់។

ខណ:នៅចុង​​ឆ្នាំ២០១៩ បាន​ចូលរួមជាមួយព្រះខ័នរាជស្វាយរៀង បង្ហាញ​ខ្លួន​នៅ​លើទីលានបាន​ចំនួន ៦២លើក រកបាន ៧៣គ្រាប់។ ចំណាយ​ពេលជាមួយព្រះខ័នរាជស្វាយរៀង ​អស់​រយ:​ពេល​ជិត ៣ឆ្នាំ និងបានជួយឲ្យក្លិបឈ្នះ​ជើងឯកក្របខណ្ឌកំពូលកម្ពុជា នៅ​ឆ្នាំ២០១៩ ផងដែរ។

មុន​បង្ហាញ​វត្តមាន​ជា​សមាជិក​ក្រុម​ជម្រើសជាតិកម្ពុជា ខ្សែប្រយុទ្ធ Privat បច្ចុប្បន្នកំពុង​ប្រកប​អជីព​ក្នុង​ក្លិបបាល់ទាត់ Bali United Fc សមាជិក​លីគ​កំពូលឥណ្ឌូនេស៊ី ដោយ​បាន​បង្ហាញ​ខ្លួនចំនួន ៦៦លើក រកបាន ២២គ្រាប់។

ខ្សែ​ប្រយុទ្ធដើមកំណើតកាមេរូន និង​ជា​កីឡាករ​ចូល​សញ្ជាតិ​ទី២ របស់​កម្ពុជារូប​នេះ​ មាន​ឈ្មោះ​ពេញ Jean Marie Privat Befolo Mbarga មាន​កម្ពស់ ១,៦៨ម៉ែត្រ កើត​នៅ​ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៩២ នៅ​ក្នុង​ទីក្រុង Douala ប្រទេស​កាមេរ៉ូន បច្ចុប្បន្ន​មាវ័យ ៣១ឆ្នាំ។

គួរបញ្ជាក់ថា សម្រាប់​ការ​ផ្ដល់​សញ្ជាតិ​ដល់​កីឡាករ​ទាំង ២រូប​នេះ គឺសម្រាប់ជួយ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ក្នុង​ការ​ប្រកួត​ផ្សេងៗ ក៏ដូច​ជា​ត្រៀមសម្រាប់​ប្រកួត​ជម្រុះ ពានរង្វាន់​បាល់ទាត់ពិភពលោក FIFA World Cup 2026 ក្រោម​ការ​ដឹក​នាំ​របស់​គ្រូបង្វឹកលោក Félix Dalmás សញ្ជាតិអាហ្សង់ទីន៕

Share.