សមាជិករបស់ភ្នំពេញក្រោន គឺកីឡាករ Soe Moe Kyaw និងជាខ្សែការពាររបស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ារកបាន១គ្រាប់ឱ្យក្រុមជម្រើសជាតិរបស់ខ្លួនឈ្នះម៉ាកាវ ដោយលទ្ធផល ៥-១ ក្នុងការប្រកួតវគ្គជម្រុះពានរង្វាន់បាល់ទាត់ពិភពលោក FIFA World Cup 2026 កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០២៣ កន្លងទៅ។

ការប្រកួតរវាងក្រុមទាំងពីរកាត់ក្តីដោយលោក Pranjal Banerjee អាជ្ញាកណ្តាលជនជាតិឥណ្ឌា ខណៈដែលការប្រកួតបានរៀបចំឡើងនៅក្នុងកីឡដ្ឋាន Thuwunna Stadium ស្ថិតក្នុងទីក្រុងយ៉ាំងហ្គោន ប្រទេសមីយ៉ាន់ម៉ា។

៥គ្រាប់របស់ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា រកបានដោយកីឡាករ Lwin Moe Aung រកបាន២គ្រាប់នៅនាទី៣៩ និង៩០+៥ កីឡាករ Soe Moe Kyaw រកបាន១គ្រាប់នៅនាទី៦២ កីឡាករ Aung Kaung Mann រកបាន១គ្រាប់នៅនាទី៨១ និងចុងក្រោយកីឡាករ Nay Moe Naing រកបាន១គ្រាប់នៅនាទី៩+១ ខណៈ១គ្រាប់របស់ម៉ាកែវ រកបានដោយកីឡាករ Torrão នៅនាទី៥៥​ ។

សូមបញ្ជាក់ដែរថា ក្រុមជម្រើសជាតិមីយ៉ាន់ម៉ា នឹងត្រូវហោះទៅទឹកដីកោះម៉ាកាវ ដើម្បីប្រកួតជើងទី២ នៅថ្ងៃទី១៧​ ខែតុលា ឆ្នាំ២០២៣ ខាងមុខ ស្របពេលដែលការប្រកួតរបស់ក្រុមទាំងពីរ នឹងប៉ះគ្នានៅក្នុងកីឡដ្ឋាន Macau Olympic Complex ស្តិតលើកោះម៉ាកាវ។

គួរឱ្យដឹងថា កីឡាករ Soe Moe Kyaw ជាសមាជិករបស់ក្រុមភ្នំពេញក្រោន ដែលជាក្លិបសមាជិកនៃពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League បច្ចុប្បន្នមានវ័យ ២៤ឆ្នាំ ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍នោះគឺរូបគេតែងតែបង្ហាញខ្លួនជារើយៗ ឱ្យក្រុមភ្នំពេញក្រោន ជាពិសេសប្រកួតក្នុងពានរង្វាន់កម្រឹតទ្វីប AFC Cup វគ្គជម្រុះក្នុងពូល ថែមទៀតផង៕

Share.