សិល្បៈ​អន្តរជាតិ​៖ កំពូល​​ហូលីវីដ​ Angelina Jolie ​សម្ដែង​ភាពយន្ត​ខ្នាត​ធំ​ថ្មី​ ដោយ​រឿង​នេះ​លោក​ស្រី​នឹង​សម្ដែង​ជា​តួអង្គ​ជា​​តារា​ចម្រៀង​អូបេរ៉ា​ Miria Callas ​តារា​ចម្រៀង​ Soprano ដ៏​ល្បី​ល្បាញ​ជនជាតិ​ដើម​ក្រិច​សញ្ជាតិ​អាមេរិក។

ភាពយន្ត​ដែល​នឹង​ឆ្លុះ​បញ្ចាំង​ពី​ជីវប្រវត្តិ​ក៏​ដូច​ជា​ខ្សែ​ជីវិត​របស់​តារា​ចម្រៀង​ Maria Callas មុន​នឹង​គាំង​បេះដូង​ស្លាប់​ក្នុង​វ័យ​៥៣​ឆ្នាំ​ នា​គេហដ្ឋាន​ ​ក្នុង​ទីក្រុង​ប៉ារីស​ប្រទេស​បារាំង​​កាល​ពី​ថ្ងៃ​ទី​១៦ កញ្ញា ឆ្នាំ​១៩៧៧។

​អ្នក​ម្ដាយ​កូន៦​រូប​នេះ​បាន​ប្រាប់​កាសែត​ Dailymail ថា ​«ខ្ញុំ​ទទួល​សម្ដែង​រឿង​នេះ​ដោយ​យក​ចិត្ត​ទុក​ដាក់​ ហើយ​ខ្ញុំ​ព្យាយាម​យ៉ាង​ខ្លាំង​ដើម្បី​ប្រឈម​នឹង​បញ្ហា​ផ្សេង​ៗ​នៅ​ក្នុង​ការ​សម្ដែង​។ អ្នក​ដឹកនា​ Pablo Larrain គឺជា​បុគ្គល​មួយ​រូប​ដែល​ខ្ញុំ​គោរព​។ ដូច្នេះ​មាន​ឱកាស​បាន​ដើរ​តួ​អង្គ​ដែល​បរិយាយ​ពី​ខ្សែ​ជីវិត​របស់​ Maria ​តាម​រយៈ​ការ​ដឹកនាំ​របស់​លោក​ Pablo ថែម​ទាំង​សរសេរ​សេណារីយ៉ូ​រឿង​ដោយ​លោក​ Steven Knight គឺជា​អ្វី​ដែល​ខ្ញុំ​សុបិន​»

ចំណែក​លោក​ Pablo Larrain បាន​ប្រាប់​សារ​ព័ត៌មាន​ Deadline ដែរ​ថា​៖ «ខ្ញុំ​ពិត​ជា​រំភើប​ឥតឧបមា​ដែល​បាន​ចាប់​ផ្ដើម​ផលិត​រឿង​ Maria ខ្ញុំ​សង្ឃឹម​ថា​នឹង​អាច​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​និង​អាជីព​សិល្បៈ​របស់​ Maria Callas ឱ្យ​អ្នក​ទស្សនា​ទូទាំង​ពិភពលោក​បាន​ជ្រាប។​ អរគុណ​ចំពោះ​ការ​និពន្ធ​សេណារីយ៉ូ​ដ៏​អស្ចារ្យ​របស់​ steven Knight ការ​ខិតខំ​ប្រឹង​ប្រែង​របស់​ក្រុម​ការងារ​ទាំង​អស់​ ទាំង​តារា​សម្ដែង​និង​ក្រុម​ផលិត​»​

ភាពយន្ត​ខ្នាត​ធំ​ដែល​នឹង​លាតត្រដាង​ពី​ប្រវត្តិ​ជីវិត​របស់​បុគ្គល​ល្បី​មួយ​រូប​កាល​ពី​​ជិត​៥០​ឆ្នាំ​មុន​នេះ​បាន​ចំណាយ​ពេល​ថត​ជាង​៨​សប្ដាហ៍​នៅ​ក្នុង​ក្រុង​ប៉ារីស ​ប្រទសក្រិក​​​ ប៊ុយដាប៉ែស ​(ប្រទេស​ហុង​គ្រី)​​ និង​ មីឡាន (ប្រទេស​អ៊ីតាលី)​​​។

គួរ​ដឹង​ថា​ភាពយន្ត​ខ្នាត​ធំ​បែប​ជីវប្រវត្តិ​ជា​ប្រវត្តិសាស្ត្រ​នេះ​ក្រៅ​ពី​លោក​ស្រី​ Angelina Jolie ដែល​ជា​តួអង្គ​ឯក​ហើយ​ក៏​មាន​តារា​សម្ដែង​ល្បី​ៗ​ជា​ច្រើន​ទៀត​ដូច​ជា​៖ ​Pierfrancesco Favino​, Alba Rohrwacher, Haluk Bilginer, Kodi Smit-McPhee ​និង​ Valeria Golino៕

ប្រភព៖ telegraph.co.uk

Share.